ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកវិភាគ៖ តំបន់​អាស៊ី​ចង់​បាន​វត្តមាន​អាមេរិក​សកម្ម​ក្នុង​តំបន់នេះ


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់​ ត្រាំ

ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ​នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​អំពី​ពាណិជ្ជ​កមុ្ម​អន្តរជាតិ​នា​ថ្ងៃសុក្រ​នេះ​ នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​មេ​ដឹក​នាំ​របស់​វេទិកា​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ​(APEC)។​

លោក​ប្រធានាធិបតី​ត្រូវ​គេ​រំពឹងថា​ នឹង​ថ្លែង​អំពី​ចក្ខុវិស័យ​របស់​លោក​អំពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​ប្រកប​ដោយ​សេរី​ និង​បើកចំហ។​ ក៏ប៉ុន្តែ​ ដោយ​សារ​វោហារ​សាស្ត្រ​របស់​លោក​អំពី​ពាណិជ្ជកម្ម​កាល​ពី​ពេល​មុនៗ​ ​អ្នក​វិភាគ​បាន​និយាយ​ថា​ មេដឹកនាំ​ប្រទេស​អាស៊ី​ទាំងអស់​នឹង​ចាំ​ស្តាប់​ពី​សញ្ញា​ថា​ តើ​លោក​ប្រធានាធិបតី​យល់​អំពី​សារៈសំខាន់​នៃ​យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​ទៅ​លើ​ប្រទេស​អាមេរិក​ដែរ​ឬ​ទេ។

ទីក្រុង​ដាណាង ​ប្រទេស​វៀត​ណាម​កាល​ពី​មុន​ជា​តំបន់​សង្គ្រាម​ ក៏ប៉ុន្តែ​សម្រាប់​សប្តាហ៍​នេះ​ ទីក្រុង​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ជំនួប​ប្រជុំ​សម្រាប់​សមាជិក​ចំនួន២១​ប្រទេស​របស់​ APEC។ ​បើ​រួម​បញ្ចូល​គ្នា​ ប្រទេស​ទាំង​អស់​នេះ​គឺ​ស្មើ​នឹង​ប្រមាណ​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​ និង​ពាណិជ្ជកម្ម​របស់​ពិភពលោក។ ​

​លោក​ Matt Goodman​ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ CSIS ​សម្រាប់​សេដ្ឋកិច្ចអាស៊ី​ និងជា​អ្នក​ទទួល​បន្ទុក​បញ្ហា​ APEC​ សម្រាប់​លោក​អតីត​ប្រធានាធិបតី​ Barack Obama បាន​ថ្លែង​ថា៖

«វា​ជា​ផ្នែក​មួយ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ពិភព​លោក។ អនាគត​សេដ្ឋកិច្ច​របស់​យើង​ជា​ច្រើន​នឹង​ត្រូវ​កំណត់​ ហើយ​ពិត​ប្រាកដ​ណាស់​ យើង​មាន​បញ្ហា​សន្តិសុខ​ច្រើន​នៅ​ទីនោះ។ ​យើង​មាន​កងទ័ព​៩​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ដើម្បី​ប្រឈម​នឹង​កូរ៉េ​ខាង​ជើង​ ហើយ​នៅ​ទីនោះ​ក៏​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ផង​ដែរ។​ ដូច្នេះ​ មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ»។​

ក៏ប៉ុន្តែ​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ចេញវោហារ​សាស្ត្រ​ដ៏តឹង​តែង​ទៅ​លើ​ពាណិជ្ជកម្ម​ និង​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​លុប​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ (TPP)​ អ្នក​ដឹក​នាំ​ប្រទេស​អាស៊ី​ទាំង​អស់​កំពុង​តែ​ទន្ទឹង​ការ​ធានា​ជា​ថ្មី​ម្តង​ទៀត​នៃ​តួនាទី​សហ​រដ្ឋ​អាមេរិក​នៅក្នុង​តំបន់​អាស៊ី។​

លោក​ Matt Goodman​បាន​បន្ត​ថា៖​

«ខ្ញុំ​គិត​ថា​ នេះ​ពិត​ជា​ប៉ះពាល់​ដល់កិត្តិសព្ទ​របស់​យើង​នៅ​ក្នុង​តំបន់​ ហើយ​ខ្ញុំ​គិត​ថា​យើង​ត្រូវ​តែធ្វើ​អ្វី​ម្យ៉ាង។​ បើ​គ្មាន​ TPP​ ទេ​ យើង​ត្រូវ​មាន​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ និង​ ពាណិជ្ជ​កម្ម​ផ្សេង​ទៀត​ដែល​ប្រទេស​អាស៊ី​អាច​ជឿជាក់​លើ​យើង​បាន​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ និយាយ​ឲ្យ​ត្រង់​ទៅ​ រដ្ឋបាល​លោក​ត្រាំ​ នៅ​មិន​ទាន់​ប្រកាស​យុទ្ធសាស្ត្រ​បែប​ហ្នឹង​នៅ​ឡើយ​ទេ។​ ដូច្នេះ​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ត្រាំ​មានឱកាស​នឹង​ធ្វើ​បែប​នេះ​បាន»។

ពេល​មាន​កិច្ច​ប្រជុំ​គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេរិក​និង​ចិន​នៅក្រុង​ប៉េកាំង​សប្តាហ៍​នេះ​ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​គឺ​ជា​អាទិភាព​សម្រាប់​អាមេរិក​ ក្នុង​គោល​បំណង​កាត់​បន្ថយ​អតុល្យភាព​ពាណិជ្ជ​កម្មចិន ​និង​ពាណិជ្ជ​កម្ម​អាមេរិកនៅ​ក្នុង​តំបន់​នេះ។​

លោក​ Wilbur Ross ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា៖​

«ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​ហើយថា​ ​ ការ​លើក​ឡើង​អំពី​អតុល្យភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​និង​ពាណិជ្ជកម្ម​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​គឺ​ជា​ចំណុចសំខាន់​នៃ​កិច្ច​ពិភាក្សា​សហការ​គ្នា​រវាង​ប្រធានាធិបតី​លោក​ត្រាំ​ និង​ប្រធានាធិបតី​លោក​ ស៊ី ជីនពីង​ ហើយ​ការ​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដែល​យុត្តិធម៌​ និង​ទទួល​បាន​ផល​ចំណេញ​សម្រាប់​ទាំង​អស់​គ្នា​គឺ​ជា​គោល​បំណង​រួម​មួយ»។​

ក៏ប៉ុន្តែ​ ប្រទេស​និមួយៗ​គឺ​មាន​ភាព​ខុសៗគ្នា​ ហើយ​អគ្គលេខាធិការ​របស់ ​APEC​ គឺ​លោក​ Alan Bollard​ បាន​ថ្លែង​ថា​ កិច្ចប្រជុំ​កំពូល​ជា​កន្លែង​ដែល​ល្អមួយ​សម្រាប់​សាក​ល្បង​កិច្ច​ព្រមព្រៀង​ថ្មីៗ។​

លោក​បណ្ឌិត​ Alan Bollard បាន​មាន​ប្រសាសន៍​ថា៖​

«វា​ប្រៀប​ដូច​ជា​មី​មួយ​ចាន​ដែល​មាន​សសៃមី​ប្រទាក់​គ្នា។ កិច្ច​ព្រមព្រៀង​នេះ​ស្មុគ​ស្មាញ​ដូច​សសៃ​មី។ ​យើង​បាន​សាក​ល្បង​រូបមន្ត​ថ្មីៗ​ រក​រូបមន្ត​ដែលល្អ​ជាងមុន។ យើង​បាន​រូបមន្ត​ទាំង​នេះ​ពី​តំបន់​នោះ​ ​ហើយ​យើង​សាកល្បង​រូបមន្ត​ទាំង​អស់​នេះ​ ហើយ​រូបមន្ត​ណា​ដែល​ដំណើរការ​ ប្រទេស​ក្នុង​តំបន់​នឹង​ប្រើប្រាស់​រូបមន្ត​នោះ​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​គេ»។​

អ្នក​វិភាគ​បាន​ថ្លែង​ថា​ នេះ​ជា​ទស្សនកិច្ច​ដ៏សំខាន់​មួយ​របស់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក។​ នេះ​ជា​ទស្សនកិច្ច​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នា​ពេល​អនាគត​ចេញ​ជា​រូបរាង​ឡើង។​

លោក​ Matt Goodman​ បាន​មាន​ប្រសាសន៍​ថា៖​

«ពួក​គេ​ចង់​បាន​ប្រទេស​អាមេរិកចូលរួម​នៅ​ក្នុង​តំបន់​ទៅ​តាមលក្ខខណ្ឌ​ទាំង​អស់។ ​ពួក​គេ​ចង់​ឲ្យ​យើង​បង្ហាញ​ខ្លួន​ ដូច្នេះ​ វា​ជា​ការ​ប្រសើរ​ណាស់​ដែល​លោក​ប្រធានាធិបតី​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ។​ ការណ៍​នេះ​គឺ​សំខាន់​ណាស់»។​

លោក​ Woody Allen​ បាន​និយាយថា៖​

«ក្តីសង្ឃឹម​មាន​៨០​ភាគរយ​ ដូច​នេះ​លោក​ទទួល​បាន​ពន្ទុ​ល្អ​សម្រាប់​លទ្ធផល​នេះ»។​

ដោយសារ​តែ​ការ​មិន​អាច​ព្យាករណ៍ទុក​មុន​អំពី​លោក​ប្រធានាធិបតី​ ​លោក​ Goodman​ បាន​និយាយ​ថា ​ ការ​ដក​ពិសោធន៍​ធំ​ទីមួយ​គឺ​ថា​ តើ​លោក​ប្រធានាធិបតី​នឹង​ថ្លែង​សុន្ទរកថា​ទៅ​តាម​ការ​ព្រាង​ទុក​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ដែរ​ឬ​ទេ៕​

ប្រែសម្រួល​ដោយ​ លឹម​ ហ្គេចហៀង

XS
SM
MD
LG