ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ ដូណាល់ ត្រាំ ​​ពិភាក្សា​អំពី​ការ​ដក​តំណែង​​ប្រធាន​ធនាគារ​ប្រាក់​បម្រុង​សហព័ន្ធ​​​


លោក Jerome Powell ប្រធាន​ធនាគារ​ប្រាក់​បម្រុង​សហព័ន្ធ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​១៩ ធ្នូ ២០១៨ នៅរដ្ឋធានី​វ៉ាស៊ីនតោន។
លោក Jerome Powell ប្រធាន​ធនាគារ​ប្រាក់​បម្រុង​សហព័ន្ធ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​១៩ ធ្នូ ២០១៨ នៅរដ្ឋធានី​វ៉ាស៊ីនតោន។

ទីភ្នាក់ងារ​ព័ត៌មាន ​Bloomberg ​បាន​រាយការណ៍​កាល​ពីថ្ងៃ​សៅរ៍​ថា លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ពិភាក្សា​អំពី​ការ​ដក​តំណែង​របស់​លោក​ Jerome Powell ​ជា​ប្រធាន​ធនាគារ​ប្រាក់​បម្រុង​សហព័ន្ធ។

ដោយ​យោង​តាម​ប្រភព​បួន​នាក់​ដែល​ដឹង​អំពី​កិច្ច​ពិភាក្សា​នោះ​ Bloomberg ​បាន​រាយ​ការណ៍​ថា ​លោក​ ត្រាំ ​កាន់​តែ​ខក​ចិត្ត​នឹង​លោក​ Powell ​បន្ទាប់​ពី​ការ​ខាង​បង់​ទីផ្សារ​ភាគ​ហ៊ុន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ហើយ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​កណ្តាល​ឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ពុធ។ ​

ប្រភព​ព័ត៌មានឲ្យ​ដឹង​ថា ​ទីប្រឹក្សា​បាន​ប្រាប់​លោក​ ត្រាំ​ ថា​ ការ​ដក​តំណែង​លោក​ Powell ​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​កាន់​តែ​ពិបាក​ថែម​ទៀត ​តែ​ពួក​គេ​បាន​និយាយ​ថា​ ត្រាំ ​បាន​ពិភាក្សា​បញ្ហា​នេះ​ច្រើន​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។​

ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Bloomberg ​ថា​លោក​ជឿ​ថា ​លោក​ ត្រាំ ​នឹងមិន​ដកលោក​ Powell ​ទេ ​ហើយ​សង្ឃឹម​ថា​ កំហឹង​របស់​លោក​ប្រធានាធិបតី​នឹង​ថយ​ចុះ​នៅ​ថ្ងៃ​ឈប់​សម្រាក។​

សេតវិមាន​និង​ធនាគារ​ប្រាក់​បម្រុង​សហព័ន្ធ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ ​

លោក​ ត្រាំ ​កំពុង​រវល់​វីវក់​ក្នុង​ការ​សើរើ​រដ្ឋបាល​របស់​លោក​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតីកាល​ពី​ខែ​វិច្ឆិកា។​ លោក​បាន​ប្រកាស​ពី​ការ​ចាក​ចេញ​របស់លោក​ Jeff Sessions ​រដ្ឋមន្ត្រី​យុត្តិធម៌លោក​ John Kelly ​ប្រធាន​ខុទ្ទកាល័យសេត​វិមានលោក​ Ryan Zinke រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​សណ្តាប់​ធ្នាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​លោក ​James Mattis ​រដ្ឋមន្ត្រី​ការពារ​ជាតិ៕

XS
SM
MD
LG