អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកជិត ៣ភាគ៤ និយាយថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកកំពុងស្ថិតក្រោមការគំរាមកំហែង ក្រោយពីក្រុមបាតុករវាយលុកចូលក្នុងវិមានសភាជាតិ (US Capitol)។ នេះបើយោងតាមស្ទង់មតិថ្មីមួយរបស់សាកលវិទ្យាល័យ Quinnipiac University។
ការស្ទង់មតិថ្នាក់ជាតិលើអ្នកដែលបានចុះឈ្មោះបោះឆ្នោតអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទបានបង្ហាញថា អ្នកបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ ៧៧% និងអ្នកបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ ៧៦% ជឿថា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្រោមការវាយប្រហារ។ ហើយអ្នកប្រកាន់ជំហរឯករាជ្យចំនួន ៧០% ក៏ជឿដូច្នេះដែរ។
អ្នកបោះឆ្នោតអាមេរិក ៥៦% បាននិយាយថា ពួកគេឱ្យលោកប្រធានាធិបតី Donald Trump ទទួលខុសត្រូវចំពោះការវាយលុកចូលក្នុងវិមានសភាកាលពីសប្ដាហ៍មុននេះ ស្របពេលដែល ៤២% ទៀតថា មិនមែនជាការទទួលខុសត្រូវរបស់លោក Trump ទេ។
អ្នកបោះឆ្នោតភាគច្រើន ៥២% ទល់ ៤៥% បាននិយាយថា លោក Trump គួរតែត្រូវបានគេដកតំណែង មុនលោកបញ្ចប់អាណត្តិចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា។
ប៉ុន្តែនៅពេលរាប់តាមបក្ស អ្នកគាំទ្រគណបក្សសាធារណរដ្ឋ ៨៧% គិតថាលោក Trump មិនគួរត្រូវបានគេដកតំណែងទេ ស្របពេលដែល ៨៩% នៃអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យគាំទ្រការដកតំណែង។ អ្នកប្រកាន់ជំហរឯករាជ្យ ៥៥% គាំទ្រការដកតំណែង និង ៤៣% ប្រឆាំងការដកតំណែង។
ការស្ទង់មតិនេះបានស្ទង់មតិអ្នកដែលបានចុះឈ្មោះបោះឆ្នោតចំនួន ១.២៣៩ នាក់ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១៕