ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារបានប្រកាសថា ក្រុមជនចំណាកស្រុកដើរត្រាច់ចរថ្មីមួយក្រុមកំពុងធ្វើដំណើរចាកចេញពីប្រទេសហុងឌុយរ៉ាស់ ដែលការលើកឡើងនេះជាមូលហេតុសមរម្យមួយសម្រាប់ ឲ្យលោកទាមទារសង់ជញ្ជាំងទល់ដែនអាមេរិក-ម៉ិកស៊ិក ដើម្បីទប់ស្កាត់ពួកជនចំណាកស្រុកទាំងនោះមិនឲ្យចូលមកសហរដ្ឋអាមេរិក។
លោក Trump បានបង្ហោះសារនៅលើ Twitter ថា «ក្រុមជនចំណាកស្រុកត្រាច់ចរថ្មីមួយក្រុមធំកំពុងធ្វើដំណើរពីហុងឌុយរ៉ាស់ឆ្ពោះមកព្រំដែនភាគខាងត្បូងរបស់យើង»។ លោកបានជំរុញដល់ប្រជាពលរដ្ឋឲ្យប្រាប់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តនិងលោក Chuck Schumerមេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ ដែលជាមេដឹកនាំកំពូលខាងគណបក្សប្រជាធិបតេយ្យជាអ្នកដែលប្រឆាំងនឹងការទាមទារសង់ជញ្ជាំងព្រំដែនរបស់លោក។ លោក Trump បានថ្លែងថា «ឧបករណ៍ដ្រូនទាំងនោះមិនបានជួយបញ្ឈប់ពួកជនចំណាកស្រុកទាំងនោះទេ។ មានតែជញ្ជាំងប៉ុណ្ណោះអាចបញ្ឈប់ពួកគេបាន។ មានតែជញ្ជាំងឬរបាំងព្រំដែនប៉ុណ្ណោះដែលនឹងជួយរក្សាសុវត្ថិភាពដល់ប្រទេសយើង»។
លោកបានប្រាប់លោកស្រី Pelosi និងលោក Schumerឲ្យឈប់លេងល្បែងនយោបាយ និងបញ្ចប់ការបិទទ្វាររដ្ឋាភិបាល។ ការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាលដែលបានឈានដល់ថ្ងៃទី២៥ បង្កឡើងដោយការមិនព្រមព្រៀងគ្នាលើសំណើរថវិកាសង់ជញ្ជាំងព្រំដែនចំនួន៥ពាន់លានដុល្លាររបស់លោក Trump ខណៈគណបក្សប្រជាធិបតេយ្យយល់ព្រមផ្តល់ថវិកាចំនួន១ពាន់៣រយលានដុល្លារសម្រាប់បង្កើនសន្តិសុខព្រំដែន៕