មិនទាន់មានព័ត៌មានជាផ្លូវការនៅឡើយទេ ប៉ុន្តែប្រភពជិតស្និតជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់តម្រុយថា លោកទំនងនឹងមានកិច្ចពិភាក្សានៅថ្ងៃសុក្រនេះ ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពេលមានកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅក្នុងប្រទេសវៀតណាម។
លោករដ្ឋមន្ត្រីក្រសួងការបរទេស Rex Tillerson ដែលធ្វើដំណើរជាមួយនឹងលោកប្រធានាធិបតីនៅក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃនៅតំបន់អាស៊ីនោះ បានធ្វើឲ្យពាក្យចចាមអារ៉ាមនេះបន្តមានឡើង។ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖«ច្បាស់ណាស់ក្រុមមេដឹកនាំនឹងជួបជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលនេះ។ វាមិនមានអ្វីខុសធម្មតានោះទេ ប្រសិនបើពួកគេមានជួបប្រជុំគ្នាក្រៅកិច្ចប្រជុំដែរនោះ»។
ជាមួយគ្នានេះដែរ មន្ត្រីកាទូតកំពូលរបស់អាមេរិករូបនេះបានលើកឡើងថា កិច្ចប្រជុំនេះប្រហែលមិនមែនជាកិច្ចពិភាក្សាទ្វេភាគីពេញលេញនោះទេ។
លោក Tillersonបានចោទសួរដោយឌឺដងថា៖ «នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នា តើត្រូវមានរបៀបវារៈច្បាស់លាស់ដែរឬ»? លោកបានបន្តថា៖ «មិនទាន់មានសេចក្តីសម្រេចអ្វីនៅឡើយទេ។ ប្រសិនបើយើងនឹងមានកិច្ចប្រជុំអ្វីមួយនោះ យើងត្រូវធ្វើឲ្យប្រាកដថា នឹងមានកិច្ចប្រជុំដែលមានន័យមួយ»៕