ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ខុទ្ទកាល័យ​សេតវិមាន​ថា សុខភាព​លោក​ Trump ​ស្ថិត​ក្នុង​ដំណាក់កាល​«សំខាន់»​ក្នុង​ពេល​៤៨​ម៉ោង​ខាង​មុខ ខណៈ​គ្រូពេទ្យ​ថា សុខភាព​លោក «ល្អ​ធម្មតា»


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ទៅ​ដល់​មន្ទីរពេទ្យ​យោធា Walter Reed នៅ​ក្រុង Bethesda រដ្ឋ Maryland កាល​ពី​ថ្ងៃ​ទី ២ ខែតុលា ឆ្នាំ២០២០ តាមរយៈ​ឧទ្ធម្ភាគចក្រ Marine One ក្រោយ​ពី​រក​ឃើញ​ថា​មាន​ឆ្លង​ជំងឺ​កូវីដ១៩។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ទៅ​ដល់​មន្ទីរពេទ្យ​យោធា Walter Reed នៅ​ក្រុង Bethesda រដ្ឋ Maryland កាល​ពី​ថ្ងៃ​ទី ២ ខែតុលា ឆ្នាំ២០២០ តាមរយៈ​ឧទ្ធម្ភាគចក្រ Marine One ក្រោយ​ពី​រក​ឃើញ​ថា​មាន​ឆ្លង​ជំងឺ​កូវីដ១៩។

សុខភាព​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ឆ្លងកាត់ «ដំណាក់កាល​គួរ​ឲ្យ​ព្រួយបារម្ភ» កាល​ពី​ថ្ងៃ​សុក្រ ហើយ​រយៈពេល ៤៨ ម៉ោង​ខាង​មុខ​គឺ​ជា​ដំណាក់កាល​ «សំខាន់» ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ឯ​មន្ទីរពេទ្យ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយកខុទ្ទកាល័យ​សេតវិមាន លោក Mark Meadows ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍។

លោក Meadows បាន​ថ្លែង​ដោយ​ព្រួយបារម្ភ​ថា៖ «យើង​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​ លោក​ប្រធានាធិបតី​នឹង​អាច​ជា​សះស្បើយ​ទាំងស្រុង​ ឬ​យ៉ាង​ណា»។

អត្ថាធិប្បាយ​របស់​លោក Meadows ផ្ទុយ​ស្រឡះ​ពី​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​សុខភាព​របស់​លោក Trump ពី​សំណាក់​វេជ្ជបណ្ឌិត ​និង​មន្ត្រី​ដទៃទៀត។ វេជ្ជបណ្ឌិត និង​ក្រុម​មន្ត្រី​ទាំង​នោះ​មិន​បាន​លាតត្រដាង​ថា លោក​ប្រធានាធិបតី Trump ត្រូវ​បាន​បញ្ចូល​ខ្យល់​អុកស៊ីសែន​នៅ​សេតវិមាន មុន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ទេ។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ វេជ្ជបណ្ឌិត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និយាយ​ថា សុខភាព​របស់​លោក Trump «ល្អ​ធម្មតា» ក្នុង​អំឡុងពេល​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​យោធា​ Walter Reedនៅ​ចុងសប្ដាហ៍​នេះ។

លោក​វេជ្ជបណ្ឌិត Sean Conley ដែល​ជា​មេបញ្ជាការ​ទាហាន​ជើង​ទឹក បាន​និយាយ​ថា លោក Trump គ្មាន​ជំងឺ​គ្រុនក្ដៅ​អស់​រយៈពេល​ ២៤ ម៉ោង​មក​ហើយ នៅ​ពេល​ដែល​លោក​ផ្ដល់​ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព​របស់​លោក​ដល់​ពលរដ្ឋ​អាមេរិក ពី​មន្ទីរពេទ្យ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

លោក Mark Meadows នាយក​ខុទ្ទកាល័យ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump។
លោក Mark Meadows នាយក​ខុទ្ទកាល័យ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump។
លោក​វេជ្ជបណ្ឌិត Sean Conley ដែល​ជា​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​លោក Donald Trump ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព​ជំងឺ​របស់​លោក Trump៕
លោក​វេជ្ជបណ្ឌិត Sean Conley ដែល​ជា​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​លោក Donald Trump ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព​ជំងឺ​របស់​លោក Trump៕

លោកTrump ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ធ្វើ​តេស្ត​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩។

លោក​វេជ្ជបណ្ឌិត Conley បាន​និយាយ​ថា លោក​ប្រធានាធិបតី​ឥឡូវ​នេះ ​មិន​តម្រូវ​ឲ្យ​បញ្ចូល​ខ្យល់​អុកស៊ីសែន​ទេ។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ទេ ថាតើ​លោក​ប្រធានាធិបតី​ត្រូវ​បាន​បញ្ចូល​ខ្យល់​អុកស៊ីសែន​កាល​ពី​មុន​នេះ​ឬ​យ៉ាង​ណា បើ​ទោះ​ជា​មាន​គេ​សួរ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ។ ​

លោក​វេជ្ជបណ្ឌិត Conley បាន​ថ្លែង​ថា អាការៈ​រោគ​របស់​លោក Trump ដែល​រួម​មាន​ដូចជា​ក្អក និង​តឹងច្រមុះ «កំពុង​តែ​ធូរស្រាល​ហើយ»។

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ Trump មាន​ជំងឺ​គ្រុនក្ដៅ និង​នឿយហត់​អស់​កម្លាំង បន្ទាប់​ពី​ឆ្លង​ជំងឺ​កូវីដ១៩។

មក​ទល់​នឹង​ពេល​នេះ ទីប្រឹក្សា​កំពូល និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក​ប្រធានាធិបតី​មួយ​ចំនួន​ ធ្វើ​តេស្ត​ជា​បន្ដបន្ទាប់​រកឃើញ​ថា ឆ្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG