ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ដែល​លោកត្រាំតែងតាំងប្ដេជ្ញា​ដឹកនាំ​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល​អាមេរិក​ដោយ​ឯករាជ្យ​


ស្លាកភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សាកល ហៅ​កាត់​ថា USAGM

អ្នក​រិះគន់​លោកត្រាំមួយ​ចំនួន​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ថា លោក​អាច​នឹង​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​ផ្សាយ​ព័ត៌មាន​ទាំង​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ផ្សាយ​ការ​ឃោសនា​ដែល​មាន​សំឡេង​តែ​ម្ខាង ដើម្បី​លើក​កម្ពស់​គោលនយោបាយ​រដ្ឋបាល​របស់​លោក។

បេក្ខជន​ដែល​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ តែងតាំង​សម្រាប់​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សាកលហៅ​កាត់​ថា USAGM បាន​ប្ដេជ្ញា​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​ភាព​ឯករាជ្យ​ដោយ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ។

បេក្ខជន​ដែល​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ តែងតាំង​ឲ្យ​ដឹកនាំ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សាកល ហៅ​កាត់​ថា USAGM បាន​ផ្ដល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែកញ្ញា កន្លង​ទៅ​នេះ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស​ អំពី​ការ​ព្រួយបារម្ភ​ទៅ​លើ​ថា​តើ​លោក​អាច​នឹង​ដឹកនាំ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋាភិបាល​អាមេរិក ដូចជា​សំឡេង​សហរដ្ឋអាមេរិក VOA ដោយ​មិនមាន​ភាព​លំអៀង​នយោបាយ​ដែរ​ឬ​ទេ។ សំឡេង​សហរដ្ឋអាមេរិក VOA គឺ​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែល​ច្បាប់​តម្រូវ​ឲ្យ​ផ្សាយ​ព័ត៌មាន​ដោយ​មិន​លំអៀង​នោះ​ឡើយ។

លោក Michael Pack ដែល​ជា​ត្រូវ​បាន​លោក​ប្រធានាធិបតី​តែងតាំង​ឲ្យ​ដឹកនាំ​ USAGM កាល​ពី​១៦​ខែ​មុន បាន​ថ្លែង​ថា៖ «ទីភ្នាក់ងារ​នេះ​ទាំងមូល​មាន​ការ​ជឿជាក់​ថា អ្នក​កាសែត​គឺ​ឯករាជ្យ​ដោយ​គ្មាន​ឥទ្ធិពល​នយោបាយ​ ដែល​ប្រាប់​ពួកគេ​ពី​វិធី​រាយការណ៍​ព័ត៌មាន​និង​អ្វី​ដែល​ពួកគេ​គួរ​និយាយ​នោះ​ទេ។ ខ្ញុំ​គិត​ថា បើ​គ្មាន​ជំនឿ​ទុកចិត្ត​នេះ​ទេ ទីភ្នាក់ងារ​នេះ​នឹង​ទន់ខ្សោយ​ទាំង​ស្រុង»។ ​
លោក John Lansing គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ USAGM ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​ លោក បារ៉ាក់ អូបាម៉ា កាល​ពី​ឆ្នាំ២០១៥។ លោក Lansing គ្រោង​នឹង​លាលែង​ពី​តំណែង​នៅ​ចុង​ខែ​កញ្ញា​នេះ ដើម្បី​ទៅ​បម្រើការ​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់​វិទ្យុ NPR ដែល​ជា​វិទ្យុ​ឯករាជ្យ​និង​សាធារណៈ​មួយហើយ​មិន​ស្វែងរក​ប្រាក់​ចំណេញ។

ចំណង​ទាក់ទង​នយោបាយ

លោក Pack គឺ​ជា​ផលិតករ​ខ្សែ​ភាពយន្ដ​ឯកសារ ដែល​ធ្លាប់​ដឹកនាំ​វិទ្យាស្ថាន​អភិរក្សនិយម Claremont ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ កាលីហ្វ័រញ៉ា។ លោក​ក៏​ធ្លាប់​បម្រើការ​ឲ្យ​សហគ្រាស​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ ដែល​ជា​ស្ថាប័ន​មួយ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ផង​ដែរ។

កាល​ពី​ឆ្នាំ​២០០២ អតីត​ប្រធានាធិបតី​អាមេរិក លោក George W. Bush បាន​តែងតាំង​លោក Pack ឲ្យ​បម្រើការ​នៅ​ក្នុង​ក្រុមប្រឹក្សាជាតិ​ ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌។ កាល​ពី​ដើម​ទសវត្ស​១៩៩០ លោក​បាន​ដឹក​នាំ​ទូរទស្សន៍​ WorldNet ដែល​ជា​របស់​រដ្ឋ ហើយ​ក្រោយ​មកក្លាយ​ជា​កម្មវិធី​មួយ​របស់​ VOA។

លោក Pack ក៏​មាន​ចំណង​ទាក់ទង​ជាមួយ​នឹង​លោក Steve Bannon ដែល​ជា​អតីត​នាយក​ផ្នែក​យុទ្ធសាស្ត្រ​នៅ​សេតវិមាន​ក្នុង​រដ្ឋបាល​របស់​លោក ត្រាំ និង​ជា​អតីត​ប្រធាន​បណ្ដាញ​សារព័ត៌មាន Breitbart News ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា គឺ​ជា​អ្នកគាំទ្រ​បុព្វហេតុ​ជាតិ​និយម​និង​អភិរក្ស​និយម​ផង​ដែរ។ ​

លោក Pack និង​លោក Bannon បាន​ធ្វើ​ការ​រួម​គ្នា​ទៅ​លើ​ភាពយន្ត​ឯកសារ​នានា​ដែល​ពិនិត្យ​ទៅ​លើ​សង្គ្រាម​អ៊ីរ៉ាក់ គឺ​រឿង «The Last 600 Meters» និង​រឿង​ដែល​ពិនិត្យ​ទៅ​លើ​ថាមពល​បរមាណូ គឺ​រឿង «Rickover: The Birth of Nuclear Power»។ ​

លោក Pack បាន​សរសេរ​អត្ថបទ​មួយ​កាល​ពី​ឆ្នាំ​២០១៧​ឲ្យ​គេហទំព័រ​សារព័ត៌មាន The Federalist ដែល​លោក​បាន​ស្ងើច​សរសើរ​លោក Bannon ថា​ជា​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​អភិរក្ស​និយម​ដ៏​ជោគជ័យ​មួយ​រូប ប៉ុន្តែ​លោក​ក៏​បាន​រិះគន់​អំពី​ភាព​លំអៀង​ទៅ​លើ​ភាព​សេរីនិយម​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​ផង​ដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ

USAGM មាន​ថវិកា​ចាយវាយ​ចំនួន​៦២៨​លាន​ដុល្លារ។​ ទីភ្នាក់ងារ​នេះ​គ្រប់គ្រង​ទៅ​លើ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ដែល​ផ្ដល់​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក ហើយ​ស្ថាប័ន​សារព័ត៌មាន​ទាំង​នោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស​ចំនួន​១០០ ដែល​ផ្សាយ​ដល់​អ្នក​ស្ដាប់​ប្រមាណ​៣៤៥​លាន​នាក់។​ កាល​ពី​ដើម​ឆ្នាំ​នេះ ទីភ្នាក់ងារ​នេះ​បាន​ប្ដូរ​ឈ្មោះ​ពី​ក្រុម​ប្រឹក្សាភិបាល​គ្រប់គ្រង​ការ​ផ្សាយ​របស់​សហរដ្ឋអាមេរិក ហៅ​កាត់​ថា BBG ទៅ​ជា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សាកល ហៅ​កាត់​ថា USAGM វិញ។

បណ្ដាញ​សារព័ត៌មាន​ទាំង​នេះរួម​មាន​ VOA ដែល​ផ្សាយ​ព័ត៌មាន​ជាង​៤០​ភាសា​នៅ​ទូទាំង​ពិភពលោក និង​ទូរទស្សន៍​និង​វិទ្យុ Marti ដែល​ផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស គុយបា ទូរទស្សន៍ Alhurra និង​វិទ្យុ Sawa ដែល​ជា​បណ្ដាញ​ផ្សាយ​ជា​ភាសា​អារ៉ាប់ វិទ្យុ​អឺរ៉ុប​សេរី វិទ្យុ​សេរី និង​វិទ្យុ​អាស៊ី​សេរី។

ធម្មនុញ្ញ​របស់ VOA ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ទៅ​ជា​ច្បាប់​នៅ​ឆ្នាំ​១៩៧៦ និង​ច្បាប់​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​របស់​អាមេរិក តម្រូវ​ឲ្យ​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ដែល​ទទួល​ថវិកា​ចាយវាយ​ពី​រដ្ឋាភិបាល​ ធ្វើ​ការងារ​ទៅ​តាម​ក្រម​សីលធម៌​សារព័ត៌មាន។ អ្នក​តស៊ូ​មតិ​សម្រាប់​ព័ត៌មាន​សេរី​និយាយ​ថា ​ក្រុម​សីលធម៌​សារព័ត៌មាន​មាន​សារសំខាន់​ដើម្បី​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រភព​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​មួយ​សម្រាប់​អ្នក​ស្ដាប់​អន្តរជាតិ។ ​

លោក Al Tomkins ដែល​បង្រៀន​ក្រមសីលធម៌​អ្នកសារព័ត៌មាន​នៃ​វិទ្យាស្ថាន The Poynter Institute ដែល​ជា​ស្ថាប័ន​មួយ​ជួយ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាននិង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​អំពី​សារព័ត៌មាន​បាន​ថ្លែង​ថា៖ «អ្នក​មិន​មែន​ជា​ស្ថាប័ន​មួយ​ដែល​ត្រួតត្រា​ដោយ​រដ្ឋ​ ដែល​ផ្សាយ​ព័ត៌មាន​តែ​ជ្រុង​មួយ​នៃ​រឿង​ ដូច​ស្ថាប័ន​ព័ត៌មាន​របស់​រដ្ឋ​ភាគច្រើន​នៅ​ក្នុង​បណ្ដា​ប្រទេស​ដទៃទៀត​នោះ​ទេ‍»។

លោក David Jackson អតីត​នាយក VOA កាល​ពី​ទសវត្សរ៍ ២០០០ និយាយ​ថា មាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ចំពោះ​បេសកកម្ម​សារព័ត៌មាន​របស់​ទីភ្នាក់ងារ​នេះ ​ទាំង​ពី​សំណាក់សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ​សភា។

លោក​បាន​ថ្លែង​ថា៖ «សមាជិក​សភា​តំណាងរាស្ត្រ​តែងតែ​គាំទ្រ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​របស់ VOA និង​ទីភ្នាក់ងារ​ផ្សាយ​ព័ត៌មាន​ដទៃទៀត ដោយសារ​តែ​ពួកគេ​ទទួល​ស្គាល់​នូវ​តម្លៃ​នៃ​ការ​មាន​ប្រភព​ព័ត៌មាន​មួយ​ដែល​មនុស្ស​នៅ​ទូទាំង​ពិភពលោក​អាច​ជឿ​ទុក​ចិត្ត​បាន‍»។

ការជ្រៀតជ្រែកនយោបាយ

អ្នក​រិះគន់​លោកត្រាំមួយ​ចំនួន​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ថា លោក​អាច​នឹង​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​ផ្សាយ​ព័ត៌មាន​ទាំង​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ផ្សាយ​ការ​ឃោសនា​ដែល​មាន​សំឡេង​តែ​ម្ខាង ដើម្បី​លើក​កម្ពស់​គោលនយោបាយ​រដ្ឋបាល​របស់​លោក។

ក្នុង​អំឡុងពេល​នៃ​សវនាការ​នោះ លោក Bob Menendez សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​សមាជិក​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​ក្នុង​ព្រឹទ្ធសភា បាន​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​លោក Pack ជាមួយ​នឹង​លោក Bannon ហើយ​និង​អត្ថាធិប្បាយ​របស់​លោក​កាល​ពី​មុន​អំពី​ភាព​លំអៀង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី។ លោក​ Menendez បាន​សួរ​លោក Pack អំពី​របៀប​ដែល​លោក​នឹង​ការពារ​អ្នកសារព័ត៌មាន​នៃ​ទីភ្នាក់ងារ​នេះ​ពី​ការ​ជ្រៀតជ្រែក​នយោបាយ​និង​សម្ពាធ​នានា។

លោក Menendez បាន​សួរ​ថា៖ «តើ​លោក​មាន​សមត្ថភាព​ឆ្លើយ​ថា​ទេ ចំពោះ​ការ​ជ្រៀតជ្រែក​នយោបាយ​ឬ​ទេ?»‍

លោក Pack បាន​ឆ្លើយតប​វិញ​ថា៖ «ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​ធ្លាប់​និយាយ​ថា «ទេ‍» កាល​ពី​មុន‍»។ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​គណៈកម្មាធិការ​នេះ​អាច​នឹង​គាំទ្រ​បេក្ខភាព​របស់​លោក Pack ឬយ៉ាង​ណា​នោះ។ ប្រសិន​បើ​សម្រេច​គ្នា​ជា​ឯកច្ឆន្ទ​នោះ សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគច្រើនអាច​ជំរុញ​បេក្ខភាព​របស់​លោក Pack ​ត​ទៅ​មុខ​ទៀត​បាន​។ ​

លោក Menendez ក៏​បាន​សួរ​លោក Pack ឲ្យ​បញ្ជាក់​ថា លោក​នឹង​អាច​ឆ្លើយតប​ទៅ​នឹង​សំណួរ​លើ​ប្រធានបទ​សម្ងាត់​នានា​ដែល​មន្ត្រី​របស់​លោក​បាន​ផ្ញើ​ចេញ។ លោក Pack បាន​ថ្លែង​ថា លោក​នឹង​ឆ្លើយតប​វិញ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ដើម្បីកកូរកកាយ​រក​មើល​ឯកសារ​ចាស់ៗ​ដើម្បី​ឆ្លើយតប​នឹង​ចំណុច​ពិស្ដារ​នានា​ដែល​ត្រូវការ។

ការ​ឆែកឆេរ​ប្រវត្តិរូប​និង​ការ​ប្រមូល​ព័ត៌មាន​របស់​បេក្ខជន​នានា​ដែល​រង់ចាំ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​អាច​ពន្យារពេល​ដល់​ដំណើរការអនុម័ត។ ​

រឿង​អាស្រូវ​នៅ​ក្នុង​ទីភ្នាក់ងារ​

លោក Pack បាន​លើកឡើង​ថា ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​នេះ លោក​នឹង​ផ្ដល់​អាទិភាព​ទៅ​លើ​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ ក្រមសីលធម៌​របស់​បុគ្គលិក និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​រឿង​អាស្រូវ​ដែល​អាច​បន្ទាប​តម្លៃ​នៃភាព​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​នៃ​ស្ថាប័ន​នេះ​ត​ទៅ​ទៀត។

កាល​ពី​ខែ កក្កដា USAGM បាន​ផ្ដួចផ្ដើម​បើក​ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​មួយ​ទៅ​លើ​ការ​ចោទប្រកាន់​ថា អ្នក​កាសែត​របស់​ទូរទស្សន៍ Marti ម្នាក់ បាន​បន្លំ​ធ្វើ​ជា​មាន​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​មួយ​គ្រឿង ក្នុង​អំឡុងពេល​នៃ​ការ​ផ្សាយ​របាយការណ៍​តាម​ទូរទស្សន៍​មួយ​ពី​ប្រទេស Nicaragua។ កាល​ពី​ដើម​ឆ្នាំ​នេះ គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នកសារព័ត៌មាន​និង​សាស្ត្រាចារ្យត្រូវ​បាន​គាំទ្រ​ដោយ USAGM ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​ការ​ផ្សាយ​របស់​រដ្ឋាភិបាល​ទៅ​កាន់​ប្រទេស គុយបា។ ការ​ស៊ើបអង្កេត​នោះ​បាន​រក​ឃើញ​ថា មាន​ការ​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​មិន​ស្រប​តាម​ក្រមសីលធម៌ គ្មាន​វិជ្ជាជីវៈ លំអៀង ឬ​មិន​ទៅ​តាម​ស្ដង់ដារ​ដែល​អាច​ទទួល​យក​បាន។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់ USAGM ថ្មីៗ​នេះ ទើប​តែ​សារភាព​ទទួល​កំហុស​ថា​បាន​លួច​លុយ​របស់​រដ្ឋាភិបាល​អស់​ជិត​៤ម៉ឺន​ដុល្លារ តាមរយៈ​ការ​បន្លំ​វិក័យប័ត្រ​សណ្ឋាគារ​និង​រថយន្ត​តាក់ស៊ី ហើយ​និងទារ​លុយ​រដ្ឋាភិបាល​សម្រាប់​ចេញ​ថ្លៃ​ធ្វើដំណើរ​ផ្ទាល់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​អំពី​សៀវភៅ​របស់​ខ្លួន​និង​សម្រាប់​ដំណើរ​កំសាន្ត​នា​ពេល​ចុង​សប្ដាហ៍។

កាល​ពី​ឆ្នាំ​មុន អ្នកសារព័ត៌មាន​របស់ VOA ភាសា ហាវសា ចំនួន​១៥​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​ឬ​ដាក់​វិន័យ​ចំពោះ​ការ​ទទួល​យក​ប្រាក់​សំណូក​ពី​មន្ត្រី​នីហ្សេរីយ៉ា​ម្នាក់។

ប្រធាន​ VOA ភាសា​ចិន​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ឆ្នាំ​២០១៨​ដែរ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មហាសេដ្ឋី​ចិន​ដែល​និរទេស​ខ្លួន​ម្នាក់​និយាយ​វាយប្រហារ​មន្ត្រី​ចិន​ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​អំឡុងពេល​នៃ​ការ​ផ្សាយ​ផ្ទាល់​រយៈពេល​វែង​មួយ។

នៅ​ពេល​ដែល​លោក Lansing ចូល​គ្រប់គ្រង VOA ទីភ្នាក់ងារ​នេះ​មាន​ពោរពេញ​ទៅ​ដោយ​បញ្ហា​ក្រម​សីលធម៌។ ភារកិច្ច​ដំបូង​របស់​លោក គឺ​ត្រូវ​ស្តារ​ក្រម​សីលធម៌​ឡើង​វិញ តាមរយៈ​ការ​តែងតាំង​អ្នកស្រី Amanda Bennett ដែល​ធ្លាប់​ជា​អ្នក​កាសែត​ និង​ធ្លាប់​កាន់​តំណែង​ជាន់ខ្ពស់​មួយ​នៅ​ឯ​សារព័ត៌មាន Bloomberg News និង​សារព័ត៌មាន​ The Wall Street Journal ជា​នាយិកា​របស់​ VOA។​

លោក Lansing ក៏​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ការងារ​របស់​លោក តាមរយៈ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

លោក​បាន​ថ្លែង​កាលពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ថា៖ «ទោះ​ជា​មាន​រឿង​មិន​ល្អ​មួយ​ចំនួន​ក៏​ដោយ ក៏​យើង​មិនដែល​នៅ​ស្ងៀមស្ងាត់​នោះ​ទេ។ យើង​នឹង​បន្ដ​រាយការណ៍​អំពី​ការពិត។ យើង​នឹង​បន្ដ​ស្វែងរក​មធ្យោបាយ​ថ្មីៗ​ដើម្បី​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​ឯករាជ្យ​និង​ផ្សព្វផ្សាយ​ទៅ​កាន់​អ្នក​ស្ដាប់​ទៅ​ទូទាំង​ពិភពលោក​ដែល​ពឹង​ផ្អែក​លើ​ព័ត៌មាន​ទាំង​នោះ‍»។

នៅ​ក្នុង​ការ​ប្រកាសលាលែង​ពី​តំណែង​របស់​លោក Lansing កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្រធានក្រុមប្រឹក្សាភិបាល​របស់ USAGM លោក Kenneth Weinstein បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា «លោក John បាន​ធ្វើ​ឲ្យ USAGM មាន​ជំហរ​រឹងមាំ ដើម្បីពង្រឹង​បេសកកម្ម​របស់​យើង​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ដើម្បី​គាំទ្រ​ដល់​សេរីភាពនិង​លទ្ធិប្រជាធិបតេយ្យ។ ក្រុមប្រឹក្សាភិបាល​មាន​ការ​ដឹងគុណ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ពេល​អំឡុងពេល​ដែល​លោក​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​របស់ USAGM‍»។

លោក Lansing បាន​បង្កើន​អ្នកស្ដាប់​ប្រចាំ​សប្ដាហ៍​នៅ​ទូទាំង​ពិភពលោករហូត​ដល់​ជាង​១០០លាន​នាក់ និង​បាន​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​នេះ​ពី​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ទៅ​ជា​ការ​ផ្សាយ​តាម​វិទ្យុ​រលក​ខ្លី ដើម្បី​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​បណ្ដា​ប្រទេស ដែល​ត្រូវ​បាន​រារាំង​ឬ​ហាមឃាត់​មិន​ចាក់​ផ្សាយ​កម្មវិធី​របស់​អាមេរិក។​

​ក្រោម​ការ​ដឹកនាំ​របស់​លោក ទីភ្នាក់ងារ​នេះ​ក៏​បាន​បង្កើត​បណ្ដាញ​សារព័ត៌មាន Current Time ដែល​ជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ សេចក្ដីរាយការណ៍ និង​ភាពយន្ត​ឯកសារ​នានា​សម្រាប់​អ្នកនិយាយ​ភាសា​រុស្ស៊ី​ផង​ដែរ កាល​ពី​ឆ្នាំ២០១៧។ គេហទំព័រ Polygraph និង​គេហទំព័រ Faktograph ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រួតត្រា​ដោយ​រដ្ឋ​រុស្ស៊ី។ កម្មវិធី​ថ្មី​មួយដែល​មាន​ឈ្មោះ​ថា VOA365 ផ្សាយ​ជាភាសា ពែក ក៏​បាន​ចាប់​ផ្ដើម​ផ្សាយ​ព័ត៌មាន​កាល​ពី​ដើម​ឆ្នាំ​នេះ​ផង​ដែរ៕ ​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG