លោក ណែម ឈឿង ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋចរចានឹងមើលឃើញដោយផ្ទាល់ភ្នែកជាលើកដំបូងនូវពិធីសម្ពោធចូលកាន់តំណែងប្រធានាធិបតីថ្មីនៅរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃសុក្រនេះ។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«នេះជាលើកទីមួយហើយដែលខ្ញុំនឹងចូលរួមផ្ទាល់ហើយជាកិត្តិយសមួយដែរដែលក្រុមផ្ទេរអំណាចរបស់លោកត្រាំមានការអញ្ជើញជាផ្លូវការដើម្បីទៅចូលរួមហើយសង្ឃឹមថាតំណែងប្រធានាធិបតីក្រោយៗទៀតយើងនឹងព្យាយាមផ្សព្វផ្សាយឱ្យសហគមន៍យើងដឹងក្នុងការទៅចូលរួមឱ្យមានមុខមានមាត់ស្មើគ្នានៅក្នុងសហគមន៍យើងនៅក្នុងសហរដ្ឋអាមេរិកនេះ»។
មហាសេដ្ឋីអចលនទ្រព្យដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋនឹងក្លាយប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកបន្ទាប់ពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានកាន់អំណាចចំនួនពីរអណត្តិដែលមានរយៈពេល៨ឆ្នាំ។
មានពលរដ្ឋខ្មែរអាមេរិកាំងជាច្រើននាក់ទៀតនឹងចូលរួមក្នុងក្រុមប្រតិភូជាមួយនឹងលោកណែម ឈឿង ដែលជាប្រធានសមាគមក្រុងខ្មែរនៅរដ្ឋចរចាដែរហើយសហគមន៍ខ្មែរក៏នឹងស្វែងរកវិធីដែលក្រុមការងារប្រធានាធិបតីថ្មីអាចធ្វើយ៉ាងណាដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកនិងនៅកម្ពុជាផងដែរ។
លោកណែម ឈឿងបានបន្ថែមថា៖
«នេះជាគោលបំណងសំខាន់ដែលយើងព្យាយាមស្កាត់ទៅជួបអ្នកដទៃទៀតមិនមែនតែចង់ជួបប្រធានាធិបតីត្រាំទេប៉ុន្តែអ្នកជាច្រើនទៀតដែលនៅក្រោមប្រធានាធិបតីត្រាំដែលលោកជាអ្នកសរសេរខ្ទង់ចំណាយចំណូល សរសេរគោលនយោបាយដែលធ្វើឱ្យយើងមានលទ្ធភាពទទួលផលប្រយោជន៍បាននៅពេលថ្ងៃក្រោយទៀត»។
លោកវីនី ឆាយពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋចរចានឹងចូលរួមជាលើកទីមួយក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនេះដែរ។ លោកថាលោកមានកិត្តិយសដែលអាចចូលរួមក្នុងពិធីនេះបាន។
លោកបានបញ្ជាក់ពីការសម្រេចចិត្តមកចូលរួមនៅលើកនេះថា៖
«ជាការធម្មតារឿងអីចឹងសំខាន់ណាស់។ ជួនកាលមនុស្សយើងមួយជីវិតមិនមានឱកាសអីចឹងទេម្ល៉ោះហើយខ្ញុំខាងគណបក្សសាធារណរដ្ឋគឺខ្ញុំអរណាស់បានលោកដូណាល់ត្រាំជាប់ដើម្បីឱ្យគាត់ធ្វើការផ្លាស់ប្តូរ»។
ការផ្លាស់ប្តូរដែលលោកវីនីឆាយរំពឹងទុកគឺខាងផ្នែកសេដ្ឋកិច្ច ដែលបង្កើតការងារ ពាណិជ្ជកម្ម ព្រោះលោកមិនចង់ឃើញការស្ថិតនៅស្ថានភាពដដែលៗទេ។
«ឥឡូវនេះការងារក៏អត់សូវមានធ្វើ សេដ្ឋកិច្ចក៏មិនសូវកើនឡើងម្ល៉ោះហើយជួនកាលយើងចង់ដូរដើម្បីដើរទៅមុខ ជួនកាលដើរថយក្រោយម្ល៉ោះហើយបើថាយើងមិនដូរទេយើងនៅតែមួយកន្លែងៗ ស្អីៗក៏អត់ដូរដែរ។ អត់ទៅរួចទេ»។
ប៉ុន្តែសម្រាប់លោកល័ក្ខ និស្ស័យដែលជាអ្នកគាំទ្រនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋម៉ាស្សាឈូសិតមិនដែលខកខានក្នុងការចូលរួមពិធីសម្ពោធចូលកាន់តំណែងនេះរាល់ពេលណាដែលមានប្រធានាធិបតីដែលមកពីគណបក្សរបស់លោកឈ្នះឆ្នោត។
«កម្មវិធីចឹងៗខ្ញុំទៅតែពេលណាដែលខាងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកហ្នឹងឡើងកាន់តំណែងទេបើខាងគណបក្សប្រជាធិបតេយ្យខ្ញុំអត់បានទៅទេព្រោះខ្ញុំមានទំនាក់ទំនងជាមួយនឹងគណបក្សសាធារណរដ្ឋច្រើនអីចឹងហើយបានខ្ញុំត្រូវអញ្ជើញឱ្យទៅចូលរួមហ្នឹង។ ខ្ញុំបានទៅតាំងពីជំនាន់ប៊ូសមកហើយក្រោយមកលោកដូណាល់ត្រាំនេះឯង»។
លោកជឿជាក់ថាលោកដូណាល់ត្រាំនឹងនាំឱ្យមានការផ្លាស់ប្តូរខាងផ្នែកសុខភាព ការងារធ្វើ សេដ្ឋកិច្ចនិងច្បាប់មួយចំនួនដែលធ្វើឱ្យពលរដ្ឋអាមេរិកាំងព្រួយបារម្ភក្នុងនោះមានដូចជាបញ្ហាអន្តោប្រវេសន៍។
«មតិជាច្រើនដែលតែងតែមានការព្រួយបារម្ភពីរឿងការធានារ៉ាប់រងសុខភាពដែលមានតម្លៃខ្ពស់អន្តោប្រវេសន៍ដែលចូលមកខុសច្បាប់ហើយអ្នកដែលនៅខុសច្បាប់ហើយប្រព្រឹត្តបទឧក្រិដ្ឋខ្លះនោះ។ ខ្ញុំជឿថាមានការផ្លាស់ប្តូរ អស់ហ្នឹងត្រូវតែមានប៉ុន្តែគ្រាន់តែថាសម្រែកអ្នកដែលចង់ផ្លាស់ប្តូរពេលហ្នឹងហើយលោកដូណាល់ត្រាំនឹងផ្លាស់ប្តូរ»។
អាជ្ញាធររំពឹងថាមានអ្នកចូលរួមចន្លោះពី៨០០.០០០ទៅ៩០០.០០០នាក់នៅក្នុងពិធីដែលមានការដើរដង្ហែរក្បួនយ៉ាងស្អាតមានរបៀបរៀបរយនិងការស្បថចូលកាន់តំណែងនេះ។
ពិធីស្បថចូលកាន់តំណែងលើកទីមួយរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាក្នុងឆ្នាំ២០០៩មានអ្នកចូលរួមប្រហែល១,៨លាននាក់។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងាររដ្ឋាភិបាលមូលដ្ឋាននិងសហព័ន្ធ៕