ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលនា​មូលដ្ឋាន​គាំ​ទ្រ​ជន​ភៀស​ខ្លួន​កំពុង​តែ​កើន​ឡើង​នៅរដ្ឋធានីវ៉ាស៊ីនតោន


អ្នកចូលរួមពិធី One Journey ដែលនិយាយពីរឿងរ៉ាវរបស់ជនភៀសខ្លួននៅសហរដ្ឋអាមេរិក។

អ្នកស្រី Chan ដែលជាជនភៀសខ្លួនមួយរូប ពន្យល់​ថា​៖ «យើង​នឹង​បង្កើត​វេទិកា​ឌីជីថល​ដែល​អ្នក​ចូល​រួម​ក្នុង​ពិធីបុណ្យ​អាច​ភ្ជាប់​ ​និង​រៀន​អំពី​រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​ដោយ​ផ្ទាល់​ពី​ជន​ភៀស​ខ្លួន​ដែល​កំពុង​អង្គុយ​នៅ​ម្ខាង​ទៀត​នៃ​វេទិកា​នេះ និង​ដែល​កំពុង​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​​ជុំ​វិញ​ពិភពលោក»។

នៅ​ពេល​កើត​មាន​វិបត្តិ​ជន​ភៀស​ខ្លួន​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​បង្ខំ​ប្រជាជន​ជិត​ ៦៩​ លាន​នាក់​ទូ​ទាំង​ពិភព​លោកចាក​ចោល​ផ្ទះ​សម្បែង អ្នកស្រី Wendy Chan ចង់​ប្រាប់​រឿង​រ៉ាវ​មនុស្ស​ជាតិនៅ​ពី​ក្រោយ​ការ​ចាក​ចោល​លំនៅ​ស្ថាន​ទ្រង់​ទ្រាយ​ធំ​បែប​នេះ។

ខណៈ​ពេល​ដែល​ចំនួន​នៃ​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​កាត់​បន្ថយ​ដោយ​រដ្ឋ​បាល​លោក​ Trump អ្នកស្រី Chan សហ​ស្ថាបនិក​អង្គការ One Journey ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិនមក​កាន់​សហរដ្ឋ​អាមេរិក តាំង​ពី​តូច​ជា​មួយ​គ្រួសារ​អ្នកស្រី បាន​លើក​ឡើង​ថា៖

«អង្គការ​ជា​ច្រើន​កំពុង​ព្យាយាម​ប្រាប់​រឿងរ៉ាវ​អំពី​ជន​ភៀស​ខ្លួន​តាម​រយៈ​តួ​លេខ ប៉ុន្តែ​អង្គការ​មិន​ច្រើនទេ​ដែល​ផ្ដោត​លើបទ​ពិសោធន៍​ស៊ី​ជម្រៅ តាម​រយៈ​ការ​រៀប​រាប់​រឿង​វិជ្ជមាន​ល្អៗ ពីព្រោះ​ខ្ញុំ គិត​ថា​វា​មាន​សារៈសំខាន់ សម្រាប់​យើង​ទាំងអស់​គ្នា ដើម្បី​បង្ហាញ​រឿង​រ៉ាវ​មិន​គួរ​ឲ្យ​ជឿ​នៃ​ភាព​អំណត់​អន់​ធន់ និង​ក្ដី​សង្ឃឹម​របស់​ជន​ភៀស​ខ្លួន»​។

អ្នកស្រី​ Chan បន្ថែម​ថា៖ អង្គការ One Journey បង្កើត​ឡើង​ដើម្បី​ជួយ​ផ្លាស់​ប្ដូរ​របៀប​រៀប​រាប់​រឿង​រ៉ាវ​របស់​ជន​ភៀស​ខ្លួន​និង​ដើម្បី​បង្ហាញ​ពី​ការ​ចូល​រួម​ចំណែក និង​ទេព​កោសល្យ​របស់​ជន​ភៀស​ខ្លួន​ទៅ​កាន់​សង្គម​របស់​យើង។ អង្គការ One Journey ចង់​ផ្សា​ភ្ជាប់​ប្រជាពលរដ្ឋ​ទៅ​នឹង​វិបត្តិ​ជន​ភៀស​ខ្លួន។​

ការ​ប្រារព្ធ​ពិធីលើក​ដំបូង​របស់​ក្រុម​ជន​ភៀស​ខ្លួន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា នៅ​ក្នុង​បរិវេណ​ព្រះ​វិហារ National Cathedral ក្នុង​រដ្ឋ​ធានី ​Washington។​

អ្នកស្រី Chan និង​សហស្ថាបនិក ​អង្គការ One Journey លោក ​Vanda Berninger បាន​រៀប​ចំ​នាំ​យក​នូវ​ក្រុម​របាំ ក្រុម​ភ្លេង ក្រុម​អ្នក​សូត្រ​ កំណាព្យ ដែល​សុទ្ធ​តែ​ជា​ជន​ភៀស​ខ្លួន​ទូទាំង​ប្រទេស។ កាល​ពី​ឆ្នាំ​មុន មាន​អ្នក​ចូល​រួម​ក្នុង​ពិធី​នេះ​ជាង ៤ពាន់​នាក់។ នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​មាន​ការ​ចូល​រួម​សហការ​រវាង​អង្គការ​ជាង ២០០ សិល្បករ​ក្នុង​ស្រុក ម្ចាស់​អាជីវកម្ម និង​សាជីវកម្ម​អន្តរជាតិ​ធំៗ អ្នកស្រី Chan រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​ជាង ៨០០០ នាក់។​

ចំណុច​សំខាន់​មួយ​នៃ​ពិធី​បុណ្យ​នេះ​គឺ​បច្ចេកវិទ្យា​ឌីជីថល​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ដូចជាង Share Studio ជាដើម​។

អ្នកស្រី​ Chan ពន្យល់​ថា​៖ «យើង​នឹង​បង្កើត​វេទិកា​ឌីជីថល​ដែល​អ្នក​ចូល​រួម​ក្នុង​ពិធីបុណ្យ​អាច​ភ្ជាប់​ ​និង​រៀន​អំពី​រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​ដោយ​ផ្ទាល់​ពី​ជន​ភៀស​ខ្លួន​ដែល​កំពុង​អង្គុយ​នៅ​ម្ខាង​ទៀត​នៃ​វេទិកា​នេះ និង​ដែល​កំពុង​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួនជុំ​វិញ​ពិភពលោក»។

លោក Sean Burk ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យនេះ​ជាមួយ​កូន​បី​នាក់ ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​រៀប​ចំ​នេះ។ លោក​បាន​ប្រាប់​ VOA ថា៖ «វា​ពិត​ជា​មាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ណាស់​សម្រាប់​កូន​ៗ​របស់​ខ្ញុំ ដែល​ពួក​គេ​បាន​អង្គុយ​នៅ​ទៅ​នោះ​ និង​បាន​ស្ដាប់​នូវ​រឿង​ដែល​មនុស្ស​នៅ​ទី​នោះ​បាន​ជួប​ប្រទះ។ ​អ្នកដឹង​ថា ពួក​គេ​ពិត​ជា​ចង់​យល់​អំពី​រឿង​លំបាក​ៗ​ដែល​ពួក​គេ​ធ្លាប់​ឆ្លងកាត់ និង​ចង់​ដឹង​ថា​តើ​ពួក​គេ​អាច​ជួយ​បាន​ដោយ​របៀប​ណា»។​

ជនភៀសខ្លួនមកពីអ៊ីរ៉ាក់ចូលរួមសម្តែងមតនៅក្នុងពិធី One Journey កាលពីខែមិថុនា ឆ្នាំ២០១៨។
ជនភៀសខ្លួនមកពីអ៊ីរ៉ាក់ចូលរួមសម្តែងមតនៅក្នុងពិធី One Journey កាលពីខែមិថុនា ឆ្នាំ២០១៨។

កើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​រឿងរ៉ាវ​ទាក់​ទង​នឹង​ជន​ភៀស​ខ្លួន​ច្រើន​រាប់​មិន​អស់ អ្នកស្រី​ Chan បាន​រៀន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ជួយ​ផ្គត់​ផ្គង់​ដល់​ជនភៀស​ខ្លួន។

អ្នកស្រី​បាន​និយាយ​ថា៖ «ជីតា​ទួត​របស់​ខ្ញុំ​គឺ​ជា​អ្នកទោស​នយោបាយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​គុក​នយោបាយ​នៅ​អាយុ ៧៨ ឆ្នាំ។ ហើយ​ជីតា​របស់​ខ្ញុំ​បាន​ចាក​ចេញ​ពី​ប្រទេស​ចិន​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល ក្នុ​ង​នាម​ជា​ជន​ភៀស​ខ្លួន​»។

វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ Chan ដែល​មនុស្ស​ទូទៅ​ដឹង​ថា​ «ជន​ភៀស​ខ្លួន​គ្មាន​ជម្រើស​នោះ​ទេ។ ពួក​គេ​បាន​កើតខុស​កន្លែង និង​ខុសពេល​វេលា​នៃ​ប្រវត្តិសាស្ត្រ»។

ការ​ប្រឹង​ប្រែង​របស់​អ្នកស្រី Chan មិន​ត្រូវ​បាន​គេ​មើលរំលង​នោះ​ទេ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នកស្រី​ទទួលបាន​ពាន​រង្វាន់​សេវាកម្ម​ស្ម័គ្រ​ចិត្ត​ពី​ចៅហ្វាយ​ក្រុង​វ៉ាស៊ីនតោន។​

ទោះ​បី​ជា​អ្នកស្រី​ទទួល​យក​ពាន​រង្វាន់​នោះ​ប្រកប​ដោយ​កិត្តិយស​ក៏​ដោយ ក៏​អ្នកស្រី​ចង់​ឲ្យ​ចង់​ឲ្យ​មនុស្ស​ម្នា​ដឹង​ថា «អង្គការ One Journey គឺ​ពិត​ជា​ចលនា​មូលដ្ឋាន​មួយ»។ យើង​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ស្ម័គ្រ​ចិត្ត​ជាង ៣០០នាក់ ដែល​បាន​ចំណាយ​ពេល​ធ្វើ​ការ​ស្ម័គ្រ​ចិត្តជាង ៥ ឬ ៦ ពាន់​ក្នុង​មួយឆ្នាំ»។

អ្នកស្រី Chan ដែល​សព្វ​ថ្ងៃ​ជា​នាយិកា​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​សកល​មួយ មាន​អារម្មណ៍​ដូច​ជា «ត្រូវ​ឆ្នោត​រង្វាន់​ធំ» អញ្ចឹង​ ដោយ​សារតែ​អ្នកស្រី​ អាច​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក និង​រស់​នៅ​ក្នុង​ជីវិត​មួយ​ដ៏​សំបូរ​បែប។

អ្នកស្រី​បាន​រៀប​រាប់​ក្នុង​សម្ដី​ដើម​ថា៖ «​នេះ​ជា​ជីវិត​មួយ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បំពេញ​នូវ​សក្ដានុពល​ពេញ​លេញ​របស់​ខ្ញុំ។ ក្នុង​នាម​ជា​មនុស្ស​ដ៏​មាន​សំណាង​ម្នាក់​ក្នុង​ជីវិត​នេះ​ខ្ញុំមាន​អារម្មណ៍​ថា ខ្ញុំ​មាន​កាតព្វកិច្ច​ជួយ​ជន​ភៀសខ្លួន»៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

XS
SM
MD
LG