ការខ្វែងគំនិតគ្នារវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានាធិបតីបារាំងបានត្រូវបញ្ចេញនៅពេលពួកមេដឹកនាំនៃអង្គការអូតង់បានប្រមូលផ្តុំគ្នាសម្រាប់ការប្រជុំសន្និសិទកំពូលនៅក្នុងក្រុងឡុងដ៍។
នៅក្នុងរយៈពេលជិត ៤០នាទីជាមួយក្រុមអ្នកកាសែតមេដឹកនាំទាំងពីរនាក់នេះបានប៉ះទង្គិចគ្នាខាងពាក្យសម្តីអំពីបញ្ហាមួយចំនួនដោយមានរួមបញ្ចូលការបែងចែកការទទួលបន្ទុកនៅខាងក្នុងអង្គការអូតង់ ភេរវកម្ម ការលុកលុយរបស់តួកគីនៅក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរីនិងការដកថយរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាអាវុធមួយជាមួយប្រទេសរុស្សី។
មេដឹកនាំទាំងពីរនាក់នេះបានជួបគ្នាតែប៉ុន្មានម៉ោងក្រោយពីលោក Trump បានរិះគន់លោក Macron អំពីសេចក្តីថ្លែងការណ៍របស់លោកកាលពីពេលថ្មីៗនេះដែលថាអង្គការអូតង់ «គ្មានដំណើរការ» ដោយសារការចុះថមថយភាពដឹកនាំរបស់សហរដ្ឋអាមេរិក។ លោក Trump បានហៅសេចក្តីថ្លែងនេះរបស់លោកប្រធានាធិបតីបារាំងរូបនេះថាជា «សេចក្តីថ្លែងការណ៍មិនល្អ»។
នៅពេលមេដឹកនាំទាំងពីរនាក់នេះអង្គុយដើម្បីធ្វើការចរចាគ្នា លោក Trump បានព្រមានពួកប្រទេសជាសមាជិកនៃអង្គការអូតង់ដែលមិនបានបំពេញតាមគោលការណ៍ណែនាំនៃអង្គការអូតង់នៃចំណាយ២% នៃផលិតផលសរុបក្នុងស្រុកលើកិច្ចការពាររួមគ្នាអាចជួបប្រទះ «បញ្ហាពាណិជ្ជកម្ម» ដោយនិយាយយោងដល់ការហូតពន្ធលើផលិតផលនានាដោយមានរួមបញ្ចូលទាំងស្រាទំពាំងបាយជូរបារាំងផងដែរ។
ការណ៍នាំឱ្យលោក Macron ដែលនៅពេលបច្ចុប្បន្ននេះបានធ្វើវិភាគទាន១,៩% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសបារាំងដល់កិច្ចការពារប្រទេសនៃអង្គការអូតង់ រុញច្រានសេចក្តីថ្លែងរបស់លោក Trump។
លោក Macron បានសួរលោក Trump ថា «នេះមិនមែនតែអំពីប្រាក់កាសទេ។ ចុះម្តេចទៅអំពីសន្តិភាពក្នុងទ្វីបអឺរ៉ុប?»។
លោក Macron បានមានប្រសាសន៍ថា លោកគាំទ្រផ្នែកអឺរ៉ុបមួយដែលខ្លាំងជាងមុននៅក្នុងអង្គការអូតង់ ក៏ប៉ុន្តែលោកបានចង្អុលបង្ហាញថា នៅក្រោយទីបញ្ចប់នៃសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរមានវង់ប្រតិបត្តិការមធ្យមហៅកាត់ថា INF ពួកប្រទេសអឺរ៉ុបកំពុងប្រឈមនឹងការគំរាមកំហែងថ្មីដោយកាំជ្រួចមីស៊ីលរុស្សី៕