ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិងប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃពុធដើម្បីរកដំណោះស្រាយចំពោះបញ្ហាអន្តោប្រវេសន៍។
សេតវិមានបានប្រកាសថាមេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នារកដំណោះស្រាយដែលចាំបាច់នានាចំពោះមូលហេតុនៃការធ្វើចំណាកស្រុកខុសច្បាប់ពីតំបន់អាមេរិកកណ្តាលទៅសហរដ្ឋអាមេរិក។ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីមូលហេតុដែលបណ្តាលឲ្យមានចំណាកស្រុកដែលរួមមានបញ្ហាអសន្តិសុខ និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះជាដើម។
លោក Lopez Obrador បាននិយាយថាលោកនិងលោក Trumpបានពិភាក្សាអំពីការធ្វើចំណាកស្រុក និងលទ្ធភាពនៃការធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងការបង្កើតការងារនៅតំបន់អាមេរិកកណ្តាល។ លោក López Obrador បានបង្ហោះសារកាលពីថ្ងៃពុធដោយលោកបានចាត់ទុកពិភាក្សាតាមទូរសព្ទនេះថាជាការកិច្ចពិភាក្សាប្រកបដោយភាពរាក់ទាក់និងការគោរពគ្នា។
មេដឹកនាំម៉ិកស៊ិកបានស្នើគម្រោងជាទឹកប្រាក់ចំនួន៣០ពាន់លានដុល្លាររយៈពេល៥ឆ្នាំដើម្បីបង្កើតការងារនិងដើម្បីដោះស្រាយភាពក្រីក្រនៅតំបន់អាមេរិកកណ្តាល ដោយសង្ឃឹមថាអាចដោះស្រាយបញ្ហានានាដើម្បីជួយឲ្យពួកជនចំណាកស្រុកអាចស្វែងរកជីវភាពប្រសើរទាំងក្នុងប្រទេសម៉ិកស៊ិកនិងសហរដ្ឋអាមេរិក។ លោកLópez Obrador ដែលបានឡើងកាន់តំណែងកាលពីថ្ងៃទី១ខែធ្នូចង់ឲ្យសហរដ្ឋអាមេរិកនិងកាណាដាចូលរួមក្នុងកិច្ចប្រឹងប្រែងនេះជាមួយគ្នា។
កាលពីដើមខែនេះនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេសេវាភាសាអ៉េស្បាញលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថាលោកបានពិភាក្សាជាមួយរដ្ឋបាលម៉ិកស៊ិកថ្មីអំពីការបង្កើតឱកាសសម្រាប់ប្រជាជននៅដែលរស់នៅក្នុងប្រទេសក្វាតេម៉ាឡា ហុងឌុយរ៉ាស និងអែលសាវ៉ាឌ័រ ដើម្បីជួយឲ្យពួកគេមានជីវភាពប្រសើរឡើង៕