ប្រធានាធីបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារបានរិះគន់សារជាថ្មីទៅលើការស៊ើបអង្កេតបទព្រហ្មទណ្ឌពីការជាប់ពាក់ព័ន្ធជាមួយនឹងរុស្ស៊ីនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ និងទៅលើការបំពេញការងាររបស់លោកនៅក្នុងសេតវិមាន។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានរិះគន់ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ដោយបាននិយាយថា «នេះជារឿងគួរឲ្យអាម៉ាស់» ដែលសំណួរជាច្រើនរបស់ពួកអ្នកស៊ើបអង្កេតចង់ចោទសួរលោកនោះ ត្រូវបានបែកធ្លាយផ្សព្វផ្សាយនៅក្នុងកាសែត The New York Times ហើយលោកបានចាត់ទុកថាការណ៍នេះនឹងជាការលំបាកយ៉ាងខ្លាំងដើម្បីរារាំងការស៊ើបអង្កេតនេះ ដូចដែលលោកធ្លាប់បាននិយាយហើយថា គ្មានការឃុបឃិតជាមួយរុស្ស៊ីជួយឲ្យលោកឈ្នះការបោះឆ្នោតនេះទេ។
កាសែត The New York Times បានរាយការណ៍ថា ក្រុមស៊ើបអង្កេតរបស់លោក Mueller មានបំណងស៊ើបអង្កេតអំពីការយល់ឃើញរបស់លោក Trump អំពីបញ្ហាដែលបានកើតឡើងអំឡុងពេលយុទ្ធនាការបោះឆ្នោត គឺនៅជិតបីខែបន្ទាប់ពីបោះឆ្នោតរួច និងមុនពិធីស្បថចូលកាន់តំណែងរបស់លោកនៅក្នុងខែមករាឆ្នាំ២០១៧ និងនៅអំឡុងពេល១៥ខែនៃការបំពេញការងាររបស់លោកនៅក្នុងសេតវិមាន៕