ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ ប្រកាស​ភាព​អាសន្ន​នៅ​ទូទាំង​ប្រទេស​ដោយសារ​ការ​រាត​ត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេត​វិមាន អំពី​ជំងឺ​កូរ៉ូណា​ កាល​ពី​ថ្ងៃ​ទី​១៤​ មីនា ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សេត​វិមាន អំពី​ជំងឺ​កូរ៉ូណា​ កាល​ពី​ថ្ងៃ​ទី​១៤​ មីនា ២០២០។

ប្រធានាធិបតី​ស.រ.អា.​ លោក​ ដូណាល់ ត្រាំ​ បាន​ប្រកាស​ភាព​អាសន្ន​នៅ​ទូទាំង​ប្រទេស​ជាតិដោយ​បើក​ផ្លូវ​ឱ្យ​មាន​ជំនួយ​ច្រើន​ជាង​មុន​ពី​រដ្ឋាភិបាល​សហព័ន្ធ​ទៅ​ឱ្យរដ្ឋ​និង​ទីក្រុង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា។​

លោក​ប្រធានាធិបតី​បាន​និយាយ​កាលពី​រសៀល​ថ្ងៃសុក្រ​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តាម​ទូរទស្សន៍​ផ្សាយ​នៅ​ទូទាំង​ប្រទេស​ដោយ​ផ្សាយ​ចេញ​ពី​សួន​ផ្កា​កុលាប​នៃ​សេតវិមាន​ថា «យើង​នឹង​យក​ជ័យ​ជម្នះ​លើ​ការ​គំរាម​កំហែង​ដោយ​មេរោគ​វីរុស​នេះ»។

លោក ត្រាំ​ បាន​ប្រកាស​ភាព​មាន​អាសន្ន​នៅ​ទូទាំង​ប្រទេស​ ​៥​ដង​រួច​មក​ហើយ​ ហើយ​លោក​បាន​រង​ការ​គាប​សង្កត់​ពី​ក្រុម​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុម​ប្រឆាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ឱ្យ​លោក​ចាត់​វិធានការ​បែប​នេះ​នៅ​ពេល​ដែល​ពួក​អភិបាល​រដ្ឋ​ និង​ពួក​អភិបាល​ក្រុង​នៅ​ទូទាំង​ស.រ.អា.​បាន​ប្រកាស​ភាព​មាន​អាសន្នដោយ​បញ្ជា​ឱ្យ​មាន​ការ​លុប​ចោល​ការ​ប្រមូលផ្តុំ​សាធារណៈ​ និង​ការ​បិទ​សាលារៀន។

សកម្មភាព​នេះ​របស់​លោក​ប្រធានាធិបតី​នឹង​បើក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​ជួយ​សង្គ្រោះ​គ្រា​មាន​មហន្តរាយ។​ វិធានការ​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋ​មួយ​សុំ​ដល់រដ្ឋាភិបាល​សហព័ន្ធ​ឱ្យ​បង់​ការ​ចំណាយ​ ៧៥​ភាគ​រយ​នៃ​ចំណាយ​នានា​ដូចជា​ពួក​អ្នក​ធ្វើការ​នៅ​ពេល​មាន​អាសន្ន, ការ​ផ្គត់​ផ្គង់​ឧបករណ៍​ពេទ្យ, ​ការធ្វើ​តេស្ត​ និង​ការ​ចាក់​ថ្នាំ​ដើម្បី​ទប់​ទល់​នឹង​មេរោគ​វីរុស​នេះ​ដែល​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​ខ្លះ​ព្រមាន​ថា​ អាច​ច្រើន​លើស​លប់​លើ​ប្រព័ន្ធ​ថែរក្សា​សុខភាព​របស់​ប្រទេស។​

លោក​ ត្រាំ​ បាន​និយាយ​ថា​ «រដ្ឋ​ទាំង​អស់​ត្រូវ​បង្កើត​មជ្ឈមណ្ឌល​កិច្ច​ប្រតិបត្តិការ​គ្រា​មាន​អាសន្នជា​បន្ទាន់​ហើយ​មន្ទីរពេទ្យ​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ផែន​ការ​កិច្ច​ប្រតិបត្តិការ​គ្រា​មាន​អាសន្ន​របស់​ពួក​គេ»។

លោក​ក៏​បាន​ប្រកាស​ដែរ​អំពី​ការ​ទិញ​ប្រេង​យ៉ាង​ច្រើន​សម្រាប់​ការ​បម្រុង​ប្រេង​យុទ្ធសាស្ត្រ​ជាតិ។

លោក​បានិយាយថា៖ «យើង​នឹង​បំពេញ​ប្រង​ដល់​កម្រិត​កំពូល»។

លោក​ ត្រាំ​ ក៏​បាន​និយាយ​ដែរ​ថា ​លោក​បញ្ជា​ឱ្យ​បដិសេធ​ការ​បង់​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​សហព័ន្ធ​សម្រាប់​ក្រុម​និស្សិត​រហូត​ដល់​មាន​ការ​ប្រកាស​ជា​ថ្មី។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​អនុម័តសេចក្តី​ព្រាង​ច្បាប់ Families First Coronavirus Response Act ​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ ៣៦៣​ទល់​នឹង​៤០។ សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​រួម​បញ្ចូល​ការ​ឈប់​សម្រាក​នៅ​ពេល​មា​នជំងឺ​ពីរ​សប្តាហ៍​ដោយ​នៅ​តែ​មាន​ប្រាក់​ខែ​សម្រាប់​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ឆ្លង​ជំងឺ COVID-19, ការ​កែ​លម្អ​ការ​ធានា​រ៉ាប់រង​ខាង​ការ​គ្មាន​ការងារ​ធ្វើ​និង​ការ​បង្កើន​កម្មវិធី​អាហា​រ​ថ្ងៃ​ត្រង់​សម្រាប់​ពួក​សិស្សានុសិស្ស​ក្នុង​ចំណោម​វិធានការ​ឯទៀតៗ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ COVID-19 ​ទៅ​លើ​ក្រុម​គ្រួសារ​អាមេរិកាំង។

លោកប្រធានាធិបតី​ ត្រាំ​ បាន​និយាយ​តាម​ Twitter ​ថា លោក​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ។

ព្រឹទ្ធសភា​ស.រ.អា.​ត្រួត​ត្រា​ដោយ​ពួកសាធារណរដ្ឋ​នឹង​ពិចារណា​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​សប្តាហ៍​ក្រោយ​ហើយ​ការ​គាំទ្រ​របស់​លោក​ ត្រាំ​ មាន​ន័យ​ថា​វិធានការ​នេះ​ទំនង​ជា​នឹង​ទទួល​ការ​យល់​ព្រម៕

XS
SM
MD
LG