លោកអគ្គលេខាធិការអ.ស.ប. Antonio Guterres បានអំពាវនាវឱ្យមាន «ការស៊ើបអង្កេតឯករាជ្យនិងប្រកបដោយតម្លាភាព» មួយអំពីការប៉ះទង្គិចដ៏ប្រល័យនៅតាមព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់ Gaza កាលពីថ្ងៃសុក្រដែលបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន យ៉ាងតិចណាស់១៥នាក់ស្លាប់និងធ្វើឱ្យប្រជាជន១,៤០០ នាក់ទៀតត្រូវរបួសដោយមានរួមបញ្ចូលទាំងមនុស្សជាង៧៥០នាក់បានត្រូវរបួសដោយសារគ្រាប់កាំភ្លើងមែនទែនផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានធ្វើការប្រជុំគ្រាមានអាសន្នមួយកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីស្ថានការណ៍នៅក្នុងតំបន់ Gaza ក៏ប៉ុន្តែមិនបានសម្រេចអំពីសកម្មភាពណាមួយឬចេញសេចក្តីថ្លែងការណ៍រួមណាមួយឡើយ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអ.ស.ប.Danny Danon បាននិយាយថាការប្រជុំគ្រាមានអាសន្ននេះបានប្រព្រឹត្តទៅ «ទោះណាជាមានការជំទាស់ខ្លាំងដោយអ៊ីស្រាអែល និងស.រ.អា. និងមានការស្នើសុំឱ្យលើកពេលការប្រជុំនេះទៅធ្វើនៅក្រោយបុណ្យ Passover ក៏ដោយ។
Danon បាននិយាយថា «នៅពេលដែលពួកជនអម្បូរ Juif នៅទូទាំងពិភពលោកបានប្រមូលផ្តុំគ្នាជាមួយគ្រួសារពួកគេនៅជុំវិញតុ Seder ដើម្បីប្រារព្ធពីធីបុណ្យ Passover ប្រជាជនប៉ាឡេស្ទីន បានប្រើវិធីបោកប្រាស់ថោកទាបថ្មីមួយដើម្បីឱ្យពួកគេអាចប្រើប្រាស់អ.ស.ប.ដើម្បីផ្សព្វផ្សាយការនិយាយកុហកអំពីប្រទេសអ៊ីស្រាអែល។
កងយោធាអ៊ីស្រាអែល បាននិយាយថាពួកទាហានគេបានប្រើ «វិធីបំបែកកុបកម្ម» ដើម្បីបង្ក្រាបបាតុកម្មធំបំផុតមួយរបស់ជនជាតិប៉ាឡេស្ទីន និងការផ្ទុះអំពើហិង្សានៅតាមបណ្តោយព្រំដែនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕