ប្រធានាធិបតីចិនលោក Xi Jinping បានផ្ញើសារបង្ហាញពីក្ដីបារម្ភកាលពីថ្ងៃសៅរ៍ ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកស្រី Melania Trump ដែលជាភរិយា ក្រោយពីពួកគេទាំងពីរនាក់បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋចិន។
ទូរទស្សន៍របស់រដ្ឋចិនបានបង្ហោះសារលើគេហទំព័ររបស់ខ្លួន ដោយស្រង់សម្ដីរបស់លោកប្រធានាធិបតីចិន Xi ថា៖ «ខ្ញុំនិងភរិយារបស់ខ្ញុំអ្នកស្រី Peng Liyuan សូមសម្ដែងការព្រួយបារម្ភពីសុខភាពរបស់លោក និងភរិយា និងសូមជូនពរឲ្យលោកឆាប់ជាពីជំងឺនេះ»។
ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកមានភាពរង្គោះរង្គើខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរមានជម្លោះផ្នែកពាណិជ្ជកម្មបច្ចេកវិទ្យា សន្ដិសុខ ការរឹតបន្ដឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការត្រួតត្រាទីក្រុងហុងកុង និងការត្អូញត្អែរអំពីការរំលោភបំពាននានារបស់រដ្ឋាភិបាលចិនទៅលើអ្នកកាន់សាសនាឥស្លាម នៅក្នុងតំបន់ Xinjiang ដែលស្ថិតនៅប៉ែកពាយព្យប្រទេសចិន។
លោក Trump បានបន្ទោសចិន ដែលជាប្រភពផ្ទុះរាលដាលជំងឺកូវីដ១៩ កាលពីខែធ្នូឆ្នាំមុន ថាមិនបានចាត់វិធានការឲ្យបានត្រឹមត្រូវក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺនេះ និងធ្វើឲ្យជំងឺនេះបន្ដឆ្លងរាតត្បាតទូទាំងពិភពលោក៕