ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិកបោះឆ្នោត​ការពារ​រដ្ឋអាជ្ញា​ពិសេស​ពី​ការ​បណ្តេញ​ចេញ​ដោយ​បំពាន


ទីប្រឹក្សា​ពិសេស​លោក Robert Mueller ចាកចេញ​ពី​ការប្រជុំ​សភា​ស៊ើបអង្កេត​ករណី​ផ្សំគំនិត​រវាង​រុស្ស៊ី​និង​អាមេរិក​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន​កាលពី​ថ្ងៃទី ២១ មិថុនា​ ២០១៧។
ទីប្រឹក្សា​ពិសេស​លោក Robert Mueller ចាកចេញ​ពី​ការប្រជុំ​សភា​ស៊ើបអង្កេត​ករណី​ផ្សំគំនិត​រវាង​រុស្ស៊ី​និង​អាមេរិក​ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន​កាលពី​ថ្ងៃទី ២១ មិថុនា​ ២០១៧។

គណៈកម្មាធិការ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តុលាការ​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​អនុម័ត​សំណើព្រៀង​ច្បាប់​របស់​គណបក្ស​ទាំងពីរ​ដែល​នឹង​ការពារ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បំពាន​រដ្ឋ​អាជ្ញា​ពិសេស​ដែល​កំពុង​ស៊ើបអង្កេត​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅ​ក្នុង​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ២០១៦។

សំណើព្រៀង​ច្បាប់​នេះ​បាន​ទទួល​សំឡេង​គាំទ្រ១៤ទល់​នឹង៧សំឡេង​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រសួង​យុត្តិធម៌​ចេញ​បទបញ្ញាត្តិ​មួយ​ថា​មាន​តែ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ ឬ​អ្នក​តំណាង​តែងតាំង​ដោយ​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​ដែល​មាន​អំណាច​បណ្តេញ​រដ្ឋអាជ្ញា​ពិសេស​បាន​លើ​បទចោទ«មាន​កំហុស​ មិន​គោរព​កាតព្វកិច្ច​ អសមត្ថភាព​ ទំនាស់​ផលប្រយោជន៍​បុគ្គល​ ឬ​បង្ក​បញ្ហា​ផ្សេង​ទៀត»។

សំណើ​នេះ​នឹង​ផ្តល់​ការ​ពារពារ​បន្ថែម​ដល់​ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​ ដែល​បច្ចនុប្បន្ន​ដឹកនាំ​ដោយ​លោក Robert Mueller ដែល​នឹង​អនុញ្ញាត​ឲ្យលោក​ស្នើ​ទៅ​តុលាការ​ឲ្យ​ត្រួតពិនិត្យ​ភ្លាមៗ​ប្រសិន​បើ​មាន​ការ​ណ្តេញចេញ​ និង​តម្រូវ​ឲ្យ​លោក​រាយការណ៍​ទៅ​សភា​ជំនួស​ឲ្យ​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​អំពី​ការ​រក​ឃើញ​របស់​លោក​ក្នុង​ករណី​ស៊ើបអង្កេត​នេះ។​

ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ពីរ​រូប​និង​គណបក្ស​សាធារណៈរដ្ឋ​ពីរ​រូប​កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​ បន្ទាប់​ពី​មាន​ការ​រិះគន់​របស់​លោក​ប្រធានាធិបតី Donald Trump ចំពោះ​ការ​វាយឆ្មក់​ចូល​ឆែកឆេរ​របស់​កងកម្លាំងFBIទៅ​ក្នុង​កន្លែង​ស្នាក់​នៅ​ និង​ជា​ការិយាល័យ​របស់​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក​ ដែល​ការណ៍​នេះ​បណ្តាល​ឲ្យ​ការិយាល័យ​រដ្ឋអាជ្ញា​ពិសេស​មាន​ការ​ព្រួយ​បារម្ភ​ថា​ លោក Trump ប្រហែល​នឹង​បណ្តេញ​ ឬ​បញ្ជា​ឲ្យ​ដក​តំណែង​លោក Mueller។

លោក Mueller កំពុង​ដឹកនាំ​ដំណើរការ​ស៊ើបង្កេត​សហព័ន្ធ​នៅក្នុង​ករណីជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​សហរដ្ឋអាមេរិក​ និង​អាច​មាន​ការឃុបឃិត​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump។ លោក Trump ធ្លាប់​បាន​និយាយ​ថា​គ្មាន​ការឃុបឃិត​ និង​បាន​ចោទប្រកាន់​ដំណើរ​ស៊ើបអង្កេត​នេះ​ថា​ជា​ការ«ធ្វើ​ទុក្ខបុកម្នេញ»លើ​រដ្ឋបាល​របស់​លោក៕

XS
SM
MD
LG