មេដឹកនាំនៅជុំវិញពិភពលោកផ្ញើសារជាច្រើនក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីព្រឹកថ្ងៃសុក្រថា លោកនិងភរិយាបានធ្វើតេស្តឃើញវីរុសកូរ៉ូណា។
លោក ត្រាំ បានថ្លែងតាមបណ្តាញសង្គម Twitter ថា លោកនិងភរិយា បានចាប់ផ្តើមធ្វើចត្តាឡីស័កភ្លាមៗ។ នៅល្ងាចថ្ងៃសុក្រ លោក ត្រាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា ទោះលោកនិងភរិយាមានសុខភាពធម្មតាក្តី។
មេដឹកនាំពិភពលោកផ្ញើសារដល់ប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីលោកបានប្រកាសថា លោកនិងភរិយា បានឆ្លងវីរុសកូរ៉ូណា។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានផ្ញើសារដល់លោកប្រធានាធិបតីនិងភរិយារបស់លោក ឲ្យអ្នកទាំងពីរឆាប់ជា។
«ពេញមួយយប់ យើងបានឮថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំនិងភរិយា គឺលោកស្រី Melania Trump ធ្វើតេស្តឃើញមានជំងឺកូវីដ១៩។ ខ្ញុំចង់ចាប់ផ្តើមនៅថ្ងៃនេះ ដោយបន់ស្រន់ឲ្យអ្នកទាំងពីរឆាប់ជាសះស្បើយទាំងស្រុង។ យើងសូមបួងសួងជូនដល់អ្នកទាំងពីរ»។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប រយៈពេលពីរថ្ងៃ ដែលមេដឹកនាំអឺរ៉ុបបានពិភាក្សាអំពីវីរុសនេះនិងផលប៉ះពាល់លើសេដ្ឋកិច្ច អធិការបតីអាល្លឺម៉ង់ លោកស្រីAngela Merkel និយាយថា៖
«ខ្ញុំចង់ឆ្លៀតឱកាសនេះ ជូនពរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយាគឺលោកស្រី Melania ឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ នេះយ៉ាងលឿនបំផុត»។
លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក ក៏បានផ្ញើសារដែរ។
«ឆ្លៀតឱកាសនេះ ខ្ញុំបន់ស្រន់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកនិងភរិយារបស់លោក ឱ្យឆាប់ជាសះស្បើយឡើងវិញ»។
រដ្ឋាភិបាលរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ ដែលនិយាយថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើទូរលេខមកសេតវិមាន។ ក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន សរសេរជាភាសារុស្ស៊ីថា៖ «ខ្ញុំប្រាកដក្នុងចិត្តថា ភាពស្វាហាប់ស្មារតីល្អនិងសុទិដ្ឋិនិយមរបស់លោក នឹងជួយលោកឈ្នះវីរុសដ៏គ្រោះថ្នាក់នេះ»។
ទំព័រមុខរបស់កាសែតជាច្រើន នៅប្រទេសនីហ្សេរីយ៉ា ផ្សាយព័ត៌មានលោក ត្រាំ ឆ្លងវីរុសកូរ៉ូណា។
លោក Abiodun Ayinde ជាគណនេយ្យករនិងជំនាញពន្ធដារ នៅទីក្រុង Lagos។
«យើងទាំងអស់គ្នាត្រូវប្រយ័ត្នគ្មាននរណាម្នាក់ស៊ាំនឹងជំងឺនេះទេ។ ប្រធានាធិបតីអាមេរិក បានឆ្លងជំងឺនេះ។ ដូច្នេះយើងត្រូវតែប្រយ័ត្នប្រយែង។ រក្សាសុវត្ថិភាពត្រូវពាក់ម៉ាស់»។
មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី មានរោគសញ្ញាស្រាល។
ការថ្លែងដូច្នេះនៅមុនពេលដែលលោក ត្រាំ វ័យចំណាស់អាយុ ៧៤ ឆ្នាំ និងមានទម្ងន់ជាង ១១០ គីឡូក្រាម ស្ថិតក្នុងជំពួកមនុស្សដែលមានអត្រានៃហានិភ័យខ្ពស់ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា៕