នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីស.រ.អា. Donald Trump បានជួបជាមួយលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នៅពេលដែលសន្និសីទកំពូលនៃក្រុមប្រទេស G-20 បញ្ចប់នៅក្នុងប្រទេសអាល្លឺម៉ង់។
នៅមុនពេលថ្ងៃរះនៅថ្ងៃសៅរ៍នេះ សកម្មជនដែលបានបង្ហាញការមិនសប្បាយចិត្តរបស់ពួកគេជាមួយសន្និសីទកំពូលនេះបានធ្វើកុបកម្មក្នុងយប់ទីពីរ។ប៉ូលិសក្រុង Hamburg បានចាប់ខ្លួនមនុស្សយ៉ាងតិចណាស់១៣នាក់ដែលបានចូលលុកក្នុងអាគារមួយ។
ការប្រជុំសន្និសីទកំពូលនេះនៅថ្ងៃសៅរ៍នេះបានផ្តោតការយកចិត្តទុកដាក់លើភាពដៃគូជាមួយទ្វីបអាហ្រ្វិក បញ្ហាចំណាកស្រុកនិងសុខភាព ការធ្វើឱ្យមានប្រព័ន្ធឌីជីថល ការផ្តល់អំណាចឱ្យក្រុមស្ត្រីនិងការមានការងារធ្វើ។
Trump ក៏បានជួបជាមួយពួកមេដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី សិង្ហបូរី ជប៉ុននិងប្រទេសចិនផងដែរ។
កាលពីថ្ងៃសុក្រ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson មានប្រសាសន៍ថាប្រធានាធិបតី Trump បានដាក់បញ្ហាចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្សីក្នុងការបោះឆ្នោតស.រ.អា.នៅលើគេបំផុតក្នុងរបៀបវារៈរបស់គាត់នៅពេលដែលមេដឹកនាំទាំងពីរនាក់នេះធ្វើការចរចាទល់មុខគ្នាជាលើកដំបូងនៅខាងក្រៅសន្និសីទកំពូលនេះ។
ជំនួបនេះហាក់ដូចជាមានភាពល្អប្រសើរជាងការរំពឹងទុកជាមុនដោយលោក Tillerson បានព៌ណនាអំពី «ភាពត្រូវរ៉ូវគ្នាជាវិជ្ជមានច្បាស់លាស់» មួយរវាងមេដឹកនាំទាំងពីរនាក់នេះ។ Trump បានព៌ណនាជំនួបជាមួយ Putiin ថា «ល្អអស្ចារ្យ»។
ជំនួបនេះជាព្រឹត្តិការណ៍ដែលគេរំពឹងចាំមើលខ្លាំងបំផុតនៅក្នុងសន្និសីទកំពូលនេះ។ជំនួបនេះមានកំណត់ធ្វើដំបូងតែ៣០នាទីទេ ក៏ប៉ុន្តែវាមានរយៈពេលរហូតដល់ជាង២ម៉ោងនិង១៥នាទី៕