ខណៈពេលមានភាពចលាចលហើយប្រហែលជាសប្ដាហ៍ដ៏សំខាន់មួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើការជួបប្រជុំគ្នាលក្ខណៈយុទ្ធនាការមួយកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Ohio នៅចំពោះមុខក្រុមអ្នកគាំទ្រដ៏ខ្លាំងក្លារាប់ពាន់នាក់របស់លោក ហើយនឹងក្រុមបាតុករមួយចំនួនតូចផងដែរ។
លោក ត្រាំ សង្ឃឹមថាលោកអាចធ្វើឲ្យអត្រាគាំទ្រលោកនៅក្នុងការស្ទង់មតិកើនឡើងវិញ ហើយលោកសង្ឃឹមថា លោកអាចសម្រេចជោគជ័យនៅក្នុងព្រឹទ្ធសភាជុំវិញការលុបចោលច្បាប់ធានារ៉ាប់រងសុខភាព ដូចដែលលោកបានសន្យានៅក្នុងយុទ្ធនាការរបស់លោកនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។
លោក ដូណាល់ ត្រាំ កំពុងមានអារម្មណ៍ដូចលោកកំពុងធ្វើយុទ្ធនាការនៅក្នុងទីក្រុង Youngstown រដ្ឋ Ohio ដែលស្ថិតនៅឆ្ងាយពីបរិយាកាសនយោបាយនៃរដ្ឋធានីវ៉ាស៊ីនតោន។
លោកប្រធានាធិបតី ត្រាំ បានថ្លែងថា៖ «មិនមានប្រធានាធិបតីណាធ្លាប់បានធ្វើដូចអ្វីដែលយើងបានធ្វើនៅក្នុង៦ខែដំបូងរបស់យើងនោះទេ។ សូម្បីតែបន្តិចក៏អត់ដែរ»។
លោក ត្រាំ មានភាពសប្បាយរីករាយក្នុងការទទួលកម្លាំងចិត្តពីក្រុមអ្នកគាំទ្ររបស់លោកដែលនៅតែស្មោះស្ម័គ្រនឹងរូបលោក មិនថាលោកទទួលបានអត្រាគាំទ្រទាបកម្រិតណានៅក្នុងការស្ទង់មតិជាតិនោះទេ។ នេះគឺជាសារមួយសម្រាប់ឲ្យក្រុមអ្នករិះគន់របស់លោកបានឃើញ។
ទោះជាយ៉ាងនេះក្ដី របៀបវារៈរបស់លោក ត្រាំ ក្នុងពេលឥឡូវនេះកំពុងជាប់គាំង។
ការជជែកដេញដោលនៅក្នុងព្រឹទ្ធសភាទៅលើច្បាប់ធានារ៉ាប់រងសុខភាពមានភាពមិនច្បាស់លាស់។ ហើយពេលណាទើបសភាពដោះស្រាយបញ្ហាកំណែទម្រង់ពន្ធឬថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក៏នៅមិនទាន់មានភាពប្រាកដប្រជាផងដែរ។
ក្រុមអ្នកទិតៀនបានរិះគន់ទៅលើទម្លាប់ក្នុងការបង្ហោះសារនៅលើបណ្ដាញសង្គមTwitter របស់លោកថា ជាការបង្វែរចំណាប់អារម្មណ៍មួយ ហើយលោក ត្រាំ បានបកមកវិញចំពោះអ្នកដែលរិះគន់លោកទាក់ទិននឹងបញ្ហានេះ។
លោក ត្រាំ បានថ្លែងថា៖ «ពេលខ្លះពួកគេថ្លែងថា លោកមិនបានធ្វើខ្លួនដូចជាប្រធានាធិបតីនោះទេ។ លើកលែងតែលោកប្រធានាធិបតី Abraham Lincoln ដ៏អស្ចារ្យមួយចេញ ខ្ញុំជឿថា ខ្ញុំសក្ដិសមជាប្រធានាធិបតីជាងប្រធានាធិបតីទាំងអស់ដែលធ្លាប់កាន់តំណែងនេះ។ នេះជាអ្វីដែលខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នា»។
លោក Dan Mahaffee អ្នកវិភាគមួយរូបនៅឯមជ្ឈមណ្ឌលសិក្សាអំពីប្រធានាធិបតីនិងសភាបានថ្លែងថា លោក ត្រាំ មានលក្ខណៈខុសពីប្រធានាធិបតីមុនៗ។
លោក Dan Mahaffee បានថ្លែងថា៖ «លោកកំពុងព្យាយាមពន្យុះឲ្យក្រុមអ្នកគាំទ្ររបស់លោកឲ្យមានភាពខ្ញៀវខ្ញារកាន់តែខ្លាំង។ លោកបានឃើញថា ការធ្វើបែបនេះជាប្រជាប្រិយភាពមួយហើយនិងជាការបង្ហាញវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយ»។
សមាជិកខាងគណបក្សប្រជាធិបតេយ្យមានការភ័យខ្លាចថា សារ Twitter របស់លោក ត្រាំ ដែលចង់ឡូឡាដាក់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Jeff Sessions នោះជាសញ្ញាមួយចង់បង្ហាញពីបំណងរបស់លោកក្នុងការបញ្ចប់ការស៊ើបអង្កេតទៅលើលទ្ធភាពដែលរុស្ស៊ីអាចលូកដៃចូលការបោះឆ្នោតនៅអាមេរិក។
មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភាលោក Chuck Schumer បានថ្លែងថា៖ «ពលរដ្ឋអាមេរិកាំងជាច្រើនប្រាកដជាឆ្ងល់ហើយថា តើលោកប្រធានាធិបតីពិតជាកំពុងព្យាយាមចង់ឲ្យការិយាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាត់តាំងនរណាម្នាក់ក្នុងអំឡុងពេលវិស្សមខែសីហា ដែលអ្នកនោះនឹងបណ្ដេញទីប្រឹក្សាពិសេសគឺលោក Mueller និងបិទការស៊ើបអង្កេតទៅលើរុស្ស៊ីឬយ៉ាងណា»។
រហូតមកទល់ពេលនេះ ការស៊ើបអង្កេតទៅលើរុស្ស៊ីហាក់បីដូចជាមានផលប៉ះពាល់តិចតួចទៅលើក្រុមអ្នកគាំទ្ររបស់លោក។
ប៉ុន្តែការផ្ដោតអារម្មណ៍របស់លោក ត្រាំ ទៅលើការបំពេញចិត្តរបស់ក្រុមដែលជាមូលដ្ឋានរបស់លោកអាចដាក់កម្រិតទៅលើភាពជោគជ័យរបស់លោក។ នេះបើយោងតាមលោក Dan Mahaffee។
លោក Mahaffee បានថ្លែងថា៖ «លោកពិតជាមិនបានប៉ុនប៉ងជំរុញឲ្យមានការគាំទ្រលើសពីនេះទេ។ ជាការពិតទៅលោកបានពង្រឹងការគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ Fox News ឬគេហទំព័រព័ត៌មាន Breitbart ដែលជាបណ្ដាញព័ត៌មាននិយាយផ្ទាល់ទៅកាន់ក្រុមអភិរក្សនិយម ឬឲ្យបានព័ត៌មានដែលងាកទៅខាងអភិរក្សនិយម»។
លោក William Galston សាស្ត្រាចារ្យមកពីវិទ្យាស្ថាន Brookings បានថ្លែងថា បើទោះបីជាមានក្រុមអ្នករិះគន់ទៅលើរូបលោកក៏ដោយ ក៏លោក ត្រាំ នៅតែបង្ហាញថា លោកនៅតែប្ដេជ្ញាមោះមុតរក្សាភាពរឹងមាំ។
លោក Galston បានថ្លែងថា៖ «លោក ត្រាំ គឺជាប្រធានាធិបតីដែលប្លែកពីគេ។ យើងមិនដែលមានអ្នកណាដូចជាលោកនៅក្នុងការិយាល័យប្រធានាធិបតីពីមុនមកនោះទេ។ ប្រសិនបើអ្នកចង់បានអត្រាគាំទ្រ៤០ភាគរយ អ្នកត្រូវធ្វើតាមលោក ត្រាំ។ ប៉ុន្តែប្រសិនជាអ្នកចង់ដូចជាអ្នកដឹកនាំភាគច្រើន នោះអ្នកប្រហែលត្រូវដើរផ្លូវផ្សេងទៀត»។
ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា អត្រានៃការគាំទ្រទៅលើលោក ត្រាំ គឺ៣៦ភាគរយ ដែលនេះជាអត្រាគាំទ្រទាបបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់រយៈពេល៦ខែដំបូងរបស់លោកក្នុងការកាន់តំណែងប្រធានាធិបតី៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា