ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មាន​ទស្សនៈ​ផ្សេង​គ្នា​ចំពោះ​ការ​កាន់​តំណែង​​របស់​លោក​ Donald Trump


File: រូបភាព​ឯកសារ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៦ បង្ហាញ​​លោក Trump ធ្វើការ​បក់​ដៃ​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​នៅ​អំឡុងពេល​យុទ្ធនាការ​ ឃោសនា​​នៅ​ក្រុង​ Boca Raton រដ្ឋ Florida។
File: រូបភាព​ឯកសារ​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៦ បង្ហាញ​​លោក Trump ធ្វើការ​បក់​ដៃ​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​នៅ​អំឡុងពេល​យុទ្ធនាការ​ ឃោសនា​​នៅ​ក្រុង​ Boca Raton រដ្ឋ Florida។

អ្នក​វិភាគ​ឯករាជ្យ​របស់​កម្ពុជា​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​និង​តំបន់​អាស៊ី​ទាំងមូល​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​នេះ។

ទោះ​បី​ជា​មាន​មន្ទិល​លើភាព​ជា​មេដឹកនាំ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​គឺ​លោក ​ដូណាល់ ​ត្រាំ ​កម្ពុជា​នៅ​តែ​សង្ឃឹម​ថា​ អាមេរិក​នឹង​បន្ត​ទំនាក់ទាំនង​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​ផ្សេងៗ​ដូច​ជា​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ ​លទ្ធិប្រជាធិបតេយ្យ ​និង​សេដ្ឋកិច្ចជា​ដើម។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ប្រជាពលរដ្ឋ​អាមេរិកាំង ​បាន​បោះឆ្នោត​ឲ្យលោក​ ដូណាល់ ​ត្រាំ​ ​មហាសេដ្ឋី​អចលនទ្រព្យ​ ​ធ្វើជា​ប្រធានាធិបតី​ទី​៤៥របស់​អាមេរិក។​ ការ​ជាប់ឆ្នោត​របស់លោក​ ដូណាល់ ត្រាំ ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ នៅ​មិន​ស្ងៀម​ដោយ​សារ​ជំហរ​ទន់​ភ្លន់​របស់​លោក​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី និង​គោល​នយោបាយ​ក្រៅ​ប្រទេស​មិន​ច្បាស់លាស់​របស់​លោក​ដែល​ខុស​គ្នា​ខ្លាំង​ពី​គោលនយោបាយ​ក្រៅ​ប្រទេស​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​ គឺ​លោក​ បារ៉ាក់​ អូបាម៉ា។​

សារព័ត៌មាន​ធំៗ​របស់​សហរដ្ឋ​អាមេរិក ​ដូច​ជា​ The New York Times, The Washinting Post និង The Economist ជាដើម​ បាន​សរសេរ​រិះគន់​ខ្លាំងៗ​ ទៅ​លើ​គោល​នយោបាយ​ការ​បរទេសរបស់​លោក ដូណាល់​ ត្រាំ​ ក្នុង​នោះរួមមាន​ ​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជន​ចំណាក​ស្រុក​ពី​បណ្តា​ប្រទេស​ដែល​មាន​សង្គ្រាម​ គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ ​ប្រទេស​ម៉ិចស៊ិក​ និង​ការ​បញ្ជូន​ជន​អន្តោ​ប្រវេសន្ត៍​ខុស​ច្បាប់​រាប់​លាន​នាក់ចេញ​ពី​ទឹកដី​អាមេរិកជាដើម។​

ក្រៅ​ពី​នោះ​ តារា​សម្តែង​ អ្នក​ផលិតកម្ម​វិធី​កំប្លែង​ដែល​រិះគន់​អ្នក​នយោបាយ​ និង​អ្នកនយោបាយ​ដូច​ជា ​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា និង​ភរិយា​របស់​លោក ក៏​ដូច​ជា សមាជិក​ព្រឹទ្ធ​សភា​របស់​អាមេរិក​ ​លោក​ស្រី Elizabeth Warran បាន​រិះ​គន់​ លោក​ ដូណាល់​ ត្រាំ​ ចំពោះ​ការ​ប្រើពាក្យ​សម្ដី​ប្រមាថ​ចំពោះ​ស្ត្រី ការ​រើស​អើង​ពូជ​សាសន៍​ និង​ ​អាជីវកម្ម​ដ៏​ធំ​របស់​លោក​ដែល​នឹង​នាំ​ឲ្យ​មាន​ទំនាស់​ជាមួយនឹង​តួនាទី​ជា​ប្រធានា​ធិបតី​របស់​លោក។​

ថ្មី​ៗ​នេះ​លោក​ក៏​បាន​ទទួល​ការ​រិះគន់​ពី​មេដឹក​នាំ​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក​ដូច​ជា​អធិការបតី​របស់​អាល្លឺម៉ង់​លោក​ស្រី​ Angela Merkel ​ជា​ដើម។​

អ្នក​វិភាគ​ឯករាជ្យ​របស់​កម្ពុជា​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​និង​តំបន់​អាស៊ី​ទាំងមូល​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​នេះ។​

លោក​ អ៊ូ ​វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​យល់​ថា ​ការ​ចូល​កាន់​តំណែង​របស់​លោក​ដូណាល់​ត្រាំ​នឹង​ជា​ដំណាក់​កាល​សាក​ល្បង​នៃ​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​នឹង​ពិភពលោក។​

លោក​ អ៊ូ វីរៈ​ បាន​សរសេរ​នៅ​ក្នុង​សារ​ឆ្លើយ​ឆ្លង​តាម​បណ្តាញសង្គម​ជាមួយ​ VOA​ ថា​លោក​ ដូណាល់​ ត្រាំ គឺ​ជា​មនុស្ស​ឆាប់​ប្រែ​ប្រួល​ហើយ​មិន​មាន​គោល​នយោបាយ​អន្តរជាតិ​ច្បាស់​លាស់។ ​លោក​បាន​បន្ថែម​ថា ​ការ​កោត​សរសើរ​របស់​លោក ​ដូណាល់ ត្រាំ​ ចំពោះ​មេដឹកនាំ​ផ្តាច់ការ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​កំពុង​តែ​ធ្វើ​ឲ្យ​លោក​និង​សហរដ្ឋអាមេរិក​មិន​អាច​ដឹកនាំ​ពិភពលោក​បាន។​ លោក​ថា​ បណ្តាប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ដូច​ជា​សហភាព​ អឺរ៉ុប ប្រទេស​ ជប៉ុន​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ ដែល​រួម​មាន​ ​ប្រទេស​កម្ពុជា​ កំពុង​តែស្រពេច​ស្រពិល​ ចំពោះ​អនាគត​នៃ​ទំនាក់​ទំនង​ប្រទេស​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក។​

​លោក​បាន​សរសេរ​បន្ត​នៅ​ក្នុង​ន័យ​ដើម​ដូច្នេះ​ថា៖​ «ខ្ញុំ​គិត​ថា​ការ​ប្រឈម​នៃ​ការ​ប្រណាំង​ប្រជែង​ប្រដាប់​អាវុធ​នៅ​ក្នុង​ពិភពលោក​ឥឡូវ​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ពិតប្រាកដ​ចំពោះ​សុវត្ថិ​ភាព​តំបន់។​ ហើយ​រឿង​នេះ​ ដូច​គ្នា​ចំពោះ​ប្រទេស​កម្ពុជា​ដែរ»។

លោក​បាន​បន្ថែម​នៅ​ក្នុង​ន័យ​ដើម​ដូច្នេះ​ថា៖ «គ្រោះថ្នាក់​មួយទៀត​គឺ​ការ​ចាប់​ផ្តើម​នៃ​សង្គ្រាម​នយោបាយ​ត្រជាក់​ដែល​នឹង​អាច​កើត​ឡើង​ ដែល​ប្រទេស​តូចៗ​ដូច​ជា​ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​កូន​អុក​ម្តង​ទៀត។»

លោក​ ចាន់​ សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ប្រាប់​ VOA ​ថា​សហរដ្ឋ​អាមេរិក​ដែល​នឹង​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ អាច​នឹង​នាំ​ឲ្យ​មាន​ការ​តតាំង​ដោយ​កម្លាំង​យោធា។​

លោក​មាន​ប្រសាសន៍​ថា៖ «គណបក្ស​សាធារណរដ្ឋ​គឺ​ចូលចិត្ត​ប្រើ​កម្លាំង​អំណាច​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ ខ្ញុំ​ថា​ចរិត​របស់​ត្រាំ​ហើយ​ នឹង​របៀប​អនុវត្ត​នយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ​នឹង​ធ្វើ​ឲ្យ​ត្រាំ​ជា​អ្នក​ចូលចិត្ត​ធ្វើ​នយោបាយ ​នឹង​ធ្វើ​នយោបាយ​ប្រើ​អំណាច​កម្លាំង​បាយ​ច្រើន។​ ហើយ​យើង​មិន​ដឹង​ជា​លទ្ធផល​យ៉ាងណា​ទេ​ព្រោះ​អត្តចរិត​របស់​គាត់​នឹង​គឺ​មិន​ធ្លាប់​មាន​ក្នុង​ចំណោម​អ្នក​ដឹកនាំ​អាមេរិក​ពី​មុន​មក​បា៎»។

ទោះ​បី​ជា​មិន​មាន​ការ​ជឿជាក់​លើ​ការ​ដឹកនាំ​ និង​អត្តចរិត​ជា​មេដឹកនាំ​ប្រទេស​ដ៏​មាន​អំណាច​មួយ​នេះ​ក៏​ដោយ ​ក៏​លោក​ ចាន់ ​សុផល ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ សហរដ្ឋ​អាមេរិក​ក្រោម​ការដឹក​នាំ​ របស់​លោក ​ដូណាល់ ត្រាំ នឹង​អាច​ជួយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន។​

«យើង​សង្ឃឹម​ថា ​ដូណាល់ ត្រាំ​ នឹង​ជួយ​ពង្រឹង​តំបន់​នេះ​ឲ្យ​មាន​សេដ្ឋកិច្ច​លូតលាស់​ហើយ​នឹង​មាន​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស»។

លោក​ស្រី ​មូ ​សុខហួរ​ តំណាងរាស្ត្រ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ យល់​ថា​ ប្រទេស​អាមេរិកមាន​គោល​នយោបាយ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក។​ លោក​ស្រី​ក៏​សង្ឈឹម​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​គោល​នយោបាយ​នេះ។​

«សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​ទូទាំង​សាកលលោក​បាន​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​ដែល​ឈាន​មុខ​ជាង​គេ​នៅ​ក្នុង​ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ ​ការពារ​សិទ្ធិ​សេរីភាព​សិទ្ធិ​មនុស្ស​ដូច្នេះ​ប្រធានាធិបតី​ណា​ក៏​ដោយ​នៃ​សហរដ្ឋ​អាមេរិក​គឺ​យើង​គាំ​ទ្រ​ជានិច្ច​ គាំ​ទ្រ​ក្នុង​ស្មារតី»។

«គាំទ្រ​ឲ្យ​មាន​ការ​បន្ត​ទៅ​ទៀត​នូវ​ជំហរ​ដ៏​រឹងមាំ​ រូបភាព​ដ៏​រឹងមាំ ​ឆន្ទៈ​ដ៏​រឹងមាំ​នៃ​សហរដ្ឋអាមេរិក​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព​ជា​សាកល​របស់​មនុស្ស​ការពារ​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​ស្នាដៃ​របស់​ប្រធានាធិបតី​ដទៃ​ទៀត​រហូត​ដល់​ពេល​នេះ»។

លោក​ស្រី​បាន​បន្ថែម​ថា​ ទោះ​ជា​នរណា​ជាប់​ជា​ប្រធានាធិបតី​ក៏​ដោយ ​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​តួនាទី​ដ៏​សំខាន់​ចំពោះ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ប្រទេស​ដទៃៗ​ទៀត​ដែរ​ ដើម្បី​ធ្វើ​ឲ្យ​សាកល​លោក​ទាំងមូល​ទទួល​បាន​នូវ​គោលការណ៍​នឹង​ស្មារតី​ដែល​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​សាកលលោក​ទាំង​មូល។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​ខ្វះ​ខាង​ស្មារតី​និង​គោលការណ៍​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មិន​អាច​មាន​ចីរភាព​ទេ»។

តែ​ទោះ​យ៉ាង​ក៏​ដោយ​ មន្ត្រី​រដ្ឋាភិបាល​យល់​ថា​ ការណ៍​ដែល​សហរដ្ឋ​អាមេរិក​ដឹកនាំ​ដោយ​សេដ្ឋី​អចលនៈ​ទ្រព្យ​នឹង​ជួយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ឲ្យ​រីកចម្រើន​បន្ថែម​ទៀត។​ ចំណែក​ ​បញ្ហា​ប្រឈម​ដូច​ជា​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ក៏នឹង​ត្រូវ​កាត់​បន្ថយ​ច្រើន​ផងដែរ។​

លោក​ កែន​ ​រដ្ឋា ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​យល់​ថា ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​រីក​ចម្រើន​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ដឹកនាំ​ដោយ​លោក ​ដូណាល់​ ត្រាំ។​

លោក​ថ្លែង​ប្រាប់ VOA ថា៖ «យ៉ាង​ម៉េច​ ក៏​វា​មាន​ការ​រីកចម្រើន​ខ្លះ​ដែរ ​ផ្នែក​សេដ្ឋកិច្ច​ ព្រោះ​ថា​គាត់​ជា​មនុស្ស​ផ្នែក​សេដ្ឋកិច្ច​ស្រាប់។​ អញ្ជឹង​កម្ពុជា​យើង​វា​នឹង​អាច​មាន​ការ​រីក​ចម្រើន​ជាមួយ​អាមេរិក»។​

លោក​បន្ថែម​ថា​៖ «បើ​តាម​យើង​សន្និដ្ឋាន​មើល​ទៅ​ ទោះ​បី​ជា​គាត់​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​យ៉ាងម៉េចក៏​ដោយ​ ក៏​ប៉ុន្តែ​គាត់​ដូច​ជា​មិន​ផ្តោត​ងប់​ងល់​ពេក»។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស លោក​ ជុំ​ សុន្ទរី​ ប្រាប់ ​VOA​ ថា​ កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ​ទេសចរណ៍​ ការ​ប្រឆាំង​នឹង​អំពើ​ភារ​វកម្ម​ ការ​ជួញ​ដូរ​មនុស្ស ​ការ​ជួញ​ដូរ​គ្រឿង​ញៀន កិច្ច​សហប្រតិបត្តិការ​យោធា ​និង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បោស​សម្អាត​មីន​ ជា​ដើម​មាន​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា៖ «ឃើញ​ថា ​រយៈកាល​កន្លង​មក​ កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​រីកចម្រើនគួរ​ជា​ទី​ពេញចិត្ត​បា៎។​ ហើយ​យើង​ខ្ញុំ​សង្ឈឹម​ថា ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ចូល​កាន់​តំណែង​ក្នុង​ពេល​ខាងមុខ​នេះ​គឺ​ទំ​នាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​នៅ​តែ​បន្ត​វិវឌ្ឍ​ទៅ​ដោយ​ល្អ​បា៎»។​

កាល​ពី​ខែ​វិច្ឆិកា​ បន្ទាប់​ពី​លោក ​ដូណាល់​ ត្រាំ​ ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធានាធិបតី​ អ្នក​ជំនាញ​នយោបាយ​ព្រមាន​ថា ការ​ឡើង​ធ្វើជា​ប្រធានាធិបតី​នៅ​សហរដ្ឋអា​មេរិក​របស់​លោក ​ដូណាល់ ​ត្រាំ ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​បណ្តា​ប្រទេស​លើ​ពិភពលោក ក្នុង​នោះ​មានប្រទេស​កម្ពុជា​ជាដើម។​

​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ពលរដ្ឋអាមេរិកាំងបោះឆ្នោត​ឲ្យ​ដឹក​នាំ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ល្បី​ខាង​ប្រើ​បណ្តាញ​សង្គម​ ​Twitter ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​អ្នក​ដែល​រិះ​គន់​រូប​លោក។​

លោក ​ឈាង​ វណ្ណារិទ្ធ ​អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរ​ជាតិ ​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ ​តួនាទី​របស់​អាមេរិក​នៅ​ក្នុង​ពិភព​លោក​នឹង​មាន​ការ​ធ្លាក់​ចុះ ​ដោយ​សារ​តែ​នយោបាយ​ការ​បរទេស​របស់​លោក​មាន​លក្ខណៈ​ជាតិ​និយម​និង​ចង្អៀត​ចង្អល់។

លោកនិយាយថា​ នៅ​ពេល​ដែល​គោល​នយោបាយ​របស់​លោក​ត្រាំ​ មិន​មាន​ភាព​ប្រាកដ​ប្រជា​ ប្រទេស​កម្ពុជា​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​គួរ​តែ​រួបរួម​គ្នា ​ហើយ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការជាមួយបណ្តា​ប្រទេស​នានា​ ដូចជា​ ប្រទេស​ក្នុងសហគមន៍​អឺរ៉ុប ​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ ប្រទេស​អាមេរិក​ឡាទីន​ និង​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​ជា​ដើម​ដើម្បី​រក្សា​លំនឹង​នយោបាយ​និង​សេដ្ឋកិច្ច៕

XS
SM
MD
LG