ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានពោលអះអាងកាលពីថ្ងៃអង្គារថា រដ្ឋអាជ្ញាដែលស៊ើបអង្កេតការជាប់ទាក់ទិនយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅឆ្នាំ២០១៦ទៅនឹងប្រទេសរុស្ស៊ី នឹងជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតសភានៅខែវិច្ឆិកា។
ប្រធានាធិបតីត្រាំ មិនបានពន្យល់ថាតើលោកគិតយ៉ាងដូចម្តេចអំពីក្រុមស្មារតីពិសេសរបស់លោក Robert Mueller នឹងជ្រៀតជ្រែកការបោះឆ្នោតអសនៈចំនួន ៤៣៥នៅក្នុងសភាតំណាងរាស្ត្រហើយនឹង១ភាគ៣នៃសមាជិកព្រឹទ្ធសភាដែលមានអសនៈ១រយនោះ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីត្រាំបានស្នើរថា ការស៊ើបអង្កេតដែលមានរយៈពេលមួយឆ្នាំរបស់លោក Mueller អាចធ្វើឲ្យពួកអ្នកបោះឆ្នោតប្រឆាំងនឹងបេក្ខជនដែលលោកចូលចិត្តហើយ «នឹងធ្វើឲ្យប៉ះពាល់ដល់គណបក្សសាធារណរដ្ឋ»។
លោកប្រធានាធិបតីត្រាំ នៅក្នុងអត្ថាធិប្បាយតាមប្រព័ន្ធ Twitter ជាបន្តបន្ទាប់ បានមិនអើពើដល់ការសន្និដ្ឋានកាលពីសប្តាហ៍មុនដោយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសថ្មីរបស់លោកថា ពួកមន្ត្រីសហរដ្ឋអាមេរិក រំពឹងនឹងការខំប្រឹងប្រែងបន្តដោយរុស្ស៊ីដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាអាមេរិក ដូចដែលសហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានសន្និដ្ឋានថា រុស្ស៊ីបានធ្វើនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពី២ឆ្នាំមុនដើម្បីជួយលោកត្រាំឲ្យឈ្នះឆ្នោត។ ដោយយុទ្ធនាការបោះឆ្នោតសភាឥឡូវនេះបានស្ថិតក្នុងដំណាក់ការដំបូងនៅរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលជាង៥ខែទៀតនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo បាននិយាយថា មានការងារជាច្រើនទៀតនៅពេលខាងមុខដើម្បីបន្ធូរបន្ថយការជ្រៀតជ្រែករបស់រុស្ស៊ី៕