សហរដ្ឋអាមេរិកកំពុងធ្វើការពិចារណាឡើងវិញលើឯកសិទ្ធមួយចំនួនសម្រាប់ក្រុងហុងកុងក្នុងការសងសឹកលើអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៅថា ជាការដណ្តើមអំណាចយ៉ាងអត់កេរ្ត៍ខ្មាស់ដោយរដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិននៅហុងកុង។
លោកប្រធានាធិបតី Trump បានប្រកាសការផ្លាស់ប្តូរមួយចង្កោមកាលពីថ្ងៃសុក្រនៅក្នុងអ្វីដែលត្រូវបានគេគ្រោងជាសន្និសិទកាសែតប៉ុន្តែបានប្រែទៅជាសេចក្តីថ្លែងការណ៍នៅលើកាមេរ៉ាដោយសារតែលោកមិនព្រមទទួលឆ្លើយសំណួរ។
លោក Trump មិនបានលើកឡើងពីរឿងរ៉ាវជាតិធំៗ ផ្សេងទៀតទេ រួមទាំងអំពើហឹង្សារបស់ប៉ូលីសនៅទីក្រុង Minneapolis ឬជម្លោះដែលកំពុងកើតឡើងរបស់លោកជាមួយ ក្រុមហ៊ុន Twitter។
ជំនួសមកវិញ លោក Trumpផ្តោតលើចេតនា របស់លោកក្នុងការដកហូតឋានៈអនុគ្រោះពន្ធពិសេសពីហុងកុងដាក់ទណ្ឌកម្មមួយចំនួនទៅលើមន្ត្រីរដ្ឋាភិបាលចិនដីគោកនិងមន្ត្រីរដ្ឋាភិបាលហុងកុង ហើយនិងចាត់វិធានការផ្សេងទៀត។
ព័ត៌មានលម្អិតច្បាស់លាស់ ឬផលប៉ះពាល់នៃការលើកឡើងរបស់លោក Trumpមិនទាន់មានច្បាស់ភ្លាមៗទេ។ ឧទាហរណ៍ លោក Trump បាននិយាយថា លោកកំពុងដឹកនាំការសិក្សាអំពី «ការអនុវត្តខុសគ្នា» ពាក់ព័ន្ធនឹងក្រុមហ៊ុនចិននិងអាមេរិកនៅក្នុងទីផ្សារហិរញ្ញវត្ថុដោយលើកហេតុផលថា វិនិយោគិនអាមេរិកាំងគួរទទួលអ្វីដែលលោកហៅថា «ការធ្វើការជាមួយគ្នាដោយយុត្តិធម៌»។
នោះអាចមានផលប៉ះពាល់ដល់ក្រុមហ៊ុនចិន ឬធនាគារចិននិងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីដ៏សំខាន់របស់ហុងកុង។ មិនទាន់មានព័ត៌មានលម្អិតអំពីពេលវេលាដែលលោក Trump អាចទទួលបាន «ការសិក្សាស្រាវជ្រាវ» ឬអំពីខ្លឹមសារនៃការសិក្សាស្រាវជ្រាវនោះទេ។
លោកប្រធានាធិបតីTrump ក៏បានបន្ទោសប្រទេសចិននិងអង្គការសុខភាពពិភពលោកសម្រាប់ជំងឺរាតត្បាតកូវីដ១៨។ លោក Trump បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបង្វែរប្រាក់ប្រមាណ ៥០០លានដុល្លារក្នុងមួយ ឆ្នាំដែលខ្លួនបានចំណាយឱ្យអង្គការសុខភាពពិភពលោកទៅឲ្យអង្គការសុខភាពពិភពលោកផ្សេងទៀត។ តែមិនទាន់ព័ត៌មានលម្អិតអំពីការផ្តល់ប្រាក់ទៅឲ្យអង្គការមួយណាឬដោយវិធីណានោះទេ។