លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសឈ្មោះនាយខុទ្ទកាល័យថ្មីរបស់លោក គឺលោក John Kelly ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ។
លោកប្រធានាធិបតី Trump បានថ្លែងអំណរគុណដល់លោក Reince Preibus ដែលជានាយខុទ្ទកាល័យនាពេលបច្ចុប្បន្ន ចំពោះអ្វីដែលលោកបានធ្វើសម្រាប់ប្រទេសជាតិ ហើយលោកបានថ្លែងថា លោកពិតជាមានមោទនភាពចំពោះរូបលោក។
លោកប្រធានាធិបតីបានចេញសេចក្តីប្រកាសនេះនៅលើសារ Twitter របស់លោកនៅរសៀលថ្ងៃសុក្រ ប៉ុន្មានថ្ងៃបន្ទាប់ពីមានភាពមិនចុះសម្រុងគ្នារវាងលោក Preibus ជាមួយនឹងនាយកផ្នែកទំនាក់ទំនងថ្មីរបស់សេតវិមានលោក Anthony Scaramucci។
លោក Trump បានថ្លែងថា លោក John Kelly «បានធ្វើកិច្ចការបានល្អនៅក្រសួងសន្តិសុខមាតុភូមិ។ លោកគឺជាតារាពិតប្រាកដមួយនៅក្នុងរដ្ឋបាលរបស់យើង»៕