ការជំនុំជម្រះទោសលោកប្រធានាធិបតីសរអា Donald Trump មកដល់ទីបញ្ចប់នៅថ្ងៃពុធនេះ ដោយមានការរំពឹងថា លោកនឹងត្រូវរកឃើញថា គ្មានទោសដូចបទចោទរបស់រដ្ឋសភា ដែលថាលោកបានរំលោភអំណាច និងរារាំងការស៊ើបអង្កេតរបស់សភានោះទេ។
សមាជិកព្រឹទ្ធសភាអាមេរិកនឹងធ្វើការបោះឆ្នោតនៅរសៀលថ្ងៃពុធនេះ ដែលជាទីបញ្ចប់នៃតួនាទីរបស់ខ្លួនជាគណៈវិនិច្ឆ័យអស់ពេល២សប្តាហ៍ ក្រោយពីរដ្ឋសភាបានធ្វើការចោទប្រកាន់លោក Trump ចំនួន២ករណី។
ដើម្បីដកលោក Trump ចេញពីតំណែងប្រធានាធិបតី សមាជិកព្រឹទ្ធសភាចំនួន ២ភាគ៣ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់១០០នាក់ ត្រូវបោះឆ្នោតថា លោកមានទោស។ ក៏ប៉ុន្តែគណបក្សសាធារណរដ្ឋរបស់លោក មានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា គឺ 53-47 ហើយគ្មានសមាជិកបក្សសាធារណរដ្ឋណាម្នាក់ ឲ្យដឹងជាសាធារណៈថាពួកគេនឹងបោះឆ្នោតប្រឆាំងនឹងលោក Trump នោះទេ។
ហើយក៏គ្មានសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យណាម្នាក់ ដែលថាខ្លួននឹងបោះឆ្នោតថាលោកត្រាំគ្មានទោសនោះដែរ។
លោកត្រាំមិនបាននិយាយអំពីរឿងជំនុំជម្រះទោសលោកទេនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកស្តីពីស្ថានភាពរបស់សហព័ន្ធកាលពីយប់ថ្ងៃអង្គារទេ។ ក៏ប៉ុន្តែលោកបានរិះគន់ដំណើរការនេះជាហូរហែរ ថាជាការធ្វើទុក្ខបុកម្នេញមួយ ហើយថា លោកមិនបានធ្វើអ្វីខុសទេ៕