ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើនឹងមានរឿងអ្វីកើតឡើង បន្ទាប់ពីការតែងតាំងលោកស្រី Clinton និងលោក Trumpជាបេក្ខជនប្រធានាធិបតី?


បេក្ខជន​ប្រធានាធិបតីពី​​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និងពី​គណបក្ស​ប្រជាធិបតេយ្យ ​លោក​ស្រី Hillary Clinton រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ផ្ទៀងផ្ទាត់​ការពិត។

ដំណើរការ​នៃ​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រំជើបរំជួល​រួច​ទៅ​ហើយ​ បន្ថែម​ពី​នេះ​ទៀត​នោះ​ គឺ​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើម​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នឹង​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ជាង​នេះ​ទៅ​ទៀត​ បន្ទាប់​ពី​គណបក្ស​ទាំងពីរ​បាន​តែងតាំង​ លោកស្រី​ Hillary Clinton និង​លោក​ Donald Trump ជា​បេក្ខជន​ប្រធានាធិបតី​។

ទាំង​លោកស្រី​ Clinton និង​លោកTrumpបាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ ដើម្បី​ផ្ដោត​លើ​យុទ្ធនាការ​ ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​រៀង​ៗ​គ្នា​ខ្លួន​។​ ប៉ុន្តែ​អ្នក​បោះឆ្នោត​មួយ​ចំនួន​ បាន​ដឹង​ខ្លួន​គេ​ថា​ជា​បុគ្គល​ឯករាជ្យ​ ជាជាង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ​។ ពួកគេ​ទាំងនោះ​គឺ​ជា​ទិសដៅ​នៃ​ក្រុម​អ្នក​បោះឆ្នោត​ដែល​មាន​ចំនួន​ច្រើន​មួយ​ សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ៨ ​ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​។

ការ​កើន​ឡើង​នៃ​ការ​ចំណាយ

ភារកិច្ច​សំខាន់​មួយ​របស់​លោកស្រី​ Clintonនិង​លោក​ Trumpគឺ​ត្រូវ​ទាក់ទាញ​ឲ្យ​អ្នក​ ជួយ​ ព្រម​ផ្តល់​ថវិកា​ ដើម្បី​ចំណាយ​លើ​ការ​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​។​

នាងPenny Lee អ្នក​ទទួល​បន្ទុក​ផ្នែក​យុទ្ធសាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​បា្រប់VOA ថា៖

«វា​សំខាន់​ណាស់​ក្នុង​ការ​ឧបត្ថម្ភ​ទៅ​លើ​យុទ្ធនា​ការ​បោះឆ្នោត។ យើង​ត្រូវ​ចំណាយ​ថវិកា​ទៅ​ឲ្យ​បុគ្គលិក​នៅ​តាម​រដ្ឋ​ផ្សេងៗ ដើម្បី​អាច​ឲ្យ​ពួកគេ​ធ្វើ​យុទ្ធនាការ​បាន គឺ​ច្រើន​ជាង​ចំណាយ​ទៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​រឿង​នយោបាយ​ទៅ​ទៀត។ ការ​ផ្សាយ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ពេល​បោះ​ឆ្នោត​សភា និង​ការ​បោះឆ្នោត​ផ្សេង​ទៀត ប៉ុន្តែ​អ្នក​ត្រូវការ​ឲ្យ​មាន​ការ​សាទរ​តាំង​ពី​ការ​ចាប់ផ្តើម​ដំបូង»។​

គណៈកម្មការ រៀបចំ​ការ​បោះ​ឆ្នោត​សហព័ន្ធ​បាន​បង្ហាញ​ទិន្នន័យ​ចុង​ក្រោយ នៃ​ការ​ធ្វើ​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​របស់​លោកស្រី Clinton ដែល​បាន​ចាប់ផ្តើម​តាំង​ពី​ខែ​កក្កដា​មក។ លោកស្រី​ទទួល​បាន​ថវិកា​ចំនួន ៤៤​លាន​ដុល្លារ ហើយ​ចំណែក​លោក Trump បាន​ត្រឹម​តែ​ចំនួន ២០​លាន​ដុល្លារ​ទេ។​ លោកស្រី​ក៏​បាន​ចំណាយ​ច្រើន​ជាង​លោក Trump ដល់​ទៅ​២៣០​លាន​ដុល្លារ​ដែរ​ ដែល​លោក Trump បាន​ចំណាយ​អស់​តែ​៧១​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​ការ​បោះឆ្នោត​ទាំង​មូល។ យោង​តាម​របាយការណ៍​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​មុន​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​ទើប​តែ​ចាប់​ផ្តើម​ខ្ទង់​ចំណាយ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​ គណៈកម្មាធិការ​រៀប​ចំ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី Barack Obama បានចំណាយអស់៧៧៥​លាន​ដុល្លារ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១២។​ ដៃ​គូ​ប្រកួត​ប្រជែង​របស់​លោក​នា​ពេល​នោះ គឺ​លោក Mitt Romney ខាង​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ចំណាយ​អស់​៤៦០​លាន​ដុល្លារ។​ ទាំង​គណបក្ស​សាធារណរដ្ឋ គណបក្សប្រជាធិបតេយ្យ និង​ក្រុម​ខាង​ក្រៅ​គណបក្ស ក៏​បាន​ចំណាយ​ថវិកា​រាប់​រយ​លាន​ដុល្លារ សម្រាប់​ការ​ប្រកួត​ប្រជែងនេះ។​

កិច្ចពិភាក្សា​

ដំណើរ​ការ​យុទ្ធនាការ​បោះឆ្នោត​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ នឹង​មាន​លក្ខណៈ​ដូច​យុទ្ធនាការ បោះឆ្នោត​បឋម ដែល​បេក្ខជន​នឹង​រៀបចំ​ការ​ជួបជុំ និង​មាន​ព្រឹត្តិការណ៍​ផ្សេង​ទៀត​នៅ​តាម​តំបន់​នានា​ទូទាំង​សហរដ្ឋ​អាមេរិក។ មាន​ការ​ផ្តោត​ជាពិសេសទៅលើរដ្ឋ​ទាំងឡាយ​ណា ដែល​នៅ​មាន​ការ​ប្រទាញ​ប្រទង់​រវាង​គណបក្ស​ទាំង​ពីរ នឹង​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ នៅ​ថ្ងៃ​បោះឆ្នោត។​ រដ្ឋ​ទាំង​នោះ​រួម​មាន Florida Ohio និង​រដ្ឋ Pennsylvania។

ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​ខុសគ្នា​រវាង​ពិធី​ជួបជុំ​នៅ​ក្នុង​ខែ​សីហា និង​ខែ​កញ្ញា និង​ពិធី​ជួបជុំ​កាល​ពី​ខែ​មិនា​នោះ​គឺ​ថា ពួក​គេ​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​អាច​បោះឆ្នោត​ឲ្យ​គេ​បាន​ភ្លាម ដូច​កាល​ពេល​បោះឆ្នោត​បឋម​នោះ​ទេ។​ ប៉ុន្តែ​សារ​របស់​បេក្ខជន នឹង​ស្ថិត​នៅ​ក្នុង​ចិត្ត​អ្នក​បោះឆ្នោត រហូត​ដល់​ខែ​វិច្ឆិកា មុន​បុគ្គល​នោះ​អាច​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា។​

លោក​ស្រី Clinton និង​លោកTrumpនឹង​ចូលរួម​ជជែក​តទល់​គ្នា​ជា​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ខាង​មុខ​នេះ។​ បេក្ខជន​ទាំង​ពីរ​នឹង​ជួប​ជជែក​ត​ទល់​គ្នា​លើកទី២ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា និង​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា។​ បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោកTrump គឺ​លោក Mike Pence អភិបាល​រដ្ឋIndiana ហើយ​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក​ស្រី Clinton គឺ​លោក Tim Kaine សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Virginia​ នឹង​មាន​ការ​ជជែក​តទល់​គ្នា​ដាច់​ដោយ​ឡែក នៅថ្ងៃទី៤​ ខែ​តុលា។​

អ្នក​ទទួល​បន្ទុក​ផ្នែក​យុទ្ធសាស្រ្ត នាងPenny Leeនិយាយ​ថា៖

«អ្នក​ទាំងអស់​គ្នា​នឹង​មាន​ឱកាស​ទស្សនា​ការ​ជជែក​តទល់​គ្នា​រវាង​បេក្ខជន​ទាំង​ពីរ​នៅ​លើ​វេទិការ ដែល​គ្មាន​ទស្សនិកជន​ចូលរួម ដើម្បី​ឲ្យ​ពួកគេ​បង្ហាញ​កាន់​តែ​លម្អិត​ពី​ភាព​ខុស​គ្នា​នៃ​យុទ្ធនាការ​របស់​ពួក​គេ»។​

កម្មវិធី​ជជែក​តទល់​គ្នា​ដែល​មាន​រយៈពេល​៩០​នាទី​នេះ នឹង​ចាក់​ផ្សាយ​នៅ​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស។ បេក្ខជន​នឹង​ទទួល​បាន​ប្រធានបទ​សម្រាប់​ការ​ជជែក​នេះ​ជា​មុន ប៉ុន្តែ​មិន​ដឹង​ពី​សំណួរ​ពិត​ប្រាកដ​នោះ​ទេ។​ ដូច្នេះ​ពួកគេ​ហាត់​សម ជាមួយ​អ្នក​ណា​ម្នាក់​ធ្វើ​ជា​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន ដើម្បី​អាច​រិះ​រក​យុទ្ធ​សាស្រ្ត​វាយ​បក​ទៅ​ដៃ​គូ​វិញ​បាន។​

អ្នក​ទទួល​បន្ទុក​ផ្នែក​យុទ្ធសាស្រ្ត​ខាង​គណបក្សសាធារណរដ្ឋ នាងLisa Spiesប្រាប់ VOA ថា៖

«ខ្ញុំ​គិត​ថា ការ​ជជែក​តទល់​កាល​ពី​មុន​មិន​មាន​អ្វី​ជា​បញ្ហា​ទេ ពីព្រោះ​អ្នក​ដែល​ជា​អ្នក​សម្រេច​ចិត្ត គឺ​ជា​អ្នក​ដែល​កំពុង​តែ​ទស្សនា​ការ​ជជែក​នេះ។ ខ្ញុំ​គិត​ថា ពេល​នេះ​វា​ពិតជា​ខុសប្លែក​ពី​ពេល​មុន ពីព្រោះ​ថា​វា​នឹង​ជា​ការ​ជជែក​មួយ​ដែល​សប្បាយ​មើល»។

វា​ក៏​ជា​ឱកាស​សម្រាប់​បេក្ខជន​របស់​គណបក្ស​ទីបី​ចូលរួម និង​ផ្តល់​ជា​គំនិត​ថ្មី នៅ​ក្នុង​ដំណើរ​ការ​នយោបាយ​របស់​អ្នកដែល​ដឹកនាំ​ដោយ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណ​រដ្ឋ និង​ខាង​គណបក្ស​ប្រធិបតេយ្យ។​ ប៉ុន្តែ​ដើម្បី​ឲ្យ​បេក្ខជន​នោះ​អាច​ចូលរួម​វេទិកា​ជជែក​តទល់​នេះ​បាន កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​មាន​ឱកាស​អាច​ឈ្នះ​ការ​បោះឆ្នោត និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ហោច​ណាស់​១៥​ភាគរយ​នៃ​ការ​ស្ទង់មតិ​ជាតិ​ចំនួន​៥។​

បេក្ខជន​នាំមុខ​គេ​របស់​គណបក្ស​ទី​បី គឺ​គណបក្ស​សេរី​និយម គឺ​លោក Gary Johnson បាន​ទទួល​សម្លេង​គាំទ្រ​ចន្លោះ​ពី៥​ទៅ​១០​ភាគរយ។​

ជម្នះ​ភាព​អវិជ្ជមាន

បន្ទាប់​ពី​ការ​ជជែក​តទល់​គ្នា​មក យុទ្ធនាការ​បោះ​ឆ្នោត​នឹង​ធ្វើ​ការ​សម្រុក​ជា​លើក​ចុង​ក្រោយ​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ម្ចាស់​ឆ្នោត​គិត​ថា បេក្ខជន​បក្ស​របស់​ពួក​គេ​ល្អ ហើយ​ដើម្បី​ធានាឲ្យ​បាន​ថា ​ម្ចាស់​ឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត​ផង​ដែរ។ ចំពោះ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១២ អ្នក​ដែល​អាច​បោះ​ឆ្នោត​ប្រមាណ​៥៥​ភាគរយ​បាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។

នៅ​សហរដ្ឋ​អាមេរិក ថ្ងៃ​បោះ​ឆ្នោត មិន​មែន​ជា​ថ្ងៃ​បុណ្យ​ជាតិ​ទេ តែ​មាន​សាលា​រៀន​នៅ​តាម​តំបន់​ជា​ច្រើន​ត្រូវ​បិទ​ទ្វារ ​ដើម្បី​យក​កន្លែង​ទាំង​នោះ​ទៅ​ធ្វើ​ជា​មជ្ឈមណ្ឌល​បោះ​ឆ្នោត។ ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ដែល​មាន​រយៈពេល​១២​ម៉ោង​នៅ​តាម​រដ្ឋ​នីមួយៗ។ លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ប្រកាសតែ​បន្តិច បន្ទាប់​ពី​មជ្ឈមណ្ឌល​បោះ​ឆ្នោត​នីមួយៗ​បិទ លុះត្រាតែ​ការ​ប្រកួត​ប្រជែង​នៅ​ទី​តាំង​ណា​មួយ​នោះ មាន​ការ​ប្រកៀកប្រកិត​គ្នា។

ជា​ធម្មតា អ្នក​ឈ្នះ​ត្រូវ​បាន​គេ​ដឹង​នៅ​យប់​ថ្ងៃ​ដដែលនោះ​តែ​ម្តង ប៉ុន្តែ​លទ្ធផល​នោះ​មិន​មែន​ជា​លទ្ធផល​ផ្លូវការ​ទេ​ រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​មករា។

នោះ​គឺ​ដោយសារ​តែ​សហរដ្ឋអាមេរិក​ប្រើ​ប្រព័ន្ធ​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​បោះ​ឆ្នោត​បែប​ប្រតិភូ ឬ​ជា​ភាសា​អង់គ្លេស​ថា Electoral College ដែល​ប្រព័ន្ធ​នេះ​កំណត់​ចំនួន​ប្រតិភូ​ដល់​រដ្ឋ​នីមួយៗ ដោយ​អាស្រ័យ​ទៅ​លើ​អត្រា​ប្រជាជន​នៃ​រដ្ឋ​នោះ។ ក្នុង​ចំណោម​រដ្ឋ​ទាំង​អស់​ លើក​លែង​តែ​រដ្ឋ​ពីរ​ទេ​ អ្នក​ដែល​ទទួល​បាន​ចំនួន​ប្រតិភូ​ភាគ​ច្រើន គឺ​អាច​ទទួល​យក​ប្រតិភូ​ពី​រដ្ឋ​នោះ​ទាំង​អស់។ បេក្ខជន​ខាង​បក្ស​ណា​ដែល​អាច​ទទួល​បាន​ប្រតិភូ​យ៉ាង​តិច​២៧០នៃ​ចំនួន​សរុប​៥៣៨​នោះ នឹង​ជាប់​ជា​ប្រធានាធិបតី​ថ្មី​នៃ​សហរដ្ឋ​អាមេរិក។

ប្រព័ន្ធ​នេះ​អាចមាន​ចន្លោះ​មួយ​ថា អ្នក​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត មិន​ប្រាកដ​ថា​អាច​ទទួល​បាន​សម្លេង​បោះ​ឆ្នោតពី​ពលរដ្ឋ​ច្រើន​ជាង​គេ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។ រឿង​នេះ​បាន​កើត​ឡើង​ម្តង​ កាល​ពី​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០០០ នៅ​ពេល​ដែល​លោក Al Gore ពី​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​សម្លេង​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ តែ​ទទួល​បាន​សម្លេង​ប្រតិភូ​តិច​ជា​លោក George W. Bush។

អ្នក​ស្រី Lee បាន​លើក​ឡើង​ថា មិន​ថា​លោក Trump ឬ​លោក​ស្រី Clinton ដើម្បី​យក​ឈ្នះ​បាន ពួក​គេ​ម្នាក់ៗ​ចាំបាច់​ត្រូវ​តែ​រក​វិធី​ទប់ទល់​នឹង​ការ​យល់​ឃើញ​ជា​លក្ខណៈ​អវិជ្ជមាន​របស់​ម្ចាស់​ឆ្នោត។

អ្នក​ស្រី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា​ ចំពោះ​លោក Donald លោក​ត្រូវ​តែ​ចាប់​ផ្តើម​រៀប​ឫក​រៀប​ពារ​ដើម្បី​ឲ្យ​មើល​ទៅ​សម​ មាន​ចរិត​ជា​ប្រធានាធិបតី ហើយ​ឈប់​ឈ្លោះ​ជាមួយ​គេ​ជាមួយ​ឯង​ តាម​រយៈ១៤០​តួអក្សរ​នៅ​លើ Twitter ហើយ​ជាន់​កែង​ខ្លួន​ឯង»។

«រី​ឯ​លោក​ស្រី Clinton វិញ ខ្ញុំ​អាច​និយាយ​បាន​ថា លោក​ស្រី​គួរ​តែ​បន្ត​បង្ហាញ​ពី​អត្តចរិត​បុគ្គល​របស់​លោក​ស្រី​ថា​ ចេះ​មាន​ចិត្ត​គិត​គូរ​ដល់​អ្នក​ដទៃ​ និង​អត្តចរិត​ដែល​បង្ហាញ​ថា លោក​ស្រី​ជា​បុគ្គល​ដែល​គួរ​ជឿ​ទុក​ចិត្ត​បាន»។

បេក្ខជន​ដែល​ឈ្នះ​ឆ្នោត​នឹង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០​ ខែ​មករា៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រ​ចិន្តា

XS
SM
MD
LG