ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​នាយក​ប្រតិបត្តិ​លាលែង​ពី​តំណែង តើ​ទិសដៅ​របស់​​បណ្តាញ​ផ្សាយ​ព័ត៌មាន USAGM នឹង​ទៅ​ជា​យ៉ាង​ណា?


លោក John Lansing នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល បាន​ប្រកាស​ថា លោកនឹង​ចាកចេញ​ពីតំណែង​របស់​លោក​នៅ​ចុង​ខែ​កញ្ញា​នេះ។
លោក John Lansing នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល បាន​ប្រកាស​ថា លោកនឹង​ចាកចេញ​ពីតំណែង​របស់​លោក​នៅ​ចុង​ខែ​កញ្ញា​នេះ។

ការ​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ ឬ​ហៅ​កាត់​ថា USAGM របស់​លោក John Lansing បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​ថ្មី​ម្តង​ទៀត​ អំពី​បេសកកម្ម​និង​ទិសដៅ​នៃ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន USAGM គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ចំនួន​ប្រាំ រួម​មាន​វិទ្យុ​អាស៊ី​សេរី វិទ្យុ​អឺរ៉ុប​សេរី​និង​វិទ្យុ Liberty និង​សំឡេង​សហរដ្ឋ​អាមេរិក ដោយ​ផ្សាយ​ព័ត៌មាន​៦១​ភាសា ទៅ​កាន់​អ្នក​ស្តាប់​ប្រមាណ​ ៣៤៥លាន​នាក់ ក្នុង​មួយ​សប្តាហ៍។

លោក Lansing អាយុ​៦២ឆ្នាំ ដែល​ជា​នាយក​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ទូរទស្សន៍​អាមេរិក​ជើង​ចាស់​មួយ​រូប ត្រូវបាន​តែងតាំង​ជា​នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ផ្សាយព័ត៌មាន USAGM នេះ កាលពី​ឆ្នាំ​២០១៥ ហើយ​បាន​បំពេញ​តួនាទី​មួយ​នេះ ​នៅ​ក្រោម​អណត្តិ​រដ្ឋបាល​ប្រធានាធិបតី​ចំនួន​ពីរ​រូប។ ជា​ផ្លូវការ លោក​នឹង​ចាក​ចេញ​ពី​បណ្តាញ​ផ្សាយព័ត៌មាន USAGM នៅ​ចុងខែ​កញ្ញា​នេះ ហើយ​លោក​នឹង​ចាប់ផ្តើម​តំណែង​នាយក​ប្រតិបត្តិ​ថ្មី​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​តាម​វិទ្យុ​ជាតិ​ក្នុង​ស្រុក​មួយ​ នៅ​ពាក់​កណ្តាល​ខែ​តុលា​ខាង​មុខ​នេះ។

លោកស្រី Amanda Bennett នាយិកា​សំឡេង​សហរដ្ឋ​អាមេរិក ឬ​ហៅ​កាត់​ថា VOA បាន​ឲ្យ​ដឹង​ថា៖ «លោក​ John Lansing នឹង​ចាក​ចេញ​ពី​តំណែង​របស់​លោក​ដោយ​បន្សល់​ទុក​នូវ​កេរដំណែល​ដ៏​ពិសេស​មួយ។ លោក​បាន​ធ្វើ​ឲ្យ​បណ្តាញ USAGM ផ្តោត​លើ​បញ្ហា​សេរីភាព​នៃ​សារព័ត៌មាន​ឯករាជ្យ។ ហើយ​នេះ​គឺជា​កេរដំណែល​របស់​លោក‍»។

លោក Michael Pack (រូបថតដោយ៖ Manifoldproductions.com)
លោក Michael Pack (រូបថតដោយ៖ Manifoldproductions.com)

បេក្ខជន​តែងតាំង​ដោយ​លោក ត្រាំ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​តែងតាំង​លោក Michael Pack ដែល​ជា​ផលិតករ​ភាពយន្ត​ឯកសារ ជំនួស​តំណែង​លោក Lansing។ កាលពី​មុន លោក Pack ដែល​ជា​អ្នក​ស្រាវជាវ​ជាន់​ខ្ពស់​ម្នាក់ និង​ជា​អតីត​ប្រធាន​វិទ្យាស្ថាន Claremont ដែល​មាន​ទីស្នាក់​ការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ធ្លាប់​បាន​សហការ​ផលិតភាពយន្ត​ឯកសារ​មួយ​ចំនួន​ជាមួយ​លោក Stephen Bannon ដែល​ជា​អតីត​អ្នក​ប្រឹក្សាយោបល់​ម្នាក់​របស់​លោក​ប្រធានាធិបតី ត្រាំ។

ឈ្មោះ​របស់​លោក Pack ត្រូវបាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ខែ​មករា ប៉ុន្តែ​ត្រូវបាន​ជាប់​គាំង​នៅ​គណៈកម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​ប្រចាំ​ព្រឹទ្ធសភា។ VOA មិន​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​គណៈកម្មធិការ​នេះ​គឺ​លោក Jim Risch និង​សមាជិក​ជាន់​ខ្ពស់​ម្នាក់​ទៀត​គឺ​លោក Bob Menendez បាន​នៅ​ឡើយ​ទេ​ អំពីការ​តែងតាំង​លោក Pack ។

យ៉ាងណាមិញ លោក Pack អាច​ក្លាយ​ជា​នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន USAGM តាម​ពីរ​របៀប៖ ទី​មួយ​គឺ​តាមរយៈ​ការ​អនុម័ត​របស់​ព្រឹទ្ធសភា ឬ​ទីពីរ​គឺ​តាមរយៈ​ការ​តែងតាំង​ដោយ​ក្រុម​ប្រឹក្សាភិបាល​គ្រប់គ្រង​ការ​ផ្សាយ​របស់​សហរដ្ឋ​អាមេរិក (Broadcasting Board of Governor ឬ BBG) ដែល​ជា​ក្រុម​ប្រឹក្សា​ដោយ​មាន​សមាជិក​តំណាង​ពី​គណបក្ស​ពីរ​ធំៗ ក្នុង​នោះ​ក៏​រួម​មាន​រដ្ឋមន្ត្រី​ការបរទេស​លោក Mike Pompeo ផងដែរ។

ការ​តែងតាំង​លោក Pack ក៏​បាន​បង្ក​ជា​ការ​តស៊ូ​មតិគ្នា​អំពី​គោល​បំណង​របស់​លោក ត្រាំ លើ​បេសកកម្ម​របស់​បណ្តាញ​ផ្សព្វផ្សាយ​មួយ​នេះ ដោយ​សារ​លោក​ធ្លាប់​បាន​រិះគន់​ជា​រឿយៗ​លើ​បណ្តាញ​សារព័ត៌មាន​អាមេរិក​។

តាម​បណ្តាញ Twitter កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន លោក ត្រាំ បាន​រអ៊ូ​អំពី​ការ​រាយការណ៍ដោយ​លម្អៀង​លើ​រូប​លោក​ដោយបណ្តាញ​ CNN ហើយ​បាន​និយាយ​ថា «យើង​ត្រូវ​ធ្វើ​អ្វី​មួយ​អំពី​រឿង​នេះ ដោយ​សហរដ្ឋ​អាមេរិក​អាច​ចាប់ផ្តើម​បង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ជា​សាកល​មួយ​ដោយ​ខ្លួន​ឯង ដើម្បី​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ថា យើង​ពិត​ជា​អស្ចារ្យ‍‍!‍»

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក នាយិកា​សំឡេង​សហរដ្ឋ​អាមេរិក លោកស្រី Bennett បាន​បោះ​ពុម្ព​អត្ថបទបញ្ចេញ​យោបល់មួយ​នៅ​លើ​កាសែត The Washington Post ថា បណ្តាញ​ផ្សាយ​ព័ត៌មាន​ជា​សាកល​បែប​នេះ​មាន​ស្រាប់​ហើយ​នៅ​សហរដ្ឋ​អាមេរិក ហើយ​បណ្តាញ​នោះ​គឺ សំឡេង​សហរដ្ឋ​អាមេរិក ឬហៅ​កាត់​ថា VOA។

យោង​តាម​ធម្មនុញ្ញ​របស់ VOA អ្នក​យក​ព័ត៌មាន​របស់​ VOA​ ត្រូវ​រាយការណ៍​ព័ត៌មាន​«ពិត មិន​លម្អៀង និង​គ្រប់​ជ្រុងជ្រោយ»។ មាត្រា​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ស្គាល់​ថា​ជា «ប្រព័ន្ធ​ការពារ‍» ក៏​បាន​ការពារ​អ្នក​យក​ព័ត៌មាន​របស់ VOA ពី​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​លើ​កិច្ចការ​របស់​ពួកគេ​ផង​ដែរ។

លោក Danforth Austin អតីត​អ្នក​យក​ព័ត៌មាន និង​ជា​អតីត​នាយក​គ្រប់គ្រងកាសែត The Wall Street Journal ដែល​ធ្លាប់​បំពេញ​តំណែង​ជា​នាយក​សំឡេង​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា៖ ‍«មិន​ថា​នរណា​នឹង​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ថ្មី​ទេ អ្នក​នោះ​ត្រូវ​តែ​ពិនិត្យ​មើល​ប្រវត្តិ​នៃ​ទីភ្នាក់ងារ​ផ្សាយ​ព័ត៌មាន​មួយ​នេះ‍»។

ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ត្រូវបាន​ផ្លាស់​ប្តូរ

លោក Austin បាន​បន្ថែម​ទៀត​ថា នៅក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ និង​ក្រោយ​មក​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់ សំឡេង​សហរដ្ឋ​អាមេរិក និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ទទួល​មូលនិធិ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ ភាគច្រើន​គឺជា​បណ្តាញ​ឃោសនា។ ប៉ុន្តែ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០​មក បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នេះ​ បាន​ផ្លាស់​ប្តូរ​ទៅ​ជា​បណ្តាញ​សារព័ត៌មាន​ដ៏​ក្រឹត្យក្រម ដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​មួយ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដោយ​ឯករាជ្យ​និង​ដោយ​មិន​លម្អៀង។

​លោក Austin បាន​លើក​ឡើង​ថា៖ «មាន​ក្រុម​មនុស្ស​ជា​ច្រើន​ដែល​មាន​គំនិត​ខុសៗ​គ្នា អំពី​អ្វី​ដែល​យើង​គួរ​ផ្សាយ និង​អ្វី​ដែល​យើង​មិន​គួរ​ផ្សាយ។ ខ្ញុំ​ចាំ​ថា​ ធ្លាប់​បាន​ទទួល​ទូរស័ព្ទ​ពី​ក្រសួង​ការបរទេស​ ដែល​បាន​និយាយ​ថា យើង​មិន​អាច​ផ្សាយ​ព័ត៌មាន​បែប​នេះ​ទេ! ហើយ​ខ្ញុំ​តែងតែ​ប្រាប់​ទៅ​វិញ​ដោយ​សម្តី​សមរម្យ​ថា ពួកគេ​គួរ​តែ​ទូរស័ព្ទ​ទៅ​សួរ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ទៅ តែក្រោយ​មក​ខ្ញុំ​ដាក់​ទូរស័ព្ទ​ចុះ»។

លោក​ក៏​បាន​បន្ថែម​ថា៖ «ជា​ការ​ឃោសនា ឬ​បណ្តាញ​ព័ត៌មាន យើង​ត្រូវ​តែ​សម្រេច​ថា​តើ​វិធីសាស្ត្រ​មួយ​ណា​មាន​ប្រសិទ្ធភាព​ជាង​គេ​បង្អស់?

រូបឯកសារ៖ លោក Eliot Engel ប្រធាន​គណៈ​កម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​ប្រចាំសភា​តំណាង​រាស្ត្រ ចូលរួមកិច្ចប្រជុំមួយនៅ​រដ្ឋសភាអាមេរិក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Eliot Engel ប្រធាន​គណៈ​កម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​ប្រចាំសភា​តំណាង​រាស្ត្រ ចូលរួមកិច្ចប្រជុំមួយនៅ​រដ្ឋសភាអាមេរិក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

លោក Eliot Engel ប្រធាន​គណៈ​កម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​ប្រចាំសភា​តំណាង​រាស្ត្រ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​លោក​មិន​អាច​បោះឆ្នោត​ក្នុង​ព្រឹទ្ធ​សភា​ក្តី ក៏​គណៈកម្មាធិការ​របស់​លោក​អាច​ជះ​ឥទ្ធិពល​លើ​បណ្តាញ​ផ្សព្វផ្សាយ USAGM ក្នុង​សភា​អាមេរិក​បាន។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក Engel បាន​កោត​សរសើរ​លោក Lansing ​ថា​បាន​ធ្វើ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ USAGM «ដើរ​លើ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រកបណ្តាញ​ផ្សាយ​ព័ត៌មាន​ដ៏​មាន​ប្រសិទ្ធភាព​និង​ទំនើប ដោយ​ផ្តល់​នូវ​ព័ត៌មាន​មិន​លម្អៀង​ទៅកាន់​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​ដែល​មិន​មាន​សេរីភាព​សារព័ត៌មាន»។

ក៏ប៉ុន្តែ លោក Engel ក៏​បាន​លើក​ឡើង​ថា បើ​សិន​ជា​ព្រឹទ្ធសភា​មិន​សម្រេច​តែងតាំង​លោក Pack ទេ នោះ​ក្រុម​ប្រឹក្សាភិបាល BBG គួរ​តែ​អនុវត្ត​អំណាច​របស់​ខ្លួន ហើយ​តាំងតែង​នរណា​ម្នាក់​ជា​នាយក​ប្រតិបត្តិ​ថ្មី។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ក្រុម​ប្រឹក្សាភិបាល​បច្ចុប្បន្ន​នៅ​មាន​អំណាច​ក្នុង​ការ​តែងតាំង​អ្នក​ជំនួស​តំណែង​នេះ។ ខ្ញុំ​សូម​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ប្រឹក្សាភិបាល​សម្រេច​ឲ្យ​បាន​ឆាប់ៗ ដោយសារ​តែ​យើង​មិន​អាច​ទស្សន៍ទាយ​ តើ​នៅ​ពេល​ណា​ទើប​ព្រឹទ្ធសភា​អាច​សម្រេច​អនុម័ត​ចាត់​តាំង​នាយក​ប្រតិបត្តិ​ថ្មី​ដែល​ត្រូវបាន​តែងតាំង​ដោយ​លោក​ប្រធានាធិបតី​បាន​ទេ។ នេះ​គឺជា​តំណែង​ដ៏​សំខាន់​មួយ ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​នៅ​ទំនេរ​បាន​ឡើយ សូម្បី​តែ​មួយ​ថ្ងៃ​ក៏ដោយ‍»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​មតិ​រិះគន់​លើ​បណ្តាញ​ផ្សព្វផ្សាយ USAGM ដែរ។ លោក Ed Royce អតីត​ប្រធាន​គណៈកម្មាធិការទំនាក់​ទំនង​ការបរទេស​ប្រចាំ​សភា​តំណាង​រាស្ត្រ និង​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​នៃ​គណបក្ស​សាធារណៈ​រដ្ឋ បាន​ធ្លាប់​ហៅ​ USAGM ថា​ជា «បណ្តាញ​ផ្សព្វផ្សាយ​ដែល​មិន​ដំណើរ​ការ‍»។ ហើយ​រីឯ​លោកស្រី Hilary Clinton ក្នុង​អំឡុង​ពេល​លោក​ស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក ក៏​បាន​ចាត់ទុក USAGM ថា ​«មិន​បាន​ដំណើរការ​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន​ ក្នុង​ការ​ផ្សព្វផ្សាយ​សារ​របស់​រដ្ឋាភិបាល​អាមេរិក​ទៅ​កាន់​ពិភព​លោក‍»។

ទាំង​លោកស្រី Amanda Bennett និង​លោក Danforth Austin បាន​ចាត់ទុក​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ស្តាប់​ការ​ផ្សាយ​របស់​បណ្តាញ USAGM ថា ​បាន​កើតឡើង​នៅ​ក្រោម​អាណត្តិ​របស់​លោក Lansing ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ដោយ​ឯករាជ្យ និង​ដោយ​មិន​លម្អៀង។ នៅ​ឆ្នាំ​២០១៨ អត្រា​អ្នក​ស្តាប់​ការ​ផ្សាយ​របស់​បណ្តាញ USAGM បាន​កើន​ដល់​ទៅ ២៤ភាគរយ។

លោកស្រី Amanda Bennett បាន​លើក​ឡើង​ថា៖ «៦០ភាគរយ​នៃអ្នក​ស្តាប់​ការ​ផ្សាយ​របស់​យើង​នៅ​ជុំ​វិញ​ពិភពលោក​ជឿជាក់​លើ​យើង និង​មាន​ទំនុក​ចិត្ត​លើ​យើង។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក Lansing ដោយ​ផ្តោត​លើ​ឯករាជ្យភាព​នៃ​ការ​ផ្សព្វផ្សាយ​របស់​យើង គឺជា​អ្វី​ដែល​យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត បើ​សិន​ជា​យើង​ចង់​ថែ​រក្សា​ការ​ជឿ​ទុក​ចិត្ត​ជា​យូរ​ណាស់​មក​ហើយ​របស់​អ្នក​ស្តាប់​យើង‍»៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG