ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Trump បន្ត​ថ្លែង​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋមន្ត្រី​យុត្តិធម៌​លោក Sessions


រូបភាព​ឯកសារ៖​ លោក​ប្រធានាធិបតី Trump និយាយ​ជាមួយ​លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ពេល​ដែល​ពួកគាត់​ចូល​រួម​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធ​មន្រ្តី​សន្តិភាណ​ជាតិ​នៅ​ West Lawn​ នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​២៥ ឧសភា ២០១៧។
រូបភាព​ឯកសារ៖​ លោក​ប្រធានាធិបតី Trump និយាយ​ជាមួយ​លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ពេល​ដែល​ពួកគាត់​ចូល​រួម​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធ​មន្រ្តី​សន្តិភាណ​ជាតិ​នៅ​ West Lawn​ នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​២៥ ឧសភា ២០១៧។

ប្រធាន​ខាង​អនុវត្ត​ច្បាប់​សហរដ្ឋអាមេរិក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​ប៉ះពាល់​ដល់​មុខ​តំណែង​របស់​ខ្លួន។ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​បន្ទាប​តម្លៃ​លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​លោក​បាន​តែងតាំង​ដោយ​ផ្ទាល់។ ការណ៍​នេះ ធ្វើ​ឲ្យ​លោក Jeff Sessions មាន​អារម្មណ៍​ថា លោក​កំពុង​រង​សម្ពាធ​ឲ្យ​លាលែង​ពី​តំណែង។

លោក Jeff Sessions ដែល​ជា​សមាជិក​ព្រឹទ្ធសភា​អភិរក្ស​និយម​ខាង​គណបក្ស​សាធារណរដ្ឋ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​ជា​អ្នក​គាំទ្រ​មុន​ដំបូង​គេ​ដ៏​ខ្លាំង​ក្លា​មួយ​រូប​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​របស់​លោក ដូណាល់ ត្រាំ ដែល​កាល​នោះ​មាន​សង្ឃឹម​ថា​ឈ្នះ​តិចតួច​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ លោក ត្រាំ បាន​បន្ទោស​លោក Sessions ចំពោះ​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​លើ​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិក ដោយ​លោក ត្រាំ បាន​ហៅ​លោក Sessions ថា «កំសាក» និង​«ទន់ខ្សោយ»។

លោក​សមាជិក​ព្រឹទ្ធសភា Chuck Schumer ដែល​ជា​មេដឹកនាំ​សម្លេង​ភាគតិច​នៅ​ក្នុង​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​ថា៖ «វា​ច្បាស់​ណាស់​ថា លោក​ប្រធានាធិបតី ត្រាំ កំពុង​តែ​ព្យាយាម​រករឿង​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​លោក​ចេញ​ពី​តំណែង»។

តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​កំពុង​តែ​និយាយ​គាំទ្រ​លោក Sessions ដែល​ជា​អតីត​សហការី​របស់​ខ្លួន។

លោក Orrin Hatch សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Utah ខាង​គណបក្ស​សាធារណរដ្ឋ បាន​ថ្លែង​ថា៖ «លោក Jeff គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី ហើយ​ខ្ញុំ​គិត​ថា លោក​គួរ​តែ​ទទួល​បាន​ភាព​ស្មោះត្រង់​ត្រឡប់​មក​វិញ​ដែរ»។

លោក Sessions ក៏​ដូចជា​រដ្ឋមន្ត្រី​ដទៃ​ទៀត​ដែល​ត្រូវ​បាន​តែងតាំង​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ដែរ គឺ​បំពេញ​ការងារ​ទៅ​តាម​បំណង​របស់​លោក​ប្រធានាធិបតី។

លោក Paul Ryan ប្រធាន​រដ្ឋសភា ខាង​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ថា៖ «វា​អាស្រ័យ​ទៅ​លើ​លោក​ប្រធានាធិបតី​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​ថា​អ្វី​ជា​ការ​សម្រេចចិត្ត​របស់​បុគ្គលិក​លោក ហើយ​វា​ក៏​អាស្រ័យ​លើ​លោក​ប្រធានាធិបតី​ក្នុង​ការ​សម្រេចចិត្ត​លើ​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​សម្រេចចិត្ត​នោះ​ផង​ដែរ»។

លោក ត្រាំ បាន​បដិសេធ​កាល​ពី​ថ្ងៃ​អង្គារ ថា លោក​មិន​បាន​ទុក​ឲ្យ​លោក Sessions នៅ​វិលវល់​ក្នុង​ខ្យល់​នោះ​ទេ ប៉ុន្តែ​លោក​មិន​បាន​ចាត់​វិធានការ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​ទេ។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិត​ជា​អន់​ចិត្ត​នឹង​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ណាស់។ យើង​នឹង​រង់ចាំ​មើល​ថា​តើ​នឹង​មាន​រឿង​អ្វីកើតឡើង​បន្ត​ទៀត។ មាន​តែ​ពេល​វេលា​ទេ ដែល​អាច​ប្រាប់​បាន»។

លោក​ប្រធានាធិបតី​អាច​នឹង​បាត់បង់​ការ​គាំទ្រ​ខាង​នយោបាយ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​អភិរក្ស​និយម ចំពោះ​ការ​បោះបង់ចោល​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ម្នាក់ ដូចជា​លោក Sessions ជាដើម។

លោក Dan Mahaffee នៃ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​លើ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​និង​រដ្ឋសភា (Center for the Study of the Presidency & Congress) បាន​មាន​ប្រសាសន៍​ថា៖ «តំណាងរាស្ត្រ​ជាច្រើន​កំពុង​តែ​ងឿងឆ្ងល់​ថា តើ​ពួកគេ​អាច​រក្សា​តុល្យភាព​រវាង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​និង​តម្រូវការ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​ដែល​ពួកគេ​ចង់​សម្រេច​ឲ្យ​បាន​ទាំង​នេះ​បាន​យូរ​ប៉ុណ្ណា ដោយសារ​តែ​សេតវិមាន​និង​សភា​ទាំង​ពីរ​ថ្នាក់​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ»។

លោក ដូណាល់ ត្រាំ ដែល​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ដ៏​លេចធ្លោ​ម្នាក់ បាន​ប្រើប្រាស់​គោលនយោបាយ​ជាច្រើន​របស់​លោក Sessions ដូចជា​គោលនយោបាយ​អន្តោប្រវេសន៍​ជាដើម ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​អភិរក្ស​និយម​នៅ​អាមេរិក​និង​ជួយ​ឲ្យ​លោក​ទទួល​បាន​តំណែង​ជា​ប្រធានាធិបតី​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

ប្រែ​សម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG