កាលពីថ្ងៃសុក្រ មន្ត្រីសេតវិមានបានព្យាយាមទប់ស្កាត់ការសន្និដ្ឋានដែលថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកអាចនឹងជួបប្រជុំទ្វេភាគីជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅក្រៅកិច្ចប្រជុំកំពូលនៃសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសវៀតណាម។
អ្នកនាំពាក្យសេតវិមាននិយាយថា ការសន្ទនារបស់មេដឹកនាំទាំងពីរអាចជាការនិយាយគ្នាយ៉ាងខ្លី។ នាង Sarah Sanders និយាយថា មិនមានគម្រោងសម្រាប់កិច្ចពិភាក្សាផ្លូវការនោះទេ។ ជំនួយការរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ប្រទេសរុស្ស៊ី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ីថា លោក Putin និងលោក ត្រាំ នឹងជួបគ្នានៅថ្ងៃសុក្រនៅក្រៅកិច្ចប្រជុំកំពូលនៅក្រុង Danang ប្រទេសវៀតណាម។
មុនពេលលោកចេញដំណើរទៅអាស៊ី លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោករំពឹងថា នឹងជួបជាមួយលោក Putin ដើម្បីសុំឲ្យរុស្ស៊ីជួយទាក់ទងនឹងការទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕