ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ឯកភាព​គ្នា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​កិច្ចប្រជុំ G-20 កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg។
លោក​ប្រធានាធិបតី Donald Trump ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​កិច្ចប្រជុំ G-20 កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​គ្នា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង។ ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ទទួល​បាន​ការ​អនុម័ត។

សមាជិក​ព្រឹទ្ធសភា​លោក Bob Corker បាន​ប្រកាស​អំពី​ការ​ឯកភាព​គ្នា​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​សម្រេច​ឡើង បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា លោក Kevin McCarthy។

លោក Bob Corker កាល​ពី​មុន​ធ្លាប់​បាន​ជំទាស់​ទៅ​នឹង​ការ​ដាក់​បញ្ចូល​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ទៅ​ក្នុង​ច្បាប់​នេះ ដោយ​លោក​ថា បញ្ហា​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​គួរ​ធ្វើ​ឡើង​នៅ​ក្នុង​ច្បាប់​មួយ​ផ្សេង​ទៀត។ ប៉ុន្តែ លោក​បាន​និយាយ​ថា រដ្ឋសភា​បាន​ឯកភាព​ធ្វើ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ លើ​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធានការ​នានា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

ច្បាប់​នេះ​ក៏​មាន​ចែង​នូវ​ចំណុច​មួយ​ដែល​ផ្ដល់​នីតិវិធី​លឿន​ដល់​សភា​ក្នុង​ការ​ជំទាស់​ទៅ​នឹង​វិធានការ​ណា​មួយ ដែល​លោក​ប្រធានាធិបតី​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ផង​ដែរ។

ក្នុង​អំឡុង​ពេល​ចរចា​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក រដ្ឋបាល​របស់​លោក Trump បាន​រារែក​ចំពោះ​បញ្ហា​ដាក់​ទណ្ឌកម្ម​ទាំង​នេះ ដោយ​ខ្លួន​យល់​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ជា​ការ​ប៉ុនប៉ង​ដើម្បី​ដាក់​កំហិត​លើ​លទ្ធភាព​របស់​រដ្ឋបាល​របស់​លោក​នៅ​ក្នុង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ជា​ឯកតោភាគី។ ប៉ុន្តែ ឥឡូវ​នេះ សេតវិមាន​បាន​បង្ហាញ​អំពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ច្បាប់​នេះ៕

XS
SM
MD
LG