ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​ឈ្នះ​លោក Sanders នៅ​​ក្នុង​ការ​បោះឆ្នោត​​បឋម​​​នៅ​រដ្ឋ​ចំនួន​៤​


បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រុង Philadelphia កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​អង្គារ ​បាន​យក​ឈ្នះ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont ដែល​ជា​ឈ្នះគូប្រកួត​របស់​លោក​សម្រាប់​តំណែងបេក្ខភាព​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅរដ្ឋ​ចំនួន​៤ រួម​ទាំង​រដ្ឋ Michigan ដែល​ជា​រង្វាន់​ធំ​នៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក។

លោក Biden ដែល​បាន​ឈរ​ឈ្មោះ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជា​លើក​ទី​៣​នៅ​ក្នុង​រយៈ​ពេល​៣​ទសវត្ស​ចុង​ក្រោយ បាន​បង្កើន​កម្រិត​នាំ​មុខ​របស់​លោក​លើ​លោក​ Sanders ដើម្បី​ទៅ​តតាំង​ជាមួយ​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ដោយ​លោក Biden បាន​ឈ្នះ​នៅ​ភូមិភាគ​ចម្រុះ រួម​ទាំង​ នៅ​រដ្ឋ Michigan ដែល​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​របស់​អាមេរិក និង​រដ្ឋ Missouri នៅ​ភាគ​កណ្តាល​ប្រទេសឈ្នះ​រដ្ឋ Mississipi នៅភាគ​ខាង​ត្បូង​ប្រទេស​ និង​រដ្ឋ Idaho នៅ​ភាគ​ខាង​លិច​ប្រទេស។

ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​អង្គារ​នេះ ធ្វើ​ឲ្យ​គូប្រកួត​លោក Bernie Sanders ដែល​ហៅ​ខ្លួន​លោក​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការប្រមូល​ចំនួន​ប្រតិភូ​ឲ្យ​បាន​ច្រើន​ជាង​លោក Biden ដើម្បី​ឲ្យ​គ្រប់​ចំនួន​ប្រតិភូ ១.៩៩១ អាច​ទទួល​ការ​តែងតាំង​ពី​គណបក្ស​បាន។

លោក Biden កាល​ពី​ថ្ងៃ​អង្គារ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទី​ក្រុង Philadelphia ​ថា យុទ្ធនាការ​របស់​លោក​កាន់​តែ​«លឿន​ទៅ​មុខ‍» ក្រោយ​ពី​មាន​ភាព​យឺតយ៉ាវកាល​ពី​ខែ​កុម្ភៈ។ លោក​ក៏​បាន​អរគុណ​ដល់​លោក Sanders និង​អ្នក​គាំទ្រ​លោក ដោយ​លោក Biden ថា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​រួមរួម​គ្នា​ដើម្បី​ដណ្តើម​សេតវិមាន​វិញ​និង​បង្រួបបង្រួម​ប្រទេស។

លោក Sanders​ មិន​បាន​ធ្វើ​ការ​ថ្លែង​ជា​សាធារណៈ​អ្វី​ទេ​កាល​ពី​ថ្ងៃ​អង្គារ ហើយ​ទាំង​លោក Biden និង​លោក Sanders បាន​លុប​ចោល​ការ​ជួប​ប្រជុំ​ជាមួយ​អ្នក​គាំទ្រ​នៅ​រដ្ឋ Ohio កាល​ពី​ថ្ងៃ​អង្គារ ដោយ​សារ​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា។

បេក្ខជន​ទាំង​ពីរ​មាន​គម្រោងនឹង​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​ថ្ងៃ​អាទិត្យ​ខាង​មុខ នៅ​មុន​ការ​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា នៅ​ក្នុង​រដ្ឋ Ohio, Florida, Illinois និង Arizona៕

XS
SM
MD
LG