ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​ត្រាំ​ប្រុងប្រៀប​រួច​ស្រេច​ដើម្បី​​អនុវត្ត​គោលនយោបាយ​អន្តោ​ប្រវេសន៍​កាន់​តែតឹងរ៉ឹង​ខ្លាំង​ឡើង


រូបឯកសារ៖ ជនចំណាកស្រុកមកពីប្រទេសហុងឌុយរ៉ាស ដែលព្យាយាមឆ្លងទៅសហរដ្ឋអាមេរិក។ 
រូបឯកសារ៖ ជនចំណាកស្រុកមកពីប្រទេសហុងឌុយរ៉ាស ដែលព្យាយាមឆ្លងទៅសហរដ្ឋអាមេរិក។ 

សម្រាប់​ខែកុម្ភៈ បុគ្គល​ចំនួន ៧ម៉ឺន​៦​ពាន់​នាក់ ​ភាគ​ច្រើន​ជាក្រុម​គ្រួសារ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំ​ដែន​ភាគ​និរតី។

​ប្រ​ធានាធិបតី​សហរដ្ឋ​អាមេរិកលោក ​ដូណាល់ ​ត្រាំ ​កំពុង​ប្រុង​ប្រៀប​អនុវត្ត​គោល​នយោបាយ​អន្តោ​ប្រវេសន៍​កាន់​តែ​តឹងរ៉ឹង​ឡើង ​បន្ទាប់​ពីការ​បណ្តេញ​លោក​ស្រី Kirstjen Nielsen ​រដ្ឋ​មន្រ្តី​ក្រសួងសន្តិសុខ​មាតុភូមិ​ភ្លាម​ៗ​ កាលពី​ថ្ងៃអាទិត្យ​។​

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក ​និយាយថា ​វិបត្តិជន​អន្តោ​ប្រវេសន៍មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរឡើង​ៗ​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ​ហើយ​មាន​សេចក្តី​រាយការណ៍​ថា ​ប្រធា​នា​ធិបតី ​ត្រាំ ​កំពុង​ពិចារណា​ដាក់​ឲ្យ​ប្រើឡើង​វិញ​នូវគោល​នយោបាយ​គ្មាន​ប្រជា​ប្រិយ​ភាព ​ដែល​បំបែក​កូន​ចៅ​ជន​ចំណាក​ស្រុក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ។

ថ្វីបើ​មានគោល​នយោបាយ​តឹងរ៉ឹង​របស់​រដ្ឋ​បាល​លោក ​ត្រាំ ក៏ដោយ ក៏ជន​ចំណាក​ស្រុក​ដែល​រត់​គេចចេញ​ពី​ភាព​ក្រីក្រ ​និង​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស​ហ្វាតេម៉ាឡា អែល​សាវ៉ា​ឌ័រ​ និង​ប្រទេស​ហុងឌុយរ៉ាស ​បន្ត​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​ម៉ិចស៊ិក ​ដើម្បី​ព្យា​យាម​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

​សម្រាប់​ខែកុម្ភៈ បុគ្គល​ចំនួន ៧ម៉ឺន​៦​ពាន់​នាក់ ​ភាគ​ច្រើន​ជាក្រុម​គ្រួសារ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំ​ដែន​ភាគ​និរតី។

​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​ដែល​បាន​ធ្វើ​យុទ្ធនាការ​លើ​ការពង្រឹងសន្តិសុខ​ព្រំ​ដែន មានការ​មួម៉ៅ​កាន់​តែខ្លាំង​ឡើង​ជាមួយ​លោកស្រី Kirstjen Nielsen ​រដ្ឋ​មន្រ្តី​ក្រសួងសន្តិសុខ​មាតុភូមិ ​ហើយ​បាន​បណ្តេញ​លោកស្រី​ចេញ​ពីដំណែង​កាល​ពី​ថ្ងៃ​អាទិត្យ។

លោកស្រី Kirstjen Nielsen ​បាន​ថ្លែង​ត្រួស​ៗ ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​មាន​គោល​បំណងការពារ​ព្រំ​ដែន​ដូចជា​លោក​ប្រធានា​ធិបតី​ដែរ។ ​ខ្ញុំ​នឹង​បន្ត​គាំទ្រ​ការ​ខំ​ប្រឹងប្រែង​ទាំងអស់​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​មនុស្ស​ធម៌​ និង​សន្តិសុខ​នៅ​តាម​ព្រំដែន»។

​ប្រធានា​ធិបតី​ ត្រាំ ​បាន​ប្រកាស​ថា ​លោក Kevin McAleenan អគ្គស្នង​ការគយ​ និង​ការពារ​ព្រំ​ដែន​សហរដ្ឋ​អាមេរិកនៅ​ពេលបច្ចុប្បន្ននេះ ​នឹងក្លាយ​ជា​រដ្ឋមន្រ្តី​ស្តីទី​ដើម្បី​ជំនួសលោកស្រី Nielsen ​ហើយថា លោក​បានបង្ហាញ​នូវ​ការ​ប្រុងប្រៀប​ជា​ស្រេច ​ហើយសម្រាប់​គោល​នយោបាយកាន់តែ​តឹង​ឡើង​លើ​ជន​អន្តោប្រវេសន៍។

​កាល​ពី​ថ្ងៃ​ចន្ទ ​សេតវិមាន​មិន​បាន​បដិសេធ​ថា ​លោក​ប្រធានា​ធិបតី​ ត្រាំ​ កំពុង​ពិចារណា​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់ឡើង​វិញ​នូវ​គោល​នយោបាយ​ដើម្បី​បំបែក​កូន​ចៅ​ជន​ចំណាក​ស្រុកពីក្រុម​គ្រួសារ​របស់​ពួកគេ​នៅឯព្រំ​ដែន​ទេ។​

លោក​ Hogan Gidley ​អ្នកនាំពាក្យ​រង​របស់​សេតវិមាន​ បាន​ថ្លែងថា៖ «លោក​អ្នក​ដឹង​ហើយ​ថា ​ការ​បំបែក​កូនក្មេងចេញ​ពី​ក្រុមគ្រួសារ ដែល​លោក​ប្រ​ធា​នា​ធិបតី​បាន​និយាយ​កាល​ពីពេល​មុននោះ ​លោកមិន​ចូល​ចិត្ត​ទេ។ ​វា​ជាការ​អនុវត្ត​ប្រកប​ដោយ​ភាព​ព្រៃផ្សៃ។ ​ក៏ប៉ុន្តែ​សភា​មាន​មធ្យោបាយ​ដើម្បី​កែតម្រូវ​បញ្ហា​នេះ។​ ដូច្នេះ​ការណ៍​នេះ​នឹង​មិនមែន​ជាការ​ទាក់​ទាញសម្រាប់​មនុស្ស​មក​ទី​នេះ​ ហើយ​ប្រើ​កូន​ក្មេងធ្វើ​ដូច្នេះ​ទេ»។

ការ​បំបែក​ក្រុម​គ្រួសារ​ត្រូវបាន​អនុវត្ត​ ចាប់​តាំង​ពី​ខែមេសា ​រហូត​ដល់ ​ខែមិថុនា ឆ្នាំ​ទៅ​ ហើយ​ត្រូវ​បាន​ច្រានចោល​ដោយ​ការ​សម្រេច​នៅ​ក្នុង​តុលាការ។ ការ​បំបែក​ក្រុម​គ្រួសារ​នេះ​បាន​ប្រឈម​ការ​ខឹង​សម្បារ​ជា​សាធារណៈ​យ៉ាង​ខ្លាំង​ ហើយ​មិន​បាន​កាត់​បន្ថយ​ចំនួន​ជន​ចំណាក​ស្រុក​ទេ។

លោក Cristobal Ramon នៃ​មជ្ឈ​មណ្ឌលគោល​នយោ​បាយ​របស់​គណបក្ស​ទាំង ​២ បាន​និយាយ​ថា៖ «តាម​ការ​ពិត បុគ្គល​កាន់​តែ​ច្រើន​ឡើងបាន​មក​ទី​នេះ។ ដូច្នេះ ​ខ្ញុំ​គិត​ថា រដ្ឋ​បាល​នេះ​ដែល​ព្យាយាម​ស្វែង​រក​មធ្យោបាយ​ដើម្បី​កំញើញ​បុគ្គល​ទាំង​នោះ ​ក៏ប៉ុន្តែ​បញ្ហា​គឺ​ថា ​ការកំញើញ​មិន​បាន​ដោះ​ស្រាយ​ស្ថានភាព​ក្នុង​ប្រទេស​ដែល​បានធ្វើ​ឲ្យ​ជន​ចំណាក​ស្រុក​នោះ​មក​ទេ។ ឧទាហរណ៍ ​ការ​កំញើញ​នោះ ​នឹង​មិន​ដោះស្រាយ​អំពើ​ហិង្សា​ ​និង​មិន​ដោះស្រាយ​ភាព​ក្រីក្រ ហើយ​វា​នឹង​មិន​ដោះស្រាយ​ការពិត​ដែល​ថា ​បុគ្គល​ទាំងអស់​នោះ​មើល​មិន​ឃើញ​ជម្រើស​ណា​ផ្សេង​ទៀត»។

ប្រធានា​ធិបតី ​ត្រាំ ​បាន​បន្ត​ស្តី​បន្ទោស​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង ​ដែល​កំពុង​ជំទាស់​ប្រឆាំង​ការ​ប្រកាស​ប្រទេស​មាន​ភាពអាសន្ន​របស់​លោកនៅឯ​ព្រំដែន។

លោក​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ ​បាន​ថ្លែង​ថា៖ «ជា​អកុ​សល ​ពួក​គណ​បក្ស​ប្រជា​ធិបតេយ្យ​បា​ន​បដិសេធ​ពុំ​ព្រម​បិទ​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​អន្តោប្រ​វេសន៍។ នេះ​ប្រាកដ​ជា​អ្វី​ដែល​សំខាន់»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប្រធានា​ធិបតី ​ត្រាំ​ បាន​បញ្ឈប់​ការ​គំរាម​របស់​លោក​ដើម្បី​បិទ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​ ហើយ​បាន​សរសើរ​ប្រទេស​ម៉ិចស៊ិក​ចំពោះ​ការបញ្ឈប់​លំហូរ​ជន​អន្តោ​ប្រវេសន៍។ ក៏ប៉ុន្តែ​នៅ​ចុង​សប្តាហ៍​នេះ ​លោក​បាន​បញ្ជា​ឲ្យ​ជំនួយការរបស់លោក ​ចាត់​វិធានការ​កាន់​តឹងរ៉ឹង​ឡើង ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​ហើយ​មាន​សេចក្តី​រាយការណ៍​ថា លោកកំពុង​ពិចារណា​ពីការ​បណ្តេញ​អ្នក​ជំនួយ​ការ​កាន់​តែ​ច្រើន​ឡើង៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG