ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ដូណាល់ ​ត្រាំ ​ព្រមាន​ថាសហរដ្ឋ​អាមេរិក​ប្រុង​ប្រៀប​រួច​​ហើយប៉ុន្តែ​មិន​ប្រញាប់​ទេ


ប្រធានាធិបតី ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​ចាក​ចេញ​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ​ Florida កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៩។

សហរដ្ឋ​អាមេរិក​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ទី​កន្លែង​ចំនួន​៣ក្នុង​ប្រ​ទេស​អ៊ីរ៉ង់​នៅ​ក្នុងការ​សងសឹកចំពោះ​ការ​បាញ់​ទម្លាក់យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ «ដ្រូន»​ នៅ​លើ​ច្រក​សមុទ្រ ​Hormuz ​ក៏ប៉ុន្តែ ​បានបញ្ជា​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​នោះ​ភ្លាមៗ​ដើម្បី​ប្រណីដល់​ជីវិត​ពលរដ្ឋ​អ៊ីរ៉ង់។

ការបញ្ចេញ​ព័ត៌មាន​ដោយ​ប្រធានា​ធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម​កាល​ពី​ថ្ងៃ​សុក្រ ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​សេច​ក្តី​រាយ​ការណ៍​ជា​បន្ត​បន្ទាប់ ​ដែលបាន​រាយការណ៍​មុន​គេ​ដោយ​កាសែត​ The New York Timesថា ប្រធានា​ធិបតី​ ត្រាំ ​កាល​ពី​ដំបូង​បាន​អនុញ្ញាត​ឲ្យ​វាយ​ប្រហារ​លើ​ទីដៅ​មួយ​ចំនួន​របស់​អ៊ីរ៉ង់​ដូច​ជា ​ប្រព័ន្ធ​រ៉ាដា ​កាំជ្រួច​មីស៊ីល​ប្រើ​ថ្មពិល ​មុន​ពេល​ផ្អាក​ភ្លាមៗ។

លោក​ប្រធានា​ធិបតី ​ត្រាំ បាន​និយាយ​នៅ​លើ​សារ​តាម​ប្រព័ន្ធ​ Twitter​ ថា៖ «យើង​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បីសង​សឹក​កាល​ពី​យប់​មិញ​លើ​ទី​កន្លែង​ចំនួន​៣​ខុសៗ​គ្នា​នៅ​ពេល​ដែល​ខ្ញុំបាន​ស្នើ​សុំ ​តើ​មនុស្ស​ប៉ុន្មាន​បាន​ស្លាប់។​ មនុស្ស​១៥០​នាក់ ​ជា​ចម្លើយ​មក​ពី​ឧត្តមសនីយ៍​ម្នាក់។ ១០នាទី​មុនការ​វាយ​ប្រហារ​នោះ​ ខ្ញុំ​បញ្ឈប់​ការ​វាយ​ប្រហារ​នោះ»។

លោក​ត្រាំ ​និយាយ​ទៀត​ថា៖ «ខ្ញុំ​មិន​ប្រញាប់​ទេ។ យោធា​របស់​យើង​ត្រូវ​បាន​ស្ថាប​នាឡើង​វិញ​ថ្មី ​ហើយ​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ធ្វើ​សង្គ្រាម។​ យោ​ធា​របស់​យើង​ល្អ​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក»។

លោក​ប្រធានា​ធិបតី​ ត្រាំ ​ក៏បាន​និយាយដែរ​ថា លោក​បាន​អនុញ្ញាត​ឲ្យ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ប្រឆាំង​នឹង​អ៊ីរ៉ង់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​ដាក់​សម្ពាធ​ជា​អតិបរមា​របស់​រដ្ឋបាល​លោក​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ចាប់​ផ្តើម​ការ​ចរចា​ឡើង​វិញអំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់៕

XS
SM
MD
LG