ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកបានដាក់សំពាធយ៉ាងខ្លាំងចំនួន២ដងទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីការជ្រៀតជ្រែករបស់រុស្ស៊ីទៅលើការបោះឆ្នោតរបស់អាមេរិកកាលពីឆ្នាំមុន ហើយឥឡូវនេះ គឺជាពេលដែលត្រូវបន្តឆ្ពោះទៅមុខនៅក្នុងការសហការបែបស្ថាបនាជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។
នៅក្នុងប្រអប់បញ្ចេញមតិមួយចំនួនលើបណ្តាញសង្គម Twitter បន្ទាប់ពីត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនពីកិច្ចប្រជុំកំពូលនៅទីក្រុង Hamburg ក្នុងប្រទេសអាល្លឺម៉ង់ លោក ត្រាំ បានគូសបញ្ជាក់ថា លោក Putin បានបដិសេធដាច់អហង្កការចំពោះតួនាទីរបស់រុស្ស៊ីនៅក្នុងការជ្រៀតជ្រែកលើការបោះឆ្នោតអាមេរិក ហើយថាលោកនិងមេដឹកនាំរុស្ស៊ីបាន«ពិភាក្សាគ្នាបង្កើតក្រុមការងារសន្តិសុខប្រព័ន្ធកុំព្យូទ័រឬជាភាសាអង់គ្លេសហៅថា Cyber Security ដ៏រឹងមាំ ដូច្នេះការជ្រៀតជ្រែកការបោះឆ្នោតនិងរឿងអាក្រក់ដទៃទៀត នឹងត្រូវបានការពារនិងមានសុវត្ថិភាព»។
តំណាងរាស្ត្រសំខាន់ៗខាងគណបក្សសាធារណរដ្ឋ យល់ថាគំនិតរបស់លោក ត្រាំ ក្នុងការសហការជាមួយនឹងរុស្ស៊ីទៅលើកិច្ចព្រមព្រៀងសន្តិសុខកុំព្យូទ័រគឺជារឿងគួរឲ្យអស់សំណើច។ លោក Lindsey Graham សមាជិកព្រឹទ្ធសភាបានថ្លែងក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា៖ «វាមិនមែនជាគំនិតដ៏ល្ងីល្ងើរបំផុតដែលខ្ញុំធ្លាប់ឭនោះទេ ប៉ុន្តែគំនិតនេះគឺជិតដូចអញ្ចឹងហើយ»។
លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងនៅក្នុងទីក្រុងកៀវថា ការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា នៅតែជាឧបសគ្គរារាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក Reince Priebus នាយខុទ្ទកាល័យសេតវិមាន បានថ្លែងទៅកាន់ទូរទស្សន៍ Fox News ថា លោក Trump «ពិតជាមិនជឿលើទាល់តែសោះ» លើការបដិសេធរបស់លោក Putin ទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់អាមេរិក៕