ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី​​ម៉ាក្រុងប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​កងទ័ព​សម្ព័ន្ធ​មិត្ត​ឡើង​គោក​ឬ​ D-Day


រូបឯកសារ៖ ទាហាន​អាមេរិក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំវិញ​ឡាន​ដែល​ទើប​ដាក់​ចេញ​ពី​នាវា​បន្ទាប់​ពី​ថ្ងៃ​ D-Day នៅ​ថ្ងៃ​ទី​៦​ មិថុនា ១៩៤៤ ក្រោយ​ពេល​កម្លាំង​របស់​សម្ព័ន្ធ​មិត្ត​បាន​វាយ​ប្រហារ​នៅ​ឆ្នេរ Normandy ។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​បារាំង​បាន​ចូល​រួម​ក្នុង​ពិធី​មួយ​នៅ​ឯ​ទី​បញ្ចុះ​សព​ដែល​ទាហាន​អាមេរិកាំង​រាប់​ពាន់​នាក់ ​បាន​ត្រូវ​គេ​បញ្ចុះ​នៅ​ទី​នោះ។​

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ​ និង​ប្រធានា​ធិបតី​បារាំង​លោក​អេម៉ានុយអែល ​ម៉ាក្រុង ​បាន​សរសើរ​អតីត​យុទ្ធជន​ហើយ​និង​សង្កត់​ពី​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​ នៅ​ពេល​ដែលអស់​លោក ​ប្រារព្ធ​ខួប​លើក​ទី​៧៥​នៃ​ការ​វាយ​លុក​ឡើង​គោក​ឬ​ D-Day​ ដែល​បាន​នាំ​ឲ្យ​ពួក​ណាហ្ស៊ី​ទទួល​បរាជ័យ​ហើយ​នៅ​ទី​បញ្ចប់​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២។

ប្រធានាធិបតី​ទាំង​២ បាន​ថ្លែង​នៅ​ឯ​ពិធីនៅ​កន្លែង​បញ្ចុះ​សព​ទាហាន​អាមេរិកក្នុងតំបន់​ Normandy​ នៃ​ទីក្រុង​ Colleville-sur-Mer ​ដែល​នៅ​ទី​នោះ​ទាហាន​សហ​រដ្ឋ​អាមេ​រិក​ជាង​៩​ពាន់​នាក់​ត្រូវ​បាន​គេ​បញ្ចុះ។

ប្រធានាធិបតីបារាំង​លោក​ ម៉ាក្រុង ​បាន​គោរព​វិញ្ញាណ​ខន្ធ​អ្នក​ដែល​បាន​បូជា​អាយុ​ជីវិត​របស់​ខ្លួន​ហើយ​បាន​ប្រយុទ្ធ​ដើម្បី​រំដោះ​ប្រទេស​បារាំង ​ដោយ​មាន​ប្រ​សាសន៍​ថា ​កិច្ច​ប្រតិបត្តិការ​នេះ ​បាន​ផ្លាស់​ប្តូរ​អនាគត​ទាំង​ទ្វីប​អឺរ៉ុប​និង​ពិភព​លោក។​ លោក​ប្រធានា​ធិបតី​ ម៉ាក្រុង ​បាន​ធ្វើ​សុន្ទរកថា​ជា​ភាសា​បារាំង ក៏​ប៉ុន្តែ ​នៅ​ពេល​ខ្លះ ​បាន​ប្តូរ​ទៅ​និយាយ​ភាសា​អង់គ្លេស​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​ងាក​ទៅ​កាន់​ក្រុម​អតីត​យុទ្ធជន​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​លោក។

ប្រធានា​ធិបតី​បារាំង​លោក​ ម៉ាក្រុង ​បាន​ប្រាប់​អតីត​យុទ្ធ​ជន​ទាំង​នោះ​ថា៖ «យើង​ដឹងថា ​អ្វី​ដែល​យើង​ជំពាក់​គុណ​ដល់​អស់​លោក​គឺ​ សេរីភាព​របស់​យើង។​ តាង​នាម​ឲ្យ​ប្រ​ទេស​របស់​ខ្ញុំ ​ខ្ញុំចង់​និយាយ​ថា ​សូម​អរគុណអស់​លោក»។

បន្ទាប់​ពី​សុន្ទរកថា​របស់​លោក លោក​ប្រធានា​ធិបតី​ ម៉ាក្រុង ​បាន​ប្រគល់​មេដាយកិត្តិ​យស​ Legion of Honor ​របស់​បារាំង​ដល់​អតីត​ទាហាន​អាមេរិកាំង​៥​រូប។

ប្រធានាធិបតីបារាំង Emmanuel Macron នៅ​ក្នុង​ទិវារំឭក​ខួប​ D-Day។
ប្រធានាធិបតីបារាំង Emmanuel Macron នៅ​ក្នុង​ទិវារំឭក​ខួប​ D-Day។

ក្នុង​សុន្ទរកថា​របស់​លោក ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ ​បានគោរព​អ្នកទាំង​នោះ​«ដែល​បាន​លះ​បង់​អាយុ​ជី​វិត​របស់​ខ្លួនដើម្បី​បង​ប្អូន​ប្រុស​របស់​ពួកគេ​ ​ដើម្បី​ប្រទេស​របស់​ពួកគេ ​ហើយ​និង​ដើម្បី​ការ​រស់​រាន​នៃ​សេរីភាព»។

លោក​ប្រ​ធានា​ធិបតី​ ត្រាំ ​បាន​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ​យើង​ចងចាំ​អ្នក​ដែល​បាន​ស្លាប់​ហើយយើង​គោរព​អ្នក​ដែល​បាន​ប្រយុទ្ធ​នៅក្នុង​តំបន់ Normandyនេះ។ ពួកគេ ​ដណ្តើម​បាន​សមរភូមិ​នេះ​មក​វិញ​សម្រាប់​ការ​ធ្វើឲ្យ​អារិយធម៌​លូត​លាស់»។

សុន្ទរកថា​របស់​លោក​ក៏​បាន​បន្ត​លើ​ផ្ទៃ​រឿង​នៃ​សាមគ្គី​ភាព​ជាមួយ​សម្ព័ន្ធមិត្ត​ដែល​បាន​រំឭក​ខួប​នៅ​សប្តាហ៍​នេះ។

​លោក​ប្រធានា​ធិបតី ​ត្រាំ បាន​មាន​ប្រសាសន៍​ថា៖ «តាម​រយៈ​មិត្តភ័ក្រ្ត​និង​ដៃ​គូ​ទាំង​អស់​របស់​យើង សម្ព័ន្ធមិត្ត​ដ៏​ខ្ពង់​ខ្ពស់​របស់​យើង ​ត្រូវ​បាន​លត់​ដំ​កម្តៅ​ក្នុងសមរ​ភូមិ​ ​ត្រូវ​បាន​សាកល្បង​នៅ​ក្នុង​ស្ថានភាព​ឈឺ​ចាប់​នៃ​សង្គ្រាម​ ​និង​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ពរជ័យ​នៃ​សន្តិភាព។​ ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​របស់​យើង​គឺ​មិន​អាច​បំបែក​បាន»។

ពិធី​រំឭក​នៅ​ក្នុង​ប្រទេស​បារាំង​កើត​មាន​ឡើង​បន្ទាប់​ពិធី​នានា​កាល​ពី​ថ្ងៃ​ពុធ​នៅ​ព្រែក​ជីក​អង់គ្លេស​ក្នុង​ប្រទេស​អង់គ្លេស​ភាគ​ខាង​ត្បូង។

ប្រធានាធិបតី​ ត្រាំ និង​ប្រធានាធិបតី​ មា៉ក្រុង នៅ​ក្នុង​ទិវា​ខួប D-Day។
ប្រធានាធិបតី​ ត្រាំ និង​ប្រធានាធិបតី​ មា៉ក្រុង នៅ​ក្នុង​ទិវា​ខួប D-Day។

មេដឹកនាំ​ពិភពលោក​ជាង​១០​នាក់រួម​មាន ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​ប្រធានា​ធិបតី​បារាំង​លោក​ ម៉ាក្រុង ​នាយករដ្ឋ​មន្រ្តី​ចក្រ​ភព​អង់គ្លេស​លោក​ស្រី ​Theresa May ​នាយក​រដ្ឋមន្រ្តី​កាណា​ដា​លោក​ Justin Trudeau​ បាន​ចូល​រួម​ជាមួយ​ព្រះ​មហាក្សត្រីយានី Elizabeth ​នៃ​ចក្រ​ភព​អង់គ្លេស​ដើម្បី​សរសើរភាព​អង់​អាច​ក្លាហានរបស់​កងទ័ព​ក្មេងៗ​ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ជា​ការ​វាយ​ប្រ​ហារ​ឡើង​គោក​ដ៏​ធំបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ​ដែល​មាន​នាវា​និង​យន្តហោះ​ជាង​៧​ពាន់​គ្រឿង​ឆ្លង​កាត់​ព្រែក​ជីក​អង់គ្លេស​ដើម្បី​តទល់​នឹង​ពួក​អាល្លឺម៉ង់។

​នៅ​ពេល​ដែល​អតីត​យុទ្ធ​ជន​ D-Day ​ចាស់​ជរា​៣០០​នាក់ ​ដែល​ឥឡូវ​នេះ​មាន​អា​យុ​ខ្ទង់​៩០​ឆ្នាំ​ប្លាយ ​កំពុង​ស្តាប់ ​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​បួង​សួង​តាម​ពាក្យ​ប្រធានា​ធិបតី​អាមេរិក​លោក​ Franklin D. Roosevelt ​ដែល​បាន​ធ្វើ​នៅ​តាម​វិទ្យុ​នៅ​ថ្ងៃ ​D-Day ​រួម​មាន​ជំនឿ​របស់​ប្រធានា​ធិបតី​ក្នុង​ពេល​សង្គ្រាម​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ។

លោក​ប្រធានា​ធិបតី​ត្រាំ បាន​សូត្រ​ពាក្យ​របស់​ប្រធានា​ធិបតី​អាមេរិក​លោក​ Roosevelt ​ថា​ «សត្រូវ​មាន​កម្លាំង​ខ្លាំង។ សត្រូវ​អាចវាយ​បកលើ​កង​កម្លាំងយើង​ ក៏ប៉ុន្តែ ​យើង​ត្រូវ​តែ​វាយ​តប​វិញ​ម្តង​ហើយ​ម្តង​ទៀត ​ហើយ​យើង​ដឹង​ថា​ កូន​ប្រុស​របស់​យើង​នឹង​បាន​ទទួល​ជ័យ​ជម្នះ ​ដោយ​សារ​ព្រះ​ប្រទាន​ពរ ​ហើយ​និង​បុព្វហេតុ​ត្រឹម​ត្រូវរបស់​យើង»។

​ព្រះ​មហាក្ស​ត្រីយានី ​Elizabeth ​មាន​ព្រះរាជ​បន្ទូល​ថា ​ម្ចាស់​ក្សត្រីបាន​គិតថា ​ប្រហែលខួប​លើក​ទី​៦០​នៃ​ D-Day ​កាល​ពី​១៥​ឆ្នាំ​មុន ​ជា​ការ​រំឭក​ពិធី​បែប​នេះ​លើក​ចុង​ក្រោយ។

​ក៏ប៉ុន្តែ ព្រះ​មហាក្សត្រ​យានី ​មាន​ព្រះរាជ​បន្ទូល​ថា៖ «មនុស្សជំនាន់​សង្គ្រាម​នេះ​ មនុស្ស​ជំនាន់ខ្ញុំ ​មាន​ការ​អត់​ធ្មត់ ​ហើយ​ខ្ញុំ​សប្បាយ​រីក​រាយ​យ៉ាង​ក្រៃលែង​ដែល​បាន​នៅ​ជាមួយ​អស់​លោក ​អ្នក​នៅ​ក្រុង​ Portsmouth​ នៅ​ថ្ងៃ​នេះ»។

ព្រះ​មហាក្សត្រ​យានី ​មាន​បន្ទូល​ទៀត​ថា ​កងទ័ពជា​ច្រើនរបស់​សម្ព័ន្ធមិត្ត​យើង ​មិន​បាន​វិល​ត្រឡប់​មក​វិញ​ទេ ​ហើយ​ភាព​អង់​អាច​ក្លាហាន​ ​ការ​លើក​ទឹក​ចិត្ត​និង​ការ​ធ្វើ​ពលិម្ម​របស់​អ្នក​ទាំង​នោះ​ដែល​បាន​បាត់​បង់​ជី​វិត​របស់​ខ្លួន ​នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ទេ។ តាង​នាម​ឲ្យ​ប្រទេស​ជាតិ​ទាំង​មូល​និង​ពិភពលោក​ទាំង​មូល ​ខ្ញុំ​សូម​លំឱន​កាយ​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​ថា ​សូម​អគុណ។

ប្រធានាធិនតី​សហរដ្ឋ​អមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​អ្នក​ចូលរួម​ផ្សេង​ទៀត ប្រារព្ធ​ទិវា D-Day នៅ Normandy។
ប្រធានាធិនតី​សហរដ្ឋ​អមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​អ្នក​ចូលរួម​ផ្សេង​ទៀត ប្រារព្ធ​ទិវា D-Day នៅ Normandy។

លោក​ប្រធានា​ធិបតី ​ត្រាំ បាន​ចូលរួម​ក្នុងការ​ឈរ​ទះ​ដៃ​ជាមួយ​អតីត​យុទ្ធ​ជន​សង្គ្រាម​លោក​លើក​ទី២​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើវេទិកា​នៅ​ពេល​ដែល​ពិធី​នោះ​បាន​ចាប់​ផ្តើម។

លោក​ប្រធានាធិបតី​ ត្រាំ បាន​ចាក​ចេញ​ពី​ទីក្រុង​ Portsmouth​ នៃ​ចក្រភព​អង់គ្លេស​ទៅ​កាន់​ប្រទេស​អៀវឡង់​បន្ទាប់ពី​ពិធី​នោះ​ដើម្បី​ជួប​ជាមួយលោក ​Leo Varadkar​ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អៀវឡង់។

ថ្លែង​ទៅកាន់​ពួក​អ្នក​កាសែត​មុន​ជំនួប​នេះ ​ប្រធានា​ធិបតី​ ត្រាំ បាន​និយាយ​ទៅ​កាន់​នាយក​រដ្ឋមន្រ្តី​ Varadkar​ ថា៖ «ការចាក​ចេញ​របស់​ចក្រ​ភពអង់គ្លេស​ពី​សហភាព​អឺរ៉ុប​ឬBrexit ​នឹង​ដំណើរ​ការ​បាន​យ៉ាង​ល្អ ហើយ​សម្រាប់​លោក ​លោក​មាន​របង​ព្រំដែន​របស់​លោក។ យើង​មាន​បញ្ហា​របង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​លោក​មាន​របង​នៅ​ក្នុង​ប្រទេស​នេះ​ដែរ»។

លោក ​Varadkar ​បាន​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​គិត​ថា ​បញ្ហា​មួយ​ដែល​យើង​បញ្ចៀស​ គឺ​របង​ឬព្រំដែនរវាង​ប្រទេស​ទាំង​២»។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​និយាយ​ទៀត​ថា ​លោក ​នឹង​បន្ត​ជំរុញ​ឲ្យ​ពង្រីក​ទិដ្ឋា​ការ E3 ​ដល់​ពលរដ្ឋ​អៀវឡង់។

ប្រធានា​ធិបតី​ ត្រាំ បាន​និយាយ​ថា៖ «យើង ​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ។ យើងស្ទើរ​តែ​ដោះ​ស្រាយ​បញ្ហា​នេះបាន​កាល​ពី​ពេល​មុន។ វា​ខុសគ្នា​តែ​ឆ្នោត​មួយ​សន្លឹក។ យើង​គិត​ថា យើង​នឹង​ទទួល​បាន​ជោគជ័យ។ លោកប្រធានា​ធិបតី​ត្រាំ និយាយ​ទៀតថា លោក ​ចង់​ពង្រីក​ទិដ្ឋាការ​ប្រភេទ​ E3 ​នេះ​សម្រាប់​ប្រជា​ពលរដ្ឋ​អៀវឡង់៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG