ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ត្រូវ​រាយការណ៍​ថា​បាន​យល់​ព្រម​ឱ្យ​សង​សឹក​​នឹង​​អ៊ីរ៉ង់​ដោយ​ប្រើ​យោធា​វិញ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៩។

ក្រុម​មន្ត្រី​សន្តិសុខ​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កំពុង​បដិសេធ​អត្ថាធិប្បាយ​ទៅ​លើ​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​សារព័ត៌មាន​នានា​ដែល​ថា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​យល់​ព្រម​ឱ្យ​យោធា​អាមេរិក​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​វិញ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះស៊ើប​យក​ការណ៍​គ្មាន​មនុស្ស​បើក​របស់​អាមេរិក ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ដក​ការ​អនុញ្ញាត​ឱ្យ​វាយ​ប្រហារ​នោះ​ទៅវិញ ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

ដំបូង​ឡើយ ​លោក ត្រាំ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​គោលដៅ​អ៊ីរ៉ង់​មួយ​ចំនួន ​ដូចជា​កន្លែង​បញ្ជា​ប្រព័ន្ធ​រ៉ាដា​និង​កាំជ្រួច​ ដូច​ដែល​កាសែត​The New York Times ​បាន​រាយការណ៍​មុន​គេ​បង្អស់។

កាសែត​ The Washington Post ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត ក៏​បាន​រាយការណ៍​បន្តបន្ទាប់​មក​ទៀត​ថា មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​និយាយ​ថា​ លោក​ប្រធានាធិបតី​ ត្រាំ​ បាន​យល់​ព្រម​ឱ្យ​មាន​ការ​វាយ​បក​ទៅ​វិញ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ ​សារព័ត៌មាន Reuters ​បាន​រាយការណ៍​ថា ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​ថា អ៊ីរ៉ង់​បាន​ទទួល​សារ​មួយ​ពី​ប្រធានាធិបតី​ ត្រាំ ​តាម​រយៈ​ប្រទេស​អូម៉ង់​កាល​ពី​ពាក់​កណ្ដាល​យប់ ដោយ​ព្រមាន​អំពី​ការ​វាយ​ប្រហារ​មួយ​ដែល​នឹង​កើត​មាន​លើ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG