ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក​ទទួលស្វាគ​​មន៍​​គ្រូ​គង្វាល​អាមេរិកាំង​ដែល​ទើប​ដោះ​លែង​ពី​ប្រទេស​តួកគី


លោក​ប្រធានា​ធិតបី ដូណាល់ ត្រាំ (ស្ដាំ) និង​លោក​ Andrew Brunson​ នៅ​ការិយាល័យ​រាង​ពង​ក្រពើ​នៃ​សេត​វិមាន កាល​ពី​ថ្ងៃទី​១៣ តុលា ២០១៨។
លោក​ប្រធានា​ធិតបី ដូណាល់ ត្រាំ (ស្ដាំ) និង​លោក​ Andrew Brunson​ នៅ​ការិយាល័យ​រាង​ពង​ក្រពើ​នៃ​សេត​វិមាន កាល​ពី​ថ្ងៃទី​១៣ តុលា ២០១៨។

គ្រូ​គង្វាល​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ដោយ​តួកគី​បន្ទាប់​ពី​ការ​ជាប់​ឃុំ​រយៈ​ពេល​២​ឆ្នាំ បាន​លុត​ជង្គង់​នៅ​ជាប់​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ​នៅ​ក្នុង​ការិយា​ល័យ​រាង​ពង​ក្រពើ​កាល​ពីថ្ងៃ​សៅរ៍​ម្សិល​មិញ​ នា​ពេលថ្ងៃ​ត្រង់​ហើយ​បាន​ធ្វើ​ការ​បួង​សួង​ឲ្យ​ប្រធានា​ធិបតី ​ត្រាំ។

លោក​ Andrew Brunson​ ជា​អ្នក​ប្រៀន​ប្រដៅ​ក្នុង​សាសនា​គ្រិស្ត​និកាយ​ Evangelical ​ក៏​បាន​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​ការ​ដាក់​គំនាប​យ៉ាង​ខ្លាំង​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកលើ​ប្រទេស​តួកី​ដើម្បី​ឲ្យ​លោក​បាន​ទទួល​ការ​ដោះ​លែង​នេះ។

លោក ​Brunson​ ដែល​មាន​វត្តមាន​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​បាន​និយាយ​ថា «ជាពិសេស​ យើងសូម​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋ​បាល​របស់​សហរដ្ឋ​អាមេរិក។ លោក​បាន​ប្រយុទ្ធ​យ៉ាង​ពិត​ប្រាកដ​ដើម្បី​យើង»។

លោក​ប្រធានា​ធិបតី​ ត្រាំ​ ក៏​បាន​ថ្លែង​អំណរ​គុណ​ប្រធានា​ធិបតី​តួកគី​លោក ​Recep Teyyip Erdogan ចំពោះ​ការ​ដោះ​លែង​លោក​ Brunson​ ដោយ​និយាយថា ​មិន​មាន​ការ​បង់​ប្រាក់​លោះ​ទេ។

នៅ​ពេល​សួរ​ដោយ ​VOA ​កាល​ពី​ថ្ងៃ​សុក្រ​ ថា​តើ​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ​Brunson​ នោះ ​ប្រធានា​ធិបតី​ ត្រាំ​ បាន​ឆ្លើយ​នៅ​ឯ​ចំណត​យន្ត​ហោះ​ក្រុង Cincinnati ​នៃ​រដ្ឋOhio​ ថា៖ «យើង​បាន​និយាយ​ជាមួយ​តួកគី ហើយ​លោក​បាន​ឆ្លង​កាត់​ប្រព័ន្ធ​តួកគី​ ហើយ​យើង​អាច​យក​លោក​ចេញ​ពី​ទីនោះ​បាន។​ យើង​បាន​ព្យាយាម​យកលោក​ចេញ​ពី​ទីនោះ​ជាយូរ​យា​ណាស់​មក​ហើយ»។

​ការ​ដោះ​លែង​លោក​ Brunson ​បង្ហាញ​នូវ​ការ​បញ្ចប់​ជម្លោះ​ខាងការទូត​ដ៏​ល្វីង​ជូរ​ចត់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា។ លោក Brusnon​ ត្រូវ​ប្រឈម​ការ​ជាប់​គុក​៣៥​ឆ្នាំ ​ប្រសិន​បើ​លោក​មាន​ទោស​ពីបទ​ចោទ​ប្រកាន់​ភេរវកម្ម​និង​ចារកម្ម ការ​ចោទ​ប្រកាន់​ទាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហៅ​ថា ​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ៕

XS
SM
MD
LG