ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ហើយនិងយោធាសហរដ្ឋអាមេរិកបានស្ដីបន្ទោសប្រទេសអ៊ីរ៉ង់ ចំពោះការវាយប្រហារកប៉ាល់ដឹកប្រេងពីរគ្រឿងនៅឈូងសមុទ្រ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតីបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fox News ថា៖ «អ៊ីរ៉ង់ជាអ្នកធ្វើរឿងនេះ» ដោយលោកបានបន្ថែមទៀតថា ការប៉ុនប៉ងណាមួយរបស់ប្រទេសអ៊ីរ៉ង់ក្នុងការបិទច្រកផ្លូវទឹក Strait of Hormuz ដែលជាច្រកផ្លូវទឹកតែមួយគត់ចេញពីឈូងសមុទ្រពែកទៅកាន់មហាសមុទ្រដ៏ធំល្វឹងល្វើយនោះនឹងមិនស្ថិតស្ថេរយូរទេ។
លោក ត្រាំ បានពិភាក្សាអំពីការវាយប្រហារនេះនៅពេលជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលបានបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ កាលពីពេលថ្មីៗនេះដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។
ការពិភាក្សាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំអាមេរិកនិងជប៉ុន បានធ្វើឡើងប៉ុន្មានម៉ោងក្រោយពីកងទ័ពជើងទឹកអាមេរិក បានបញ្ចេញវីដេអូ ដែលពួកគេនិយាយថា បង្ហាញមនុស្សនៅលើនាវាល្បាតអ៊ីរ៉ង់មួយ បានដកគ្រាប់បែកកំណត់ម៉ោងដែលមិនទាន់ផ្ទុះចេញពីកប៉ាល់ Kokuka Courageous ដែលជាកប៉ាល់មួយក្នុងចំណោមកប៉ាល់ដឹកប្រេងពីរ ដែលកំពុងដឹកប្រេងតាមផ្លូវទឹកនោះ។
កប៉ាល់នោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kokuka Sangyo ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់ជប៉ុន។ ប្រទេសជប៉ុនបានថ្កោលទោសការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងទាំងពីរនោះ។ ចំណែកកប៉ាល់ដឹកប្រេងមួយទៀតឈ្មោះ Front Altair គឺជាកម្មសិទ្ធិរបស់ប្រទេសន័រវែស៕