ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដូណាល់ ត្រាំ​៖ ​លោក​ស្រី​ Devos ​រដ្ឋ​មន្រ្តី​ក្រ​សួង​អប់រំ​ជា​​ជម្រើស​ដ៏​ត្រឹម​ត្រូវ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​វិស័យ​អប់រំ


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ ​Betsy DeVos ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​អាណាព្យាបាល​សិស្ស​​និង​លោក​គ្រូ​អ្នក​គ្រូ​ កាល​ពី​ថ្ងៃទី​១៤ នៅ​សេតវិមាន។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ ​Betsy DeVos ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​អាណាព្យាបាល​សិស្ស​​និង​លោក​គ្រូ​អ្នក​គ្រូ​ កាល​ពី​ថ្ងៃទី​១៤ នៅ​សេតវិមាន។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ស្វាគមន៍​លោក​ស្រី ​Betsy DeVos ​កាល​ពី​ថ្ងៃ​អង្គារ​ចំពោះ​ការ​ទទួល​បានការ​តែង​តាំងកាល​ពី​សប្តាហ៍​មុន​ជារដ្ឋ​មន្រ្តី​ក្រសួងអប់រំ ហើយ​លោក​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ថា ​លោកស្រី​ជា​មនុស្ស​ដ៏​ត្រឹម​ត្រូវ​ដើម្បី​ដោះ​ស្រាយ​អ្វី​ដែល​លោក​ប្រធានាធិបតី​បាន​ពណ៌នា​ថា​ជា​វិបត្តិ​សិក្សា​អប់រំ​នៅ​ក្នុង​ប្រទេស​អាមេរិក។

លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​មាន​ប្រសាសន៍​ថា៖​ «យើង​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​សិក្សា​អប់​រំ ជា​ពិសេស​សម្រាប់​សហគមន៍​អាហ្វិ្រក ​អាមេរិកាំង។ វា​មាន​ការពិ​បាកហើយ​និង​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់។ ដោយ​ហេតុ​នេះ​ ​បាន​ជា​ខ្ញុំ​ចង់​ឲ្យ​កូន​ក្មេង​ដែល​មិន​មាន​ឱកាស​នៅ​ក្នុង​ប្រទេស​អាមេរិក ​ដោយ​មិន​គិត​ពី​ប្រវត្តិ​របស់​ពួក​គេ​យ៉ាង​ដូចម្តេច​ឬ​ពួក​គេ​រស់​នៅ​ទីណា ​ឲ្យ​មាន​ជម្រើស​អំពី​ទី​កន្លែង​ដែល​ពួកគេ​ទៅ​រៀន‍»។

​កំណត់​សម្គាល់​របស់​លោក​ប្រធានា​ធិបតី ​បាន​ធ្វើ​ឡើង​នៅ​ឯសេត​វិមាន​ដែល​មាន​ការ​ចូល​រួម​ពី​លោក​គ្រូ​អ្នក​គ្រូ​ដែល​បាន​បង្រៀន​នៅ​សាលា​រៀន​សាធារណៈ​និង​ឯកជន​ហើយ​និង​ពី​មាតា​បិតា​ដែល​បាន​បង្រៀន​កូន​នៅ​ផ្ទះ។

លោកស្រី​ DeVos​ បាន​ទទួល​ការ​តែង​តាំង​ពីព្រឹទ្ធសភា​ជា​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​កាល​ពី​សប្តាហ៍​មុន​នៅ​ពេល​ដែល​លោក​អនុ​ប្រធានា​ធិបតី​ Mike Pence​ ដែល​ជា​ប្រធាន​ព្រឹទ្ធ សភា​ដែរ​នោះ ​បាន​បោះ​ឆ្នោត​បំបែក​ភាព​ស្មើ​គ្នា។ ការ​បោះឆ្នោត​បែប​នេះ​ជា​លោក​ទី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក​ដែល​លោក​អនុប្រធានា​ធិបតី​បាន​បំបែក​សំឡេង​ឆ្នោត​ស្មើ​គ្នា​ដើម្បី​តែង​តាំង​សមាជិក​គណៈរដ្ឋ​មន្រ្តី​នោះ។

លោក​ប្រធានា​ធិបតី​ ត្រាំ ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ស្វាគមន៍​លោក​ស្រី​ដែល​បាន​ឆ្លង កាត់​ការ​សាក​ល្បង​ដ៏​តឹង​តែងនិងអយុត្តិធម៌​ហើយ​លោក​ស្រី​បាន​ទទួល​ជ័យ​ជម្នះ​នេះ»៕

XS
SM
MD
LG