ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Clinton នាំ​មុខ​លោក​ Donald Trump ក្នុង​ការ​ស្ទង់មតិ​អ្នក​បោះ​ឆ្នោត​ថ្មី​មួយ


លោកស្រី Hillary Clinton បក់​ដៃ​ដាក់​អ្នក​គាំទ្រ​ នៅ​ពេល​លោកស្រី​ទៅ​ដល់​កន្លែង​ប្រមូល​ផ្តុំ​មួយ​នៅ​វិទ្យាល័យ Adams City នៅ​ក្នុង​ក្រុង Commerce រដ្ឋ Colorado កាលពី​ថ្ងៃទី៣ ខែសីហា​ ឆ្នាំ២០១៦។

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ជា​ការ​ប្រកួតប្រជែង​មួយ​ ដែល​មិន​មែន​ត្រូវ​សម្រេច​ដោយ​ចំនួន​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ទេ។ ​លទ្ធផល​នោះ​ត្រូវ​បាន​សម្រេច​ដោយ​រដ្ឋ​នីមួយៗក្នុង​រដ្ឋ​ទាំង​៥០​នៅ​ពេល​ដែល​ពួក​បេក្ខជន ​ស្វែង​រក​ឈ្នះ​ការ​បោះឆ្នោត​ដោយ​រាប់​តាម​ចំនួន​ប្រតិភូ ​ដោយ​ឥទ្ធិពល​របស់​រដ្ឋ​នីមួយៗ​អាស្រ័យ​លើប្រជាពលរដ្ឋ​ និង​តំណាង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា។

លោកស្រី Hillary Clinton ​បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​អតីត​រដ្ឋ​មន្រ្តី​ការបរទេសសហរដ្ឋ​អាមេរិក ​និង​លោក Donald Trump ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​និង​ជា​មហាសេដ្ឋី​អចលន​ទ្រព្យ​ដែល​កំពុង​ស្វះស្វែង​រក​តំណែងប្រធានាធិបតី​លើក​ដំបូង ​កំពុង​ព្យាយាម​ឲ្យ​ទទួល​បាន​ប្រតិភូ​ភាគ​ច្រើនចំនួន​២៧០​នៃ​ប្រតិភូ​ទាំង​អស់​៥៣៨ ​ដើម្បី​កាន់​តំណែង​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​នៅ​សេតវិមាន។

ឥឡូវនេះ ​ការ​ស្ទង់​មតិ​ថ្មី ដែល​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បង្ហាញ​ថា​ការ​គាំទ្រ​លោក​ស្រី​ Clinton បាន​កើន​ឡើង ​លើស​ការ​គាំ​ទ្រ​លោក Trump ​នៅ​ក្នុង​រដ្ឋ​ប្រកួតប្រជែង​សំខាន់ៗ​៤ ​ហើយ​លោកស្រី ​បាន​នាំ​មុខ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ពួក​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស។ ការ​ព្យាករណ៍​ផ្សេង​ទៀតបង្ហាញ​ថា ​លោកស្រី​ Clinton បាន​នាំ​មុខ​លោក Trump ​នៅ​ក្នុង​ការ​ព្យាករណ៍​នៃ​ចំនួន​ប្រតិភូ ​ក៏ប៉ុន្តែ ​លោកស្រី ​មិន​បាន​ទទួល​ចំនួន​ប្រតិភូ​២៧០​ដែល​ជា​សំឡេង​ភាគ​ច្រើននៅ​ពេល​បេក្ខ​ជន​ទាំង​២​ប្រកួតប្រជែង​គ្នានៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ដែល​នៅ​ទី​នោះ​ការ​គាំទ្រ​របស់ពួក​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ ​ស្ទើរ​តែ​មាន​ការ​បែង​ចែក​ស្មើ​គ្នានៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

​លោកស្រី Amy Walter ​អ្នក​វិភាគនយោបាយនិយាយ​នៅ​សប្តាហ៍​នេះ​ថា ​«លោកស្រី​ Clinton ​មាន​ជម្រើស​ច្រើន​ជាង​លោក Trump ដើម្បី​ឲ្យ​ទទួល​បាន​ប្រតិភូ​ចំនួន២៧០។​លោកស្រី​ Clinton ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ ​ក៏ប៉ុន្តែ ​ការ​ប្រកួត​ប្រជែង​មិន​ទាន់​ចប់នៅ​ឡើយ​ទេ‍»៕

XS
SM
MD
LG