លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានមានប្រសាសន៍ថា «គ្មានការមិនយល់ស្របគ្នាទេអំពីបញ្ហាប្រទេសកូរ៉េខាងជើង» រវាងស.រ.អា.និងប្រទេសចិននៅក្រោយកិច្ចចរចានៅក្នុងក្រុងប៉េកាំងរវាងប្រធានាធិបតីស.រ.អា. Donald Trump និងលោកមេដឹកនាំចិន Xi Jinping។
លោក Tillerson ដែលឋិតនៅក្នុងរដ្ឋធានីនៃប្រទេសចិនជាមួយ Trump បានមានប្រសាសន៍ជាមួយពួកអ្នកកាសែតនៅថ្ងៃព្រហស្បតិ៍នេះនៅក្រោយមេដឹកនាំទាំងពីរនាក់នេះបានធ្វើការចរចាទ្វេភាគីដោយផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រទេសកូរ៉េខាងជើងនិងបញ្ហាពាណិជ្ជកម្ម។ លោកក៏បាននិយាយដែរថាបុរសទាំងពីរនាក់នេះក៏បានប្តូរយោបល់គ្នាដោយស្មោះត្រង់អំពីសិទ្ធិមនុស្សនិងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
ស្តីពីរដ្ឋាភិបាលក្រុង Pyongyang លោក Tillerson បានមានប្រសាសន៍ថាពួកចិនបាននិយាយដោយច្បាស់លាស់និងដោយជាក់លាក់ក្នុងកិច្ចចរចាគ្នាពីរថ្ងៃថាពួកគេនឹងមិនទទួលយកប្រទេសកូរ៉េខាងត្បូងមួយដែលមានអាវុធបរមាណូទេ។
លោក Tillerson បានមានប្រសាសន៍ថា «គ្មានភាពឃ្លាតពីគ្នារវាងគោលដៅរបស់យើងទេ។យើងមានទស្សនៈរបស់យើងផ្ទាល់អំពីកលយុគ ការរៀបចំពេលវេលានិងអំពីការដាក់គំនាបសង្កត់ដល់កម្រិតណា ហើយព្រោះហេតុនេះហើយបានជាយើងចំណាយពេលវេលាច្រើនដើម្បីប្តូរយោបល់គ្នាអំពីបញ្ហាទាំងនេះ»។
បើតាមលោក Tillerson ថាប្រធានាធិបតី Trump បាននិយាយប្រាប់លោក Xi ថា «លោកជាអ្នកមានអំណាចខ្លាំង ខ្ញុំប្រាកដក្នុងចិត្តថាលោកអាចដោះស្រាយបញ្ហានេះឱ្យខ្ញុំបាន»។
កាលពីពេលមុននេះ ប្រធានាធិបតី Trump បាននិយាយថាស.រ.អា.និងប្រទេសចិនត្រូវធ្វើការជាមួយគ្នាដើម្បីរំដោះតំបន់នេះនិងពិភពលោកពីអ្វីដែលគាត់បានហៅថាការគំរាមកំហែងធ្ងន់ធ្ងរខ្លាំងណាស់ដែលបានដាក់ឱ្យមានដោយ «របបគ្រប់គ្រងឃាតករនៅក្នុងប្រទេសកូរ៉េខាងជើង»។
ប្រធានាធិបតី Trump បានធ្វើអត្ថាធិប្បាយដូចនេះនៅពេលគាត់ឈរជិតលោកប្រធានាធិបតីចិន Xi Jinping នៅពេលអស់លោកនិយាយកំណត់សម្គាល់បានត្រូវរៀបចំជាមុន ក៏ប៉ុន្តែមេដឹកនាំទាំងពីរនាក់នេះមិនបានទទួលសំណួរពីពួកអ្នកសារព័ត៌មានទេ៕