ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​​ងឿង​ឆ្ងល់​ចំពោះ​សំបុត្រ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ផ្ញើ​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​


ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ចេអ៊ីន និង​ភរិយាត្រូវបាន​ស្វាគមន៍​ដោយ​ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន និង​ភរិយា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៨។

កូរ៉េ​ខាង​ជើង​កំពុង​ផ្ញើ​សារ​មិន​ច្បាស់​លាស់​មួយ​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សម័យ​កាល​នៃ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ Covid-19គឺ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា រដ្ឋាភិបាល​ទី​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​កាំជ្រួចចម្ងាយ​ជិត​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ជាង​៣​ខែ ហើយ​បន្ទាប់​កូរ៉េខាង​ជើង​បាន​ចេញ​ពី​ភាព​ស្ងៀមស្ងាត់​មក​ផ្ញើ​សារ​ជូន​ពរ​ដល់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in កាល​ពី​ដើមពី​ថ្ងៃ​ទី​៤​ខែមីនាដោយ​សម្តែង​នូវ​ក្តី​បារម្ភ​អំពី​សុខភាព​លោក Moon និង​ជូន​ពរ​លោក​ចំពោះ​កិច្ច​ប្រឹងប្រែង​នៅ​ទូទាំង​ប្រទេសក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា Covid-19។ មក​ទល់​នឹង​ពេល​នេះ​កូរ៉េ​ខាង​ត្បូង​មាន​ករណី​ឆ្លង​មេរោគ​Covid-19 ចំនួន​យ៉ាង​តិច៧.៧០០​នាក់ ហើយ​អ្នក​ស្លាប់​ពី​ជំងឺ​ថ្មី​នេះយ៉ាង​ហោច​ណាស់​៥៤​នាក់​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​១១ ខែ​មីនា​នេះ។

ការ​ផ្ញើ​សញ្ញាចម្រុះ​នេះ​ធ្វើ​ឲ្យ​អ្នក​វិភាគ​កិច្ចការ​កូរ៉េខាង​ជើង​មាន​ការ​ងឿង​ឆ្ងល់ អំពី​ថា​ តើ​ហេតុ​អ្វី​បាន​ជាលោក​Kim Jong Un អាច​ទាំង​ធ្វើ​ការ​សាកល្បង​បាញ់កាំជ្រួច​ជា​លក្ខណៈ​សត្រូវ និង​ទាំង​ផ្ញើ​សារ​ជូនពរ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​បន្ត​បន្ទាប់​គ្នា។

លោក Peter Ward អ្នក​ស្រាវជ្រាវ​មួយ​រូបអំពី​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​ដែល​សរសេរ​ឲ្យ​គេហទំព័រ​ព័ត៌មាន NK News ថ្លែង​ថា៖ «នេះ​ជា​កាយវិការ​ដ៏​ចម្លែក។ គឺ​ថា​ខ្ញុំ​មិន​អាច​ពន្យល់​វា​បាន​ទេ។ ការ​បាញ់​សាកល្បង​ប្រហែល​ជា​សញ្ញា​នៃ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​សម្ព័ន្ធភាព​(កូរ៉េ​ខាង​ត្បូង​ជាមួយ​)​សហរដ្ឋ​អាមេរិក ហើយ​សំបុត្រ​ទៅ​កាន់​លោក Moon ប្រហែល​ជា​ទាក់ទង​ទៅ​នឹង​រឿង​សហការ​ខាង​បញ្ហា​មេរោគ​កូរ៉ូណា។ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ប្រជាទាំង​ស្រុងថា​មាន​រឿង​អ្វី​កំពុង​កើត​ឡើង។ ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​សម្រាប់​ខ្ញុំ​មិន​សមស្រប​គ្នា​សោះ។‍»

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​សាកល្បង​កាំជ្រួច​កាល​ពី​ថ្ងៃ​ទី​២​ខែ​មីនា ដោយ​សម្តែង«ការ​សោកស្តាយ​យ៉ាង​ខ្លាំង‍» ចំពោះ​សកម្មភាព​របស់​កូរ៉េខាង​ជើង។ ប្អូន​ស្រី​របស់​លោក Kim Jong Un គឺ​លោកស្រី Kim Yo Jong ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​Moon ក្នុង​ពេល​ការ​ទូត​ល្អ​ប្រសើរ​រវាងប្រទេស​ទាំង​ពីរ​អំឡុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទី​ក្រុង​ព្យុងឆាង ប្រទេស​កូរ៉េខាង​ជើង បាន​ប្រតិកម្ម​តប​វិញ​នឹង​កូរ៉េ​ខាង​ត្បូង​ដោយ​ហៅ​ប្រតិកម្ម​របស់​កូរ៉េ​ខាង​ត្បូង​ថា​ដូច​«ឆ្កែ​ដែល​ព្រូស​ពេល​ខ្លាច‍»។

នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា លោកស្រី Kim Yo Jong ថ្លែង​ថា៖ «សមយុទ្ធ​ជា​បេសកកម្ម​មូលដ្ឋាន​របស់​កងទ័ព ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការពារ​ប្រទេស​និង​ក្នុង​សកម្មភាព​ការពារ​ខ្លួន។ សមយុទ្ធ​នេះ​មិន​មាន​គោលដៅ​គំរាមកំហែង​ដល់​អ្នក​ណា​នោះ​ទេ។‍»

​អ្នក​ជំនាញ​បាន​ត្រឹម​ធ្វើ​ការ​ប៉ាន់ស្មាន​ពី​មូលហេតុ​ដែល​លោកស្រី Kim Yo Jong សម្រេច​បន្ធូរបន្ថយ​ទម្ងន់​នៃ​ការ​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ចម្ងាយ​ជិត ដែល​ក្នុង​ពេល​កន្លង​មក​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ដើម្បី​បង្កើត​សម្ពាធ​នយោបាយចំពោះ​គូបដិបក្ខ​ដូច​ជា​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក។

​លោក Peter Ward ថ្លែង​បន្ត​ទៀត​ថា៖ «កូរ៉េ​ខាង​ជើង​ទំនង​អាច​ព្យាយាម​ធ្វើ​ឲ្យ​ការ​បាញ់​សាកល្បង​កាំជ្រួច​ក្លាយ​ជា​រឿង​ធម្មតា និង​មិន​មែន​ជា​បញ្ហា​ដូច​ដែល​សហគមន៍​អន្តរជាតិ​ធ្លាប់​ចាត់​ទុក​ពី​មុន​ទេ។ ពួក​គេ​សង្ឃឹម​ថា ពេល​ពួក​គេ​បាញ់​សាកល្បង​ញឹក​ញាប់​ទៅ វា​លែង​ជា​ចំណាប់អារម្មណ៍​សម្រាប់​ព័ត៌មាន​ទៀត​ហើយ។‍»

កាល​ពី​ខែ​សីហា លោក​ប្រធានាធិបតី Donald Trump របស់​សហរដ្ឋ​អាមេរិកបាន​ដក​ខ្លួន​ពី​គោលជំហរ​ជា​ទូទៅ​របស់​អាមេរិក​ដែល​តែង​ថ្កោល​ទោស​រាល់​ការ​បាញ់​សាកល្បង​មីស៊ីល​ចម្ងាយ​ជិត ដោយ​លោក​ Trump បញ្ជាក់​ថា លោក​«មិន​មាន​បញ្ហា​អ្វី‍»​ចំពោះ​ការ​បាញ់​សាកល្បង​ទាំង​នេះ​ទេ ហើយ​ថា​ការ​បាញ់​នេះ​ជា​រឿង​ធម្មតា។

ផ្ទុយ​ទៅ​វិញ មាន​អ្នក​វិភាគ​ខ្លះ​ជឿ​ថា ការ​បាញ់​សាកល្បង​ទាំង​នេះ​ជា​មធ្យោបាយ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​បញ្ចេញ​សាច់​ដុំ ខណៈ​ដែល​រៀបចំ​ខ្លួន​ទទួល​ជំនួយ​អន្តរជាតិ​បន្ថែម​ទៀត។

លោក Leif-Eric Easley ដែល​ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​ការ​សិក្សា​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ewha Womans ក្នុង​ទី​ក្រុង​សេអ៊ូល ថ្លែង​ប្រាប់ VOA ថា៖ «ការ​ធ្វើ​សមយុទ្ធ​នា​ពេល​ថ្មីៗ​នេះ និង​សម្តី​ធ្ងន់ៗ​របស់​ប្អូន​ស្រី​លោក Kim អំពី​កូរ៉េ​ខាង​ត្បូង​អាចមាន​គោលដៅដើម្បី​ទាញ​យក​ការ​គាំទ្រ​ក្នុង​ស្រុក នៅ​មុន​ពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​ព្យុងយ៉ាង​ធ្វើ​ការ​សុំ​ជំនួយ​អន្តរជាតិ​ដោយ​ស្ងៀមស្ងាត់។‍»

មក​ទល់​នឹង​ពេល​នេះ កូរ៉េ​ខាង​ជើង​អះអាង​ថា ខ្លួន​មិន​មាន​ករណី​នៃ​ការ​ឆ្លង​ណា​មួយ​នៃ​មេរោគ Covid-19 ទេ ទោះ​បី​មាន​អ្នក​វិភាគ​ខ្លះ​មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ។ កាល​ពី ខែ​កុម្ភៈ កូរ៉េ​ខាង​ជើង​បាន​បិទច្រក​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិត​ខាង​ហើយ​ហាមមិន​ឲ្យ​បរទេស​ចូល​ក្នុង​ប្រទេស។ ប៉ុន្តែ​ទោះ​បី​មាន​ការ​រឹត​ត្បិត​នេះ​ក្តី​ក៏​សំបុត្រ​របស់​លោក Kim Joon Un នា​ពេល​ថ្មី​នេះ​ទៅ​កាន់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​អាច​ជា​សញ្ញា​ថា ទី​ក្រុង​ព្យុងយ៉ាង​ត្រូវ​ការ​ជំនួយ ហើយ​ប្រហែល​ជា​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក Easley ពន្យល់​ថា៖ «សំបុត្រ​លោក Kim ទៅ​កាន់​លោក Moon អាច​ដើម្បី​គាំទ្រ​ការ​អះអាង​ថា លោក​ Kim បាន​ស្នើ​ជួយ​ទីក្រុង​សេអ៊ូល​មុន។ បន្ទាប់​មក​នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ទទួល​យក​ជំនួយ​ជា​ម៉ាស់មុខ​និង​ឧបករណ៍​ធ្វើ​តេស្ត​វីរុស ប្រព័ន្ធ​ឃោសនា​របស់​លោក Kim អាច​និយាយ​ថា ជំនួយ​នេះ​គ្រាន់​ជា​ការ​ដឹងគុណ​របស់​(របស់​កូរ៉េ​ខាង​ត្បូង)​ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ទី​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​ទប់ស្កាត់​មេរោគ​នេះ។‍»

អ្នក​វិភាគ​រូប​នេះ​បន្ថែម​ទៀត​ថា៖ «យើង​ប្រហែល​ជា​ទាយ​មិន​ខុស​ទេ​ថា​សំបុត្រ​ទាំង​នេះ​មាន​គោលដៅ​សុំ​ជំនួយ។ ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​មិន​ល្អ​សោះ​នៅ​មុន​សំបុត្រ​នេះ។ គឺ​ថា​ភាគី​ម្ខាង គឺ​កូរ៉េ​ខាង​ជើង​ដូច​បាន​ទះកំភ្លៀង​ភាគី​កូរ៉េ​ខាង​ត្បូង​អញ្ចឹង ម្តង​ហើយ​ម្តង​ទៀត‍»។

លោក Peter Ward បាន​បន្ថែម​ថា៖ «វាបង្ហាញ​ថា នៅ​ខាង​ភាគី​កូរ៉េ​ខាង​ជើង ទំនង​ស្ថានភាព​មិន​សូវ​ល្អ​ទេ គឺ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​ដែល​ពួក​គេ​បង្ហាញ។ ប៉ុន្តែ​មើល​ទៅ​យើង​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​រង់​ចាំ​មើល​ទៀតទេ‍»៕​

XS
SM
MD
LG