ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​ប្រចាំ​ឆ្នាំ​លើក​ទី​បី​ស្ដី​ពី​ស្ថានភាព​ប្រទេស​ជាតិ​របស់​លោក​ត្រាំផ្ដោត​លើ​សមិទ្ធផល​ក្នុង​ស្រុក


ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក​ប្រធានាធិបតីដូណាល់ ត្រាំបាន​ចាប់​ផ្ដើម​ថ្លែងសុន្ទរកថា​ស្ដី​ពី​ស្ថានភាព​ប្រទេស​ជាតិ ដោយ​រំឭក​ឡើងវិញ​អំពី​ការ​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​របស់​លោក។ 

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបាន​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​លើក​ទី​បី​អំពី​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​ការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​សម្រេច​អំពី​ការ​ដក​លោក​ចេញ​ពី​តំណែង​បិទ​បញ្ចប់​។​

គេ​រំពឹង​ថា ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដែល​មាន​សមាជិក​ភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ​នឹង​បោះឆ្នោត​ឲ្យ​លោក​រួចខ្លួន​ពី​ការ​ចោទប្រកាន់​ដែល​ថា លោក​បាន​បំពាន​អំណាច​របស់​លោក​និង​បាន​រារាំង​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋសភា​ក្នុង​ការ​ស៊ើបអង្កេត​ទៅ​លើ​រូប​លោក។ នៅ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​ដែល​បាន​ប្រាប់​ដល់​សភា​សហរដ្ឋអាមេរិក​អំពី​គោលនយោបាយអាទិភាព​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ លោក ត្រាំ បាន​ផ្ដោត​សំខាន់​ទៅ​លើ​សមិទ្ធផល​ក្នុង​ស្រុក​របស់​លោក ដែល​មាន​គោលបំណង​អំពាវនាវ​ដល់​អ្នក​បោះឆ្នោត​ឲ្យ​បោះឆ្នោត​ឲ្យ​លោក​នៅ​អាណត្តិ​ថ្មី​ទៀត។

លោក​ប្រធានាធិបតីដូណាល់ ត្រាំបាន​ចាប់​ផ្ដើម​ថ្លែងសុន្ទរកថា​ស្ដី​ពី​ស្ថានភាព​ប្រទេស​ជាតិ ដោយ​រំឭក​ឡើងវិញ​អំពី​ការ​សន្យា​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦​របស់​លោក។

លោក​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «កាល​ពី​បី​ឆ្នាំ​មុន យើង​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​សន្យា​ថា នឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​អស្ចារ្យ​ជា​ថ្មី​ម្ដង​ទៀត។ យប់​នេះ ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា​ដើម្បី​ចែករំលែក​សមិទ្ធផល​ដ៏​អស្ចារ្យជាច្រើន‍»។ ​

នៅ​ក្នុង​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ ​ដែល​បាន​បោះឆ្នោត​សម្រេច​ចោទប្រកាន់​ដក​លោកត្រាំចេញ​ពី​តំណែង​កាល​ពី​ជិត​ពីរ​ខែ​មុន លោកត្រាំមិន​បាន​លើក​ឡើង​អំពី​ការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​សម្រេច​អំពី​ការ​ដកលោក​ចេញ​ពី​តំណែង​ទេ ប៉ុន្តែ​លោក​មិន​ព្រម​ចាប់​ដៃ​ស្វាគមន៍​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ទេ។ ​លោក​បាន​ផ្ដោត​ទៅ​លើ​កិច្ចខិតខំប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក។

លោកត្រាំបាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​មិន​កែប្រែ​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​បរាជ័យ​ក្នុង​រដ្ឋបាល​មុន​ទេ ពិភពលោក​នេះ​នឹង​មិន​អាច​ឃើញ​ជោគជ័យ​នៃ​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​សហរដ្ឋអាមេរិក​បាន​ទេ‍»។ ​

ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២០​នេះ លោក ត្រាំ ទទួល​បាន​ការ​គាំទ្រ​ល្អ​បំផុត​រហូត​ដល់​៤៩%។ សុន្ទរកថា​របស់​លោក​បាន​ផ្ដោត​ទៅ​លើ​គំនិតផ្ដួចផ្ដើម​គោលនយោបាយ​ក្នុង​ស្រុក ដែល​រួម​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធការ​ថែទាំ​សុខភាព និង​ការ​ធានា​ថា សហរដ្ឋអាមេរិក​នឹង​ដោះស្រាយ​វិបត្តិ​កូរ៉ូណាវីរុស។

លោកត្រាំមាន​ប្រសាសន៍​ថា៖ «យើង​កំពុង​តែ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទុះ​កូរ៉ូណាវីរុស​នៅ​ចិន។ ​រដ្ឋបាល​របស់​ខ្ញុំ​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​ពលរដ្ឋ​របស់​យើង​ពី​ការ​គំរាមកំហែង​នេះ‍»។

លោកត្រាំក៏​បាន​ថ្លែង​អំពី​គោលនយោបាយ​ការបរទេស​អាទិភាពសំខាន់ៗ​របស់​រដ្ឋបាល​លោក​មួយ​ចំនួន​ដែរ ដែល​រួម​មាន​ទាំង​ការ​អញ្ជើញ​ភ្ញៀវ​ពិសេស​ម្នាក់​មក​កាន់​សេតវិមាន គឺ​ប្រធានាធិបតី​ប្រទេស​ Venezuela លោក Juan Guaido។ លោកត្រាំបាន​លើកឡើង​ថា៖ «ពលរដ្ឋអាមេរិកាំង​ទាំងអស់​រួបរួម​គ្នា​ជាមួយ​នឹង​ពលរដ្ឋ Venezuela ដើម្បី​សេរីភាព‍! សង្គមនិយម​បំផ្លាញ​ប្រទេស​ជាតិ។ ប៉ុន្តែ​ត្រូវ​ចាំ​ជានិច្ច​ថា សេរីភាព​បង្រួបបង្រួម​ជាតិ»។

ការ​វាយប្រហារ​ដោយ​ដ្រូន​ក្នុង​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​កំពូល​របស់​អ៊ីរ៉ង់ លោក Qassem Suleimani ក៏​ត្រូវ​បាន​លើកឡើង​ផង​ដែរ ខណៈ​ដែល​លោកត្រាំបាន​ទទួល​ស្គាល់​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ហើយ​ជា​ថ្មី​ម្ដង​ទៀត​បាន​លើក​ឡើង​អំពី​ការ​ចូលរួម​លក្ខណៈ​ការទូត​។ ​

លោកត្រាំនិយាយ​ថា៖ «របប​អ៊ីរ៉ង់​ត្រូវ​តែ​បោះបង់​ចោលមហិច្ឆតា​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បញ្ឈប់​ការ​រាលដាល​អំពើ​ភេរវកម្ម ការ​សម្លាប់ និង​ការ​បំផ្លិចបំផ្លាញ ហើយ​និង​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ដើម្បី​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​របស់​ខ្លួន​វិញ»។

លោកត្រាំនិយាយ​ថា រដ្ឋបាល​របស់​លោក​បាន​រក​ឃើញ​ដំណោះស្រាយ​ថ្មី​មួយ​ដើម្បី​សន្ដិភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ លោក ត្រាំ ​ថ្លែង​ថា៖ «ដោយ​ទទួល​ស្គាល់​ថា​ រាល់​ការ​ព្យាយាម​កាល​ពី​មុន​ទាំងអស់​បាន​បរាជ័យ យើង​ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត​និង​មាន​គំនិត​ច្នៃប្រឌិត ដើម្បី​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ស្ថិរភាព និង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​យុវជន​រាប់​លាន​នាក់​ដើម្បី​អនាគត​ល្អ​ប្រសើរ​ជាង​មុន​របស់​ពួកគេ‍»។

លោកត្រាំបាន​លើកឡើង​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​បាន​លើកឡើង​ជាថ្មី​ម្ដងទៀត​អំពី​ការ​ដក​កង​កម្លាំង​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​ផ្ដល់​ឱកាស​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​មាន​សហប្រតិបត្តិការ​រវាង​គណបក្ស​នយោបាយ​ទាំងពីរ។

លោក Bill Sweeney នៃ​សាកលវិទ្យាល័យ American University ថ្លែង​ថា៖ «ដោយសារ​តែ​លោក​មិន​បាន​លើកឡើង​ពី​ការ​ចោទប្រកាន់​ដក​លោក​ចេញ​ពី​តំណែង​ប្រធានាធិបតី មិនមែន​មាន​ន័យ​ថា ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​សុន្ទរកថា​របស់​លោក​បាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត និង​ការ​ធុញទ្រាន់​របស់​លោក​នោះ​ទេ ហើយ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក៏​មាន​អារម្មណ៍​ដូចគ្នា​ដែរ។ អ្នក​មិន​បាន​ឃើញ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ទះដៃ​អបអរ​ចំណុច​មួយ​ចំនួន ដែល​អាច​ជា​ការ​រួបរួម​ជាតិ​នោះ​ទេ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ អ្នក​ក៏​មិន​បាន​ឃើញថា​មានការ​ផ្ដល់​ឱកាស​ដែល​អាច​ឲ្យ​ពួកគេ​ធ្វើ​ការ​រួម​គ្នា​ដែរ ដែល​នេះ​គឺ​ជា​អ្វី​ដែល​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​ប្រធានាធិបតី​គួរ​លើកឡើង‍»។

អ្នកស្រី Gretchen Whitmer អភិបាល​រដ្ឋ Michigan ដែល​ជា​រដ្ឋ​មួយ ដែល​អាច​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សម្រេច​ទៅ​លើ​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២០​នេះ បាន​ឆ្លើយតប​ក្នុង​នាម​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។
អ្នកស្រី Whitmer ​ថ្លែង​ថា៖ «ការ​រករឿង​មនុស្ស​លើ​បណ្ដាញ​សង្គម Twitter មិន​អាច​ជួយស្រោចស្រង់​បញ្ហា​បាន​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​អាក្រក់​ទៅ​វិញ​ទេ‍»។

ប៉ុន្តែ​ខណៈ​ដែល​លោកត្រាំបាន​បញ្ចប់​សុន្ទរកថា​របស់​លោកប្រធាន​រដ្ឋសភា អ្នកស្រី Pelosi ​បាន​ហែក​ក្រដាស​សុន្ទរកថា​របស់​លោក​ជា​ពីរ ដែល​នេះ​ជា​ការ​រំឭក​ថា សមរភូមិ​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ទៅ​លើ​ការ​ចោទប្រកាន់​ដក​លោក​ប្រធានាធិបតី​ពី​តំណែង​មិនមែន​ចប់​ដោយ​ងាយៗ​នោះ​ទេ៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG