ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត ​ដូណាល់ ត្រាំ ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​ក្នុង​ពេល​ចូល​កាន់​តំណែង​ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ពិធី​នានា​ពាក់​ព័ន្ធ​នឹង​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ដូណាល់ ​ត្រាំ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មាន​រយៈ​ពេល​៣​ថ្ងៃ​ដោយ​បាន​ចាប់​ផ្តើម​នៅ​ពេល​រសៀលថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ​ត្រាំ​ និង​លោក​អនុ​ប្រធានា​ធិបតី​ជាប់​ឆ្នោត Mike Pence ​នឹង​ចូល​រួម​លើក​ដំបូង​នៅ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​ទី​លាន​បញ្ចុះ​សព​ជាតិ​ Arlington ​ដែល​នៅ​ទីនោះ​អតីត​យុទ្ធ​ជន​ជាង​៤​សែន​នាក់​ហើយ​និង​សមាជិកក្រុម​គ្រួសារ​របស់​ពួកគេ​បាន​បញ្ចុះ​នៅ​ទី​នោះ។

បន្ទាប់​មក លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ​ដូណាល់ ​ត្រាំ ​នឹង​ថ្លែង​នៅ​វិមាន​អនុស្សាវរីយ៍​ Lincoln។​ ពិធី​នោះ​នឹង​មាន​ការ​សម្តែង​តន្រ្តីរបស់​លោក Toby និង​ Lee Greenwood ​អ្នក​ចម្រៀង​ក្រុម Countryនិង​ក្រុម​តន្រ្តី Rock 3 Doors Down ​និង​ក្រុម​តន្រ្តី​ផ្សេង​ទៀត។

នៅ​ពិធី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ​ត្រាំ​ លោក​អនុ​ប្រធានា​ធិបតី​ជាប់​ឆ្នោត Pence ហើយ​និង​មន្រ្តី​ផ្សេងៗ​ទៀត​ត្រូវ​គេ​រំពឹង​នឹង​ចូល​រួម​ពិធី​ពិសា​អាហារ​ពេល​ល្ងាច​ដោយ​មាន​ការ​ដុត​ទៀន​ជាមួយ​ពួក​ម្ចាស់​អំណោយ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ Union Station ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ថ្ងៃ​សុក្រ​ស្អែក​នេះ​ជា​ថ្ងៃ​នៃ​ការ​ផ្ទេរ​អំណាច​នៅ​សេតវិមាន​ពី​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ាទៅ​លោក​ដូណាល់ ត្រាំ។

​លោក​ត្រាំ​ និង​ក្រុម​គ្រួសារ ​នឹង​ចូលរួម​ពិធី​សូត្រ​ធម៌​នៅ​ពេល​ព្រឹក​មុន​ពេល​អញ្ជើញ​ទៅ​កាន់​សេតវិមាន​ជាមួយ​លោក​ស្រី Melania ភរិយា​របស់​លោក​ដើម្បី​ទទួល​ទាន​ទឹក​តែ​ជាមួយ​លោក​ប៉ារ៉ាក់ ​អូបាម៉ា ​និង​លោក​ស្រី Michelle ភរិយា​របស់​លោក​បារ៉ាក់ ​អូបាម៉ា។​ តាមប្រពៃណី បន្ទាប់​មក លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង​ និង​ប្រធានាធិបតី​ចូល​កាន់​តំណែង ​នឹង​ជិះ​រថយន្ត​ជាមួយ​គ្នា​ពី​សេតវិមាន​នៅ​លើ​វិថី Pennsylvania ឆ្ពោះ​ទៅ​កាន់​វិមាន​រដ្ឋ​សភា Capitol ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី។

នៅ​វិមាន​រដ្ឋ​សភា Capitol លោក​ត្រាំ​ និង​លោក Pence នឹង​ធ្វើ​ការ​ស្បថ​ម្នាក់​ម្តងៗ​ដែល​ត្រូវ​បាន​អម​ដោយ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ និង​អតីត​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ដោយមាន​មនុស្ស​រាប់​ម៉ឺននាក់​មើល​ពី​ទីលាន National Mall៕

XS
SM
MD
LG