លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិយាយថា លោករំពឹងនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននៅពេលឆាប់ៗនេះហើយបានសរសើរលោកគីមថាមានការបើកចំហរនិងស្មោះត្រង់បំផុត។
លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអង្គារបន្ទាប់ពីចរចាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ថា «គេបានប្រាប់យើងចំៗថា ពួកគេចង់មានជំនួបនៅពេលឆាប់ៗនេះទៅតាមលទ្ធភាពដែលអាចធ្វើបាន។ យើងគិតថា នេះជាការអស្ចារ្សសម្រាប់ពិភពលោក»។
លោកត្រាំមានប្រសាសន៍ទៀតថា «យើងនឹងឃើញទីកន្លែងដែលយើងនឹងទៅ»។លោកប្រធានាធិបតីត្រាំបាននិយាយឡើងវិញថា «លោកមានឆន្ទៈដើរចេញពីការចរចាជាមួយកូរ៉េខាងជើង ក៏ប៉ុន្តែ បញ្ជាក់ថា «ខ្ញុំគិតថា យើងមានឱកាសធ្វើអ្វីដែលពិសេស»។
សេតវិមានបានប្រាប់ឲ្យដឹងថា គោលដៅផ្តាច់ព្រាត់នៃការចរចារវាងប្រធានាធិបតីត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរ។ សេតវិមានប្រាប់ឲ្យដឹងបន្តទៀតថា «យុទ្ធនាការនៃការដាក់គំនាបអតិបរមាលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងបន្តហើយការដាក់ទណ្ឌកម្មប្រទេសឯកោនេះ នឹងមិនលុបចោលទេ រហូតទាល់តែចំណាត់ការដ៏សុក្រិត្យត្រូវបានធ្វើឡើងហើយមិនមានអាវុធនុយក្លេអ៊ែរ។
នៅពេលដែលអ្នកកាសែតសួរថា តើការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរទាំងស្រុងនោះមានន័យយ៉ាងដូចម្តេច? ប្រធានាធិបតីត្រាំបានឆ្លើយថា «វាមានន័យថា គេត្រូវតែកំចាត់អាវុធនុយក្លេអ៊ែរ»។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសពីការបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងការបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តរទ្វីប៕