លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ មានសុទិដ្ឋិនិយមចំពោះការប្តេជ្ញាចិត្តរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅអំឡុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តជាមួយមេដឹកនាំកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញ។
ដោយបានថ្លែងនៅឯសេតវិមានជាមួយនឹងវត្តមានលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merke លោក ត្រាំ បាននិយាយថា «ខ្ញុំមិនគិតថាលោក គីម កំពុងលេងសើចនោះទេ។ មិនដែលបានមកដល់ជំហាននេះទេ»។
កាលពីថ្ងៃសុក្រ លោក គីម បានក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូង ដែលបានឈានជើងចូលក្នុងទឹកដីកូរ៉េខាងត្បូង នៅពេលលោកដើរឆ្លងកាត់ព្រំដែនទៅចាប់ដៃប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។
មេដឹកនាំទាំងពីរបានយល់ព្រមធ្វើការរួមគ្នាដើម្បីលុបចោលអាវុធនុយក្លេអ៊ែរទាំងអស់ពីឧបទ្ទីបកូរ៉េទាំងមូល។ ពួកគេក៏បានសច្ចាថានឹងបន្តកិច្ចចរចាដែលនឹងនាំឲ្យមានការបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ។
ប្រទេសកូរ៉េខាងជើងធ្លាប់បានប្តេជ្ញាចិត្តស្រដៀងគ្នានេះកាលពីពេលកន្លងទៅ អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានបរាជ័យក្នុងការអនុវត្ត។ នៅពេលសួរថាតើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងព្យូងយ៉ាងនៅពេលនេះ ជាការពិតដែរឬទេ? លោក ត្រាំ បានឆ្លើយថា «យើងនឹងមិនឲ្យគេបោកបញ្ឆោតនោះទេ»។
លោក ត្រាំ បាននិយាយបន្ថែមថា «រដ្ឋបាលនេះមិនដូចរដ្ឋបាលពេលមុនទេ។ យើងមិនលេងសើចនោះទេ។ រដ្ឋបាលមុនៗបណ្តោយឲ្យគេកេងចំណេញពីអាមេរិក» ។ កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំដែលអាចកើតឡើងរវាងលោក គីម និងលោក ត្រាំ បានបង្ហាញពីការវិវត្តគួរឲ្យកត់សម្គាល់ ផ្ទុយពីអ្វីដែលមនុស្សជាច្រើនធ្លាប់បានគិតពីការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរនោះ។
លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំមួយជាមួយកូរ៉េខាងជើងក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។
លោកបាននិយាយថា ក្រុមមន្រ្តីកំពុងពិចារណាអំពីទីតាំងប្រជុំពីរបីកន្លែង ប៉ុន្តែលោកមិនបាននិយាយអំពីឈ្មោះទីតាំងទាំងនោះទេ៕