លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយប្រទេសចិនប្រហែលជាត្រូវរង់ចាំរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាឆ្នាំ២០២០ នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានពិភាក្សាគ្នា ដើម្បីឱ្យបានសម្រេចការបញ្ឈប់សង្គ្រាមពាណិជ្ជកម្មនិងជម្លោះខាងពន្ធដារពីរឆ្នាំមកហើយរបស់ពួកគេតាមរយៈកិច្ចចរចាគ្នា។
លោក Trump បាននិយាយនៅក្នុងក្រុងឡុងដ៍ ដែលនៅទីនោះលោកបានចូលរួមក្នុងការប្រជុំមួយនៃពួកមេដឹកនាំអង្គការអូតង់ថា «ខ្ញុំគ្មានពេលកំណត់ចុងក្រោយបង្អស់ទេ។ ខ្ញុំចង់រង់ចាំរហូតដល់ក្រោយការបោះឆ្នោត ដើម្បីឱ្យមានកិច្ចព្រមព្រៀងមួយជាមួយប្រទេសចិន។ ក៏ប៉ុន្តែពួកចិនចង់ឱ្យមានកិច្ចព្រមព្រៀងមួយនៅពេលនេះហើយយើងនឹងឃើញថាតើកិច្ចព្រមព្រៀងនេះត្រឹមត្រូវឬទេ។ កិច្ចព្រមព្រៀងនេះត្រូវតែត្រឹមត្រូវ»។
ភាគហ៊ុននៅក្នុងសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបបានចុះថ្លៃដោយសារអត្ថាធិប្បាយរបស់លោក Trump នៅពេលដែលប្រាក់ Yuan របស់ចិនក៏បានចុះថ្លៃដែរក្នុងរយៈពេល៥អាទិត្យនេះដែលអាចបន្ថយសេចក្តីសង្ឃឹមអំពីការបញ្ចប់សង្គ្រាមពាណិជ្ជកម្មនៅដំណាច់ឆ្នាំនេះរវាងសហរដ្ឋអាមេរិក ដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកនិងប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោក៕