ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គោល​នយោបាយ​ការបរទេស​អាមេរិក​ថ្មី​ចំពោះ​អាស៊ាន​ជា​រឿង​ដែល​គេ​ផ្ចង់​អារម្មណ៍

  • សុខ ខេមរា

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (កណ្តាល) និង​មេដឹកនាំ​អាស៊ាន​ដែល​មាន​ដប់​ប្រទេស ថតរូប​រួម​គ្នា​នៅ​រមណីយដ្ឋាន​លំហែ​កាយ​ សាន់នីឡែន ក្នុង​សង្កាត់​ Rancho Mirage​ រដ្ឋ California នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក​ ឈាង វណ្ណារិទ្ធ បាន​បញ្ជាក់​ថា ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​មិន​គួរ​លុបចោល​កេរដំណែល ​(legacy) ​របស់​លោក​អូបាម៉ា​ ដែល​បាន​បង្កើន​ការ​ជឿទុក​ចិត្ត​ជាមួយ​អាស៊ាន ​និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​មាន​ភាព​ស៊ីជម្រៅ​នោះ​ទេ។

បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ ដែល​ធ្លាប់​បាន​រីករាយ​ជាមួយ​នឹង​ឋានៈភាព​ស្មើមុខ ស្មើ​មាត់​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា ​ហាក់​ដូចជា កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​គោល​នយោបាយ​ការបរទេស​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា​តើ​អាស៊ាន​នឹង​បន្ត​ទំនាក់​ទំនង​ល្អ​រវាង​អាមេរិក​អាស៊ាន​នេះ​ដូច មុន​ទៀត​ឬក៏​យ៉ាងណា។ ក្រុម​អ្នកតាមដាន​នយោបាយ​ក្នុង​តំបន់ និង​អន្តរជាតិ​ខ្លះ​បាន​សម្លឹង​មើល​ពី​កេរដំណែល​មួយ​របស់​លោក អូបាម៉ា ដែល​បាន​ធ្វើ​ចំពោះ​អាស៊ាន​ជាពិសេស​ក្នុងកិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​លើ​ទឹកដី​អាមេរិក​កាលពី​ឆ្នាំទៅ​ ដោយ​បាន​បញ្ជាក់​ពី​សារៈសំខាន់​ទៅវិញ​ទៅមក​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​រវាង​អាមេរិក អាស៊ាន។

នៅ​ពេល​ក្រុម​មេដឹកនាំ​អាស៊ាន​កំពុង​រង់ចាំ​មើល​គោល​នយោបាយ​ការបរទេស​របស់ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថា​នឹង​គិតគូ​យ៉ាងណា​ចំពោះ តំបន់​អាស៊ាន​ដែល​មាន​ពលរដ្ឋ​ជាង​៦៤០លាន​នាក់​នោះ​ ក្រុមអ្នក​វិភាគ​កិច្ចការ​តំបន់​និង​អន្តរជាតិ​ខ្លះ​បាន​រំលេច​អំពី​សារៈ​សំខាន់​នៃ​កេរតំណែល​លោក​អតីត​ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា មួយ​គឺ​ការបង្កើន​ទំនាក់​ទំនង​រវាង​អាមេរិក ​អាស៊ាន​ដល់​កម្រិត ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​ ជាពិសេស​ការណ៍​នេះ​បាន​បញ្ជាក់​ដោយ​ឯកឯង​ក្នុង​ពេល​កិច្ច ប្រជុំ​កំពូល​អាមេរិក​ អាស៊ាន​លើ​ទឹកដី​អាមេរិក​លើក​ដំបូង​កាលពី​ពាក់​កណ្តាល​ខែកុម្ភៈ ឆ្នាំ២០១៦។

លោក តាំង ស៊ូ មុន (Tang Siew Mun )នាយកមជ្ឈមណ្ឌលសិក្សាអំពីកិច្ចការអាស៊ានក្នុងប្រទេសសិង្ហបូរី បានថ្លែងថា៖

«កិច្ចប្រជុំ​សាន់នីលែន ​(Sunnylands Summit) គឺ​ជា​កិច្ចប្រជុំ​ដែល​បង្ហាញ​ពី​ទំនាក់​ទំនង ស៊ីជម្រៅ​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក​និង​អាស៊ាន ហើយ​ពេល​នេះ​វា​ដើរ​តួ​ជា​ចំណុច​នៃ​ការ​ប្រៀបធៀប និង​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​ទ្វេភាគី​ដ៍​មាន​សារៈ​សំខាន់ នៅ​ក្រោម​រដ្ឋបាល​លោក ​ត្រាំ​ទៀត។ សកម្មភាព​និង​គោល​នយោបាយ​លោកត្រាំ មក​កាន់​តំបន់​អាស៊ាន ​នឹង​មិន​អាច​ចៀសវាង​បាន​ទេ ចំពោះ​ការទាញ​ចំណាប់​អារម្មណ៍ ប្រៀបធៀប​ជាមួយ​នឹង​គោល​នយោបាយ​ទាំងឡាយ​របស់​រដ្ឋបាល​លោក អូបាម៉ា នោះ‍»។

លោក​បាន​ដាក់​ការសង្ស័យ​ចំពោះ​រដ្ឋបាល​លោក ត្រាំ ចំពោះ​កេរដំណែល​របស់​លោក បារ៉ាក់ អូបាម៉ា ដែល​បាន​ធ្វើ​ឲ្យ​ស.រ.អា និង​អាស៊ាន​មាន​ទំនាក់ទំនង​ឈាន​ដល់​កម្រិត យុទ្ធសាស្ត្រ​ដោយ​ចោទ​ជា​សំណួរ​តាម​ខ្លឹមសារ​ដើម​ថា៖

«ហេតុអ្វី​បាន​ជា​គ្មាន​កិច្ចប្រជុំ​កំពូល​ត្រូវ​បាន​ធ្វើ​ឡើង​មុន​រដ្ឋបាល​លោក អូបាម៉ា?ប្រសិនបើ​អាស៊ាន​ត្រូវ​គេ​គិត​ថា ជា​ផ្នែក​មួយ​នៃ​កេរដំណែល​របស់​អូបាម៉ា។ អញ្ចឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​អាច​ត្រូវកាត់​បន្ថយ​ និង​មិន​ដំណើរការ​ទៅ​មុខ​ក្រោម​រដ្ឋបាល​របស់​លោក​ ត្រាំ ទេ‍»។

លោក អេ អ៊ីប្រាហ៊ីម អាល់ម៉ូតតាគី​ (A. Ibrahim ​Almuttaqi)​ ជា​នាយក​កម្មវិធី​សិក្សា សា្រវជ្រាវ​អាស៊ាន​នៃ​មជ្ឈមណ្ឌល ​Habibie Center ​បាន​ថ្លែង​ថា៖

«ផល​ប៉ះពាល់​នៃ​ទំនាក់​ទំនង​អាស៊ាន ​អាមេរិក​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល ត្រូវធ្វើ​ឡើង​នៅ​លើ​ទឹកដី​អាមេរិក​ជា​លើក​ដំបូង​នោះ ​បាន​ធ្វើ​ឲ្យ​មាន​ជា​កង្វល់​ពេល លោក ដូណាល់ ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​រួច​ទៅ​ហើយ។ មនុស្ស​តិចតួច​ដែល​បាន​រំពឹង​ទុក​ថា​លោក​ដូណាល់ ត្រាំ​អាច​ក្លាយជា​ប្រធានាធិបតី​នៃ​លោក​សេរី។ ​ហើយ​ដោយ គ្មាន​ការសង្ស័យ​នោះ ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ជាច្រើន​ បទបញ្ជា​លោក​ជាច្រើន ហើយ​សូម្បី​តែ​ឥរិយាបទ​របស់​លោក​ បាន​ធ្វើ​ឲ្យ​តំបន់​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ស្មុគស្មាញ ហើយ។​ គេ​បាន​គិត​ថា​កិច្ចប្រជុំ​កំពូល​លើ​ទឹកដី​អាមរិក​គឺ​ជា​ការបញ្ជាក់​មួយ​ថា ទំនាក់ទំនង​អាមេរិក​អាស៊ាន​អាច​នៅ​តែ​កើន​ខ្លាំង​ ហើយ​ភាគី​ទាំងពីរ​យល់​ថា​បាន​ប្តេជ្ញា​ស្មើ​គ្នា​ចំពោះ​កិច្ចប្រឹង​ប្រែង​នេះ។ តែ​ជាអកុសល​ យើង​ពិតជា​មិនទាន់​ដឹង​ច្បាស់ គ្រប់​គ្រាន់ ​នៅ​ឡើយ​ថា តើ​គោល​នយោបាយ​ការបរទេស​របស់​ ត្រាំ​ នឹង​ដំណើរការ​ទៅ​ជា​យ៉ាងណា‍»។

បើ​តាម​ការអះអាង​របស់​លោកស្រី​ ស៊ីហូកុ ហ្គោតុ ​(Shihoko Goto)​ អ្នក​ស្រាវជ្រាវ​នៃ អង្គការ​តាក់តែង​គោល​នយោបាយ ឬ មជ្ឈមណ្ឌល​ Woodrow Wilson Center ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ថា​មាន​ការផ្លាស់ប្តូរ​ចំពោះ​ប្រទេស​អាស៊ាន​មុន​ពេល​សហរដ្ឋ​អាមេរិក​មាន​គោល​នយោបាយ​ថ្មី។

«នៅ​ពេល​គេ​គិត​ពី​អាស៊ី​ គេ​ពិត​ជា​គិត​អំពី​អាស៊ី​ខាងកើត។​ ការណ៍​នេះ​មាន​ន័យ​ថា ប្រទេស​ចិន គឺ​ជា​ក្តីបារម្ភ​ ជា​ដៃគូ​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ ជាអ្នក​ប្រកួត​ប្រជែង​ខាង​វិស័យ​យោធា​ផងដែរ។​ ប៉ុន្តែ​ជាមួយគ្នា​នេះ​ រដ្ឋបាល​លោក ​ដូណាល់ ត្រាំ​កំពុង​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ប្រទេស​មហា​អំណាច​អាស៊ី​ដូចជា​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូងផង​ដែរ។ ស.រ.អា មើល​ឃើញ​ថា ប្រទេស​កូរ៉េ​ខាងជើង​គឺ​ជា​ការគំរាម​កំហែង​ដ៏​ធំ​មួយ។​ ស.រ.អា​ពិតជា​មិន​យក​ចិត្ត​ទុកដាក់​លើ​ប្រទេស​អាស៊ាន​ដ៏ទៃ​បាន​ច្រើន​ដូចជា​រដ្ឋបាល​លោក​អូបាម៉ា​ បាន​ធ្វើ​ទេ‍»។

លោកស្រី​ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ លោក ជីម ម៉ាទីស​ (Jim Mattis) ទៅ​កាន់​ប្រទេស​អាស៊ី​ពីរ​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏ខ្លាំងក្លា​របស់​អាមេរិក​ជាយូរ​អង្វែង​មក​ហើយ គឺ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ដំណាល​គ្នា ដែល​ប្រទេស​អាស៊ាន​ផ្សេងៗ​ងាក​ទៅ​រក​ការធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន។ លោកស្រី​អះអាង​ថា ជា​ការល្អ​ដែរ​ដើម្បី​ឲ្យ​តំបន់​អាស៊ាន​និង​ប្រទេស​អាស៊ាន​ពង្រឹង​ខ្លួន​ឯង។

«មាន​ឱកាស​ច្រើន​ណាស់​សម្រាប់​ប្រទេស​អាស៊ាន​ក្នុង​ការសំឡឹង​មើល​ប្រភព​ជាច្រើន​ទាក់ទងនឹង​សន្តិសុខ ក៏ដូចជា​ការផ្តួច​ផ្តើម​គំនិត​ឲ្យ​មាន​ការរីក​លូតលាស់។​ ខ្ញុំ​គិត​ថា​វា​ជា ឱកាស​សម្រាប់​ប្រទេស​អាស៊ាន​ក្នុងការ​ធ្វើ​ឲ្យ​ប្រទេស​រីកលូតលាស់‍»។

ឱកាស​របស់​ប្រទេស​ចិន​កាន់តែ​កើន​ឡើង​ក្នុង​ពេល​អាមេរិក​មិន​ទាន់​សម្រេចចិត្ត​ច្បាស់ ចំពោះ​តំបន់​អាស៊ាន។​ ទោះជា​រដ្ឋបាល​លោក​ ត្រាំ មិន​ទាន់​បញ្ជាក់​ថា​នឹង​បន្ត​ទំនាក់ ទំនង ឬ បង្កើន​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​ក្តី តែ​ក្រុម​អ្នកវិភាគ​ខ្លះ​ចាត់​ទុកថា​អាស៊ាន​ជា​តំបន់​ដែល​មាន​សក្តានុពល​ ដែល​ថា​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មិន​បន្ត​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​សន្តិសុខ​ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​រវាង​ភាគី​ទាំងពីរ​នោះ​ នឹង​ជៀស​មិន​ផុត​ពី​ការ​ទុក​ឱកាស​ឲ្យ​ចិន​មាន​ប្រៀប​កាន់តែ​ខ្លាំង​ទេ។

លោក ​អេ អ៊ីប្រាហ៊ីម ​អាល់ម៉ូតតាគី​នៃ​មជ្ឈមណ្ឌល​ ​Habib​ie C​enter ថ្លែង​ថា​ ​ក្រុងប៉េកាំង​នឹង​ឆ្លៀត​ឱកាស​ក្នុង​ពេល​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​កំពុង​រៀ​ប​ចំ រដ្ឋបាល និង​គោល​នយោបាយ​ការបរទេស​លម្អិត​របស់​លោក។​

«ក្រុង​ប៉េកាំង​ប្រាកដ​ជា​មិន​បាត់បង់​ពេល​វេលា​ណា​មួយ​ក្នុងការ​ព្យាយាម​ទាញ​យក​ផលប្រយោជន៍​ពេញលេញ​ពី​ភាពច្របូក​ច្របល់​និង​គ្មាន​សណ្តាប់ធ្នាប់​ដែល​ចេញពី​រដ្ឋបាល​លោក ត្រាំ ទេ។ ជា​ឧទាហរណ៍ ​លោក ​ស៊ី ជីងពីង បាន​បញ្ជាក់​ជំហរ​ចិន​ថា​ ជា​ជើង​ឯក​នៃ​ពាណិជ្ជកម្ម​សេរី។ ឧទាហរណ៍​ផ្សេង​ទៀត គឺ​នៅ​ខណៈ​ដែល​លោក ​ត្រាំ​បាន​ធ្វើ​ឲ្យ​មាន​ការអន់ចិត្ត​ដល់​ប្រទេស​អារ៉ាប់​និង​រដ្ឋ​ដែល​កាន់​សាសនា​ឥស្លាម​ដោយ​ការរើ​ស្ថានទូត​អាមេរិក​ក្នុង​ប្រទេស​អ៊ីស្រាអែល​ទៅ​កាន់​ទីក្រុង​យេរូសាឡឹម​ លោក ​ស៊ី ជីងពីង បាន​អំពាវ​នាវ​ឲ្យ​មាន​ការបង្កើត​ប្រទេស​ប៉ាឡេស្ទីន ​ដោយ​ដាក់​យេរូសាឡឹម​ខាងកើត​ជារដ្ឋ​ធានី​របស់​ខ្លួន‍»។

លោក​បាន​បន្ត​ថា​តាម​ខ្លឹមសារ​ដើម​ថា៖

«ក្នុង​ន័យ​នេះ ​ខ្ញុំ​គិត​ថា​ចិន​នឹង​ធ្វើ​ស្រដៀង​គ្នា​នេះ​ដែរ​ក្នុង​តំបន់​អាស៊ាន​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មិន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្លុក​អាស៊ាន​ទេ។​ ការណ៍​នេះ​បាន​កើត​ឡើង​ខ្លះ​ហើយ​ដូចជា​ប្រទេស​ចិន​បាន​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ផ្នែក​ការពារ​ប្រទេស​ជាមួយ​ម៉ាឡេស៊ី ​និង​ថែម​ទាំង​ជាមួយ​ប្រទេស​ហ្វីលីពីន​ផង​ដែរ​បើ​ទោះ​ជា​មាន​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​ជាមួយ​ប្រទេស​ទាំងនេះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ក្តី‍»។

លោក ​តាំង ស៊ូ មុន នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​កិច្ចការ​អាស៊ាន​នៅ​ប្រទេស​សិង្ហបូរី​បាន យល់​ឃើញ​ស្រដៀង​គ្នា ដោយ​បាន​ចោទ​ជា​សំណួរ​ថាតើ​សហរដ្ឋ​អាមេរិក​ នឹង​ទុក​ឲ្យ ចិន​បន្ត​ឥទ្ធិពល​ក្នុង​តំបន់ ឬ យ៉ាងណា។

«ទំនាក់​ទំនង​អាស៊ាន​ជាមួយ​ប្រទេស​ចិន​នឹង​បន្ត​រីកចម្រើន​តាម​ធម្មជាតិ​ទោះជា​ស.រ.អា មាន​ឬ​គ្មាន​សកម្មភាព។ បញ្ហា​សំខាន់​សម្រាប់​អ្នកតាក់​តែង​គោល​នយោបាយ​ស.រ.អា​គឺ​ថាតើ ក្រុង​វ៉ាស៊ីនតោន​មាន​ឆន្ទៈ​ដើម្បី​សម្រួល​ឡើងវិញ​ចំពោះ​ទំនាក់​ទំនង​អាស៊ាន​ដើម្បី​បង្កើន​ឧត្តមភាព​ក្នុង​តំបន់​ហើយ​បញ្ជៀស​ការលះបង់​យុទ្ធសាស្ត្រ​ឲ្យ​ចិន​ឬយ៉ាង​ណា»។

លោក ​បណ្ឌិត ​ឈាង វណ្ណារិទ្ធិ​អ្នកវិភាគ​នយោបាយ​ក្នុង​តំបន់​បាន​និយាយ​ថា​សេដ្ឋកិច្ច និង​នយោបាយ​ត្រូវដើរ​ជាមួយ​គ្នា​ តែ​លោក​ឃើញ​ថា​ស.រ.អា​មាន​ការ​ពង្រឹង​សន្តិសុខ ខ្លាំង​ជាង​សេដ្ឋកិច្ច​មកដល់​ពេល​នេះ​ ដោយ​ពុំ​ទាន់​គិត​អំពី​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ។

«ប៉ុន្តែអ្វី​ដែល​យើង​ឃើញ​ច្បាស់​ផ្នែក​សន្តិសុខ គឺ​ស.រ.អា​នៅតែ​ផ្តោត​ការយកចិត្ត​ទុកដាក់ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​យើង​នេះ​ ដោយសារ​តែ​កត្តា​ចិន​ និង​កូរ៉េ​ខាងជើង។​ កន្លង​ទៅ​លោក​ ម៉ាទីស​ (Jim Mattis) ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ (ខាងត្បូង)​ នៅ​ជប៉ុន ​បង្ហាញ​ពី​គោលជំហរ​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ទាក់ទងនឹង​វិស័យ​សន្តិសុខ។​ ក៏ប៉ុន្តែ​បើ​យើង​មើល​ពី​កំសួល​ទៅ​វា​ខ្សោយ​ជាង​សម័យ​បារ៉ាក់ អូបាម៉ា ​ហើយ​តួនាទី​អាមេរិក​ក្នុង​តំបន់​ក៏​វា​ប៉ះពាល់​ច្រើន​ដែរ​ដោយសារ​តែ​ធីភីភី (TPP)‍»។

លោក​ថ្លែង​យ៉ាងដូច្នេះ​ដោយ​យោង​ទៅលើ​ការដែល​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ​បាន សម្រេច​លុប​ចោល​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ហៅថា​ធីភីភី​ជាមួយ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​ជា​កេរដំណែល​របស់​រដ្ឋបាល​លោក ​អូបាម៉ា។​ ទោះ​ជាយ៉ាង​ណា​លោក​ថា​គេ​ពិបាក​ទស្សន៍ទាយ​ ហើយ​ប្រទេស​អាស៊ាន​កំពុង​រង់ចាំ​មើល​ថា​តើ​លោក​ត្រាំ​នឹង​ចូលរួម​ប្រជុំ​កំពូល​អាស៊ីបូព៌ា​និង​អាស៊ាន​កម្រិត​ណា​នៅ​ប៉ុន្មាន​ខែ ខាងមុខ ​ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នោះ។

លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​រៀបចំ​កិច្ច​កំពូល​អាមេរិក-អាស៊ាន​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ ដោយ​ជួប​ពិភាក្សា​អំពី​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ជាមួយ​នឹង​មេដឹកនាំ​របស់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​រៀបចំ​កិច្ច​កំពូល​អាមេរិក-អាស៊ាន​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ ដោយ​ជួប​ពិភាក្សា​អំពី​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ជាមួយ​នឹង​មេដឹកនាំ​របស់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក​ ឈាង វណ្ណារិទ្ធ បាន​បញ្ជាក់​ថា ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​មិន​គួរ​លុបចោល​កេរដំណែល ​(legacy) ​របស់​លោក​អូបាម៉ា​ ដែល​បាន​បង្កើន​ការ​ជឿទុក​ចិត្ត​ជាមួយ​អាស៊ាន ​និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​មាន​ភាព​ស៊ីជម្រៅ​នោះ​ទេ។

«ហើយ​យើង​ឃើញ​ថា​កេរដំណែល ​(legacy) ​របស់​លោក​អូបាម៉ា​ហ្នឹង​គួរតែ​រក្សា​ហើយ រដ្ឋាភិបាល​ថ្មី​ហ្នឹង​គួរតែ​បន្ត​នៅ​គោល​នយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព ​Rebalancing របស់​អូបាម៉ា​មក​តំបន់​អាស៊ី ​ពីព្រោះ​ថា​មិនមែន​គ្រាន់តែ​ជា​ផល​ប្រយោជន៍​តំបន់​ទេ​គឺ​ផល​ប្រយោជន៍​អាមេរិក​តែ​ម្តង​ ផល​ប្រយោជន៍​ជាតិ​របស់​អាមេរិក​ព្រោះ​ថា​ដៃគូ​ពាណិជ្ជកម្ម​ដៃគូ​វិនិយោគ​អី​គឺ​នៅក្នុង​តំបន់​ហ្នឹង​ទាំងអស់​ ហើយ​បញ្ហា​សន្តិសុខ​ក៏ជា បញ្ហាសំខាន់ដែរ។ អញ្ចឹង​ទេ​មិន​ត្រូវ​ប្រលែង​តំបន់​ហ្នឹង​ទេ​ គឺ​ត្រូវ​នៅ​បន្ត​គោលនយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​របស់​លោក​អូបាម៉ា​ហ្នឹង‍»។

លោក​ អាឆ្មាដ​ រីហ្ស៊ែល ​ព័ណាម៉ា ​(Achmad Rizal Purnama)​ លេខាទូត​ទី១​ នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ប្រាប់​VOAថា​លោក​ អូបាម៉ា​បាន​កសាង​និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អាស៊ាន​ដល់​កម្រិត​ខ្ពស់។

«រចនា​សម្ព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​ អូបាម៉ា​តាម​រយៈ ការ​ធ្វើ​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​និង​អាមេរិក​ជាពិសេស​បន្ទាប់ ពី​កិច្ចប្រជុំ​នៅ​សាន់នីលែន​នោះ ​បាន​បង្កើត​ជា​វេទិកា​សម្រាប់​មេដឹកនាំ​អាស៊ាន​និង អាមេរិក​ដើម្បី​ពិភាក្សា​ ក្នុងការ​ឈាន​ទៅ​ទទួល​បាន​គោលដៅ​រួម​របស់​យើង‍‍»។

លោក​បាន​បញ្ជាក់​ថា ប្រទេស​អាស៊ាន​កំពុងរង់ចាំ​មើល​គោល​នយោបាយ​ការបរទេស របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ាន​១០​ប្រទេស​នេះ។

«យើង​ចង់​ឃើញ​ស.រ.អា​បន្ត​ទំនាក់ទំនង​ជាមួយ​អាស៊ាន ​ដែល​រឿង​នេះ​មិន​មែន​គ្រាន់តែ ផ្តល់​ផល​ប្រយោជន៍​ដល់​អាស៊ាន​និង​ប្រទេស​ក្នុង​តំបន់​ទេ​ តែ​វា​ផ្តល់​ផល​ប្រយោជន៍​ដល់​ស.រ.អា​ផងដែរ​ពីព្រោះ ​ស.រ.អា​និង​អាស៊ាន​មាន​ទំនាក់​ទំនង​កិច្ចសហការ​ជាច្រើន​វិស័យ​ រួម​ទាំង​កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច ​កិច្ចសហការ​ផ្នែក​សន្តិសុខ ​និង​វិធី​ដែល​អាស៊ាន អាមេរិក ​អាច​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធានា​សន្តិភាព ​និង​សន្តិសុខ ​ហើយនឹង​ស្ថេរភាព​តំបន់​ផងដែរ‍»។

កិច្ចប្រជុំ​នៅ​រមណីយដ្ឋាន​លំហែ​កាយ​ សាន់នីឡែន ក្នុង​សង្កាត់​ Rancho Mirage​ រដ្ឋ California ​បាន​ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​រវាង​លោក​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​អាស៊ាន​ទាំង១០ ទាក់ទង​នឹងកិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ជាច្រើន​រាប់បញ្ចូល​ទាំង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​សេរីភាព​នាវាចរណ៍ ​ការដោះស្រាយ​បញ្ហា​រួម​គ្នា​ដូចជា​ប្រឆាំងនឹង​ភេរវកម្ម​ ការជួញដូរ​មនុស្ស បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ក្រៅពី​បញ្ហា​ពង្រឹង​ច្បាប់ ​សេរីភាព​និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម​នោះ។

ប្រទេស​អាស៊ាន​ទាំង១០ ​ជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​ទី៥​ ក្នុង​ពិភព​លោក ​ដែល​មាន ផលិតផល​សរុប​រួមគ្នា​រហូត​ដល់ទៅ ​ជិត​២លាន​លាន​កន្លះ។​ ប្រទេស​ទាំង​១០​មាន កម្ពុជា ​ឥណ្ឌូនេស៊ី ​ឡាវ​ ភូមា ​ថៃ​ ហ្វីលីពីន​ សិង្ហបូរី ​ម៉ាឡេស៊ី ​ព្រុយណេ​ និង វៀតណាម៕

XS
SM
MD
LG