រដ្ឋមន្រ្តីការពារប្រទេសលោក Jim Mattis បានថ្លែងថា មិនទាន់មានការសម្រេចជុំវិញការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នោះទេប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តក្នុងទ្វីបអ៊ឺរ៉ុបដើម្បីពិនិត្យមើលរកវិធីសាស្រ្តធ្វើឲ្យកិច្ចព្រមព្រៀងនេះមានភាពប្រសើរឡើង។
លោក Mattis បានថ្លែងនៅក្នុងសវនាការចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធាកាលពីថ្ងៃព្រហស្បតិ៍ថា «យើងនៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ថាតើយើងអាចកែតម្រូវកិច្ចព្រមព្រៀងនេះ ឬលោកប្រធានាធិបតីក៏មិនទាន់សម្រេចដកខ្លួនចេញឬយ៉ាងណាទេ»។
ប្រធានាធិបតីបារំាងលោកEmmanuel Macron ដែលទើបបញ្ចប់ដំណើរទស្សនៈកិច្ចនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានថ្លែងថាលោកជឿថាលោកប្រធានាធិបតីDonald Trump នឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។ លោក Macronបានថ្លែងនៅក្នុងសិន្នសីទសារព័ត៌មានដោយធ្វើការសង្ខេបអំពីដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃរបស់លោកថា «ខ្ញុំមិនដឹងពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែតាមការវិភាគភ្លាមៗទៅលើសេចក្តីថ្លែងការណ៍របស់លោក Trump ធ្វើឲ្យខ្ញុំគិតថាលោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ»។
នៅពេលសួរថា តើការសម្រេចបែបនេះនឹងបង្ហាញពីបរាជ័យរបស់លោកឬទេ? លោក Macron ឆ្លើយថាលោកគ្មានតួនាទីបញ្ចុះបញ្ចូលលោក Trump ឲ្យដើរចេញពីយុទ្ធនាការនៃការប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែលោកគ្រាន់តែអាចបង្ហាញថាកិច្ចព្រមព្រៀងនោះមានលក្ខណៈសមស្របប៉ុណ្ណោះ។
កាលពីថ្ងៃពុធ លោក Macronបានជំរុញឲ្យសភាសហរដ្ឋអាមេរិកធ្វើការធានាថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ៕