ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមានឲ្យតម្រុយថាលោក Trump អាចនឹងបោះឆ្នោតវ៉េតូប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី


លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ

សេតវិមានកាលពីថ្ងៃព្រហស្បតិ៍បានលើកឡើង ពីលទ្ធភាពដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អាចនឹងបោះឆ្នោតវ៉េតូប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង ដោយការលើកឡើងនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកពីគណបក្សទាំងពីរ។

នាយកផ្នែកទំនាក់ទំនងសេតវិមានលោក Anthony Scaramucci បានប្រាប់ទូរទស្សន៍ CNN ថា៖«លោកប្រហែលចុះហត្ថលេខាទៅលើការដាក់ទណ្ឌកម្មនេះឬក៏លោកអាចនឹងបោះឆ្នោតវ៉េតូទៅលើការដាក់ទណ្ឌកម្មទាំងនោះ ហើយនិងចរចារឲ្យមានកិច្ចព្រមព្រៀងប្រឆាំងនឹងរុស្ស៊ីឲ្យកាន់តែខ្លាំងជាងនេះ‍»។

បើទោះបីជាវាគ្រាន់តែជាតម្រុយមួយពីការបោះឆ្នោតវ៉េតូក៏ដោយក្តី ក៏ការលើកឡើងនេះបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសភាជាតិ។

លោក Whip John Cornyn សមាជិកព្រឹទ្ធសភាសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Texas បានប្រាប់ VOA ថា៖«ខ្ញុំគិតថា ការបោះឆ្នោតវ៉េតូនឹងជាកំហុសដ៏ធ្ងន់ធ្ងរមួយ‍។ អ្វីដែលនឹងប្រសើរជាងនេះគឺ ប្រសិនបើក្រុមមន្ត្រីសេតវិមានសហការជាមួយនឹងយើងក្នុងការតាក់តែងច្បាប់នេះ‍»។

សមាជិកកំពូលខាងគណបក្សប្រជាធិបតេយ្យនៃគណកម្មការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាមកពីរដ្ឋ Marylandបានថ្លែងថា៖«សេចក្តីព្រាងស្តីពីការដាក់ទណ្ឌកម្មនេះនឹងដាក់បន្ទុកកាន់តែខ្លាំងទៅលើលោកប្រធានាធិបតីក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ប្រសិនបើលោកបោះឆ្នោត វ៉េតូមែន នោះវាមានន័យថាលោកប្រធានាធិបតី Trump មិនចង់ប្រើអំណាចខ្លាំងក្លាដើម្បីដោះស្រាយជាមួយនឹងលោក Putin នោះទេ‍»៕

XS
SM
MD
LG