ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រៅពី​រឿង​បាតុកម្ម លោក Trump ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ការជាប់​ឆ្នោត​ជាថ្មី


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា បន្ទាប់ពី​បាន​ទៅ​មើល​ផលិតផល​វេជ្ជសាស្រ្ត​របស់​ក្រុមហ៊ុន Puritan Medical Products កាលពី​ថ្ងៃសុក្រទី ៥ ខែមិថុនា ឆ្នាំ ២០២០ នៅ​ទីក្រុង Guilford រដ្ឋ Maine។ (AP)
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា បន្ទាប់ពី​បាន​ទៅ​មើល​ផលិតផល​វេជ្ជសាស្រ្ត​របស់​ក្រុមហ៊ុន Puritan Medical Products កាលពី​ថ្ងៃសុក្រទី ៥ ខែមិថុនា ឆ្នាំ ២០២០ នៅ​ទីក្រុង Guilford រដ្ឋ Maine។ (AP)

​លោក Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ នាំ​មុខ​លោក ត្រាំ​​ ​នៃ​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ​ទាំងអស់​៤០​ នៃ​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង។

ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump កាល​ពី​ថ្ងៃ​ចន្ទ ​ទី​១ ​ខែមិថុនា នៅ​តែ​មាន​ទៅ​លើការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ពេល​ប្រាំ​ខែ​ទៀត ទោះ​ណា​ជា​ទីក្រុង​រាប់​សិប​នៅ​ក្នុង​ប្រទេស​អាមេរិកបាន​បោស​សម្អាតកម្ទេចកម្ទី​ពី​យប់​ទី​៦​ នៃចលាចល​ដែល​បណ្តាល​មក​ពីបាតុកម្មប្រឆាំង​នឹង​ការស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស​ស្បែក​ស​ម្នាក់​នៅ​ក្នុង​ទី​ក្រុង Minneapolis នា​ប៉ែកពាក់​កណ្តាល​ខាង​លិច​សហរដ្ឋអាមេរិក​ក៏​ដោយ។

លោក Trump បាន​សរសេរ​សារ Twitter មួយ​ថា៖ «ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា‍»ដោយ​លោកនិយាយ​យោង​ដល់ថ្ងៃ​បោះឆ្នោត​ដែល​លោក​ឈរ​ឈ្មោះ​ជាថ្មី​សម្រាប់​អាណត្តិ​ទី​ពីរ រយៈពេល​បួន​ឆ្នាំ ​នៅ​ក្នុង​សេតវិមានប្រឆាំង​នឹង​លោកអតីត​អនុ​ប្រធានាធិបតី​ Joe Biden។​

​លោក Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ នាំ​មុខ​លោក ត្រាំ ​នៃ​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​ជាតិ​ទាំងអស់​៤០​ នៃ​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង។ ការណ៍​នេះ​ញ៉ាំង​ឲ្យ​លោក ត្រាំ​ ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​តាម Twitter។

លោក Trump បាន​ tweet អំពី​ពួក​បាតុករ​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ឧសភា​ ថា៖ «ពួក​មនុស្ស​របស់​ Joe Biden ដែល​ងងុយ​ដេក​ជា​ពួក​និយម​ជ្រុល​ខាង​ឆ្វេង​ដែលព្យាយាម​ដោះលែង​ពួក​អនាធិបតេយ្យ​និយម​ឱ្យ​ចេញ​ពី​គុក​ហើយ​ប្រហែល​ជា​ចង់​ធ្វើ​រឿង​ផ្សេងទៀត។»

លោក Trump បាន​និយាយ​ថា៖ «Joe មិន​ដឹង​អ្វី​ទេ​អំពី​ការណ៍​នេះ គាត់​គ្មាន​ដឹង​តម្រុយ​អ្វី​សោះ​ក៏​ប៉ុន្តែពួក​និយមជ្រុល​ខាង​ឆ្វេង​ទាំង​នេះនឹង​មាន​អំណាច​ពិតប្រាកដ មិនមែន​ Joe មានអំណាច​ទេ។​ ពួកជន​ទាំង​នេះ​នឹង​ធ្វើ​សេចក្តីសម្រេច​ទាំង​អស់! ពួកគេ​នឹង​បង្កើន​ពន្ធដារ​ច្រើន​សម្រាប់​មនុស្ស​គ្រាប់​គ្នា‍!»

រូបឯកសារផ្គុំ៖ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ជ្រើសរើស​អាមេរិក​ឆ្នាំ២០២០ និង​លោក​ប្រធានាធិបតី Donald Trump។
រូបឯកសារផ្គុំ៖ លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ជ្រើសរើស​អាមេរិក​ឆ្នាំ២០២០ និង​លោក​ប្រធានាធិបតី Donald Trump។

ឆ្លើយ​តប​ទៅ​នឹង​ការចោទប្រកាន់​របស់​លោក Trump លោក​ Biden ដែល​បាន​មានប្រសាសន៍ពី​ក្រុង​ Wilmington រដ្ឋ Delaware បាន​ប្តេជ្ញា​ថា​នឹងនឹង​ដោះស្រាយ​បញ្ហារើស​អើង​ខាង​ពូជសាសន៍ជា​ស្ថាប័ន​នៅ​ក្នុង​រយៈពេល​១០០ថ្ងៃ​ដំបូងប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិកាំង ហើយ​លោក​នឹង​បង្កើតស្ថាប័ន​មួ​យដើម្បី​ឃ្លាំ​មើល​ពួក​ប៉ូលិស។

លោក Biden ដែល​ឋិត​នៅ​ឯ​ផ្ទះ​លោក​ក្នុង​រដ្ឋ Delaware នៅ​ក្នុង​ពេល​មាន​វិបត្តិ​វីរុស​កូរ៉ូណា​ បានប្រឹង​ប្រែងឱ្យ​គេ​ឮ​ការ​យល់​ឃើញ​របស់​លោក​នៅ​ពី​លើស្នូរ​សន្ធឹក​នៃ​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋធានី Washington។​ ក៏​ប៉ុន្តែ​លោក​បា​នហៅ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ​ថា​ជា​ការ​ប្រយុទ្ធ​មួយ​ដើម្បី​ព្រលឹងរបស់​ប្រទេសជាតិ ដោយ​សង្ឃឹម​ថាធ្វើ​ឱ្យ​មានការ​ផ្ទុយ​គ្នារវាងរបៀប​ដោះស្រាយ​ស្ងាត់ស្ងៀម​របស់​លោកដោយ​ថ្លែង​បញ្ចេញ​យោបល់ជា​សាធារណៈ​ទៅ​នឹង​ការ​វាយ​ប្រហារ​ចាក់​ដោត​របស់​លោក Trump ទៅ​លើ​ពួក​សត្រូវ​របស់លោក។​

រូបគំនូរ​លោក George Floyd នៅ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ ដែល​លោក​បាន​ស្លាប់​នៅក្នុង​អំឡុង​ពេល​សមត្ថកិច្ច​របស់​ប៉ូលិស​នៃ​ទីក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ២០២០។
រូបគំនូរ​លោក George Floyd នៅ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ ដែល​លោក​បាន​ស្លាប់​នៅក្នុង​អំឡុង​ពេល​សមត្ថកិច្ច​របស់​ប៉ូលិស​នៃ​ទីក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ២០២០។

ដោយ​មាន​ការ​ផ្តល់​សារៈសំខាន់​ខាងពូជសាសន៍ដល់​ការ​ស្លាប់​លោក George Floyd ដែល​ជា​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ អាយុ៤៦​ឆ្នាំ​ដែល​ប៉ូលិស​ស្បែក​ស​ម្នាក់​បានយក​ជង្គង់​សង្កត់​ក​លោក​នៅ​ពេល​លោក​ប្រឹង​ដក​ដង្ហើម លោក​ Biden បាន​ចាក​ចេញ​ពី​ផ្ទះ​លោក​ទៅ​ជួប​ពួក​មេដឹកនាំ​ស្បែក​ខ្មៅ​ក្នុង​មូលដ្ឋាន​ប្រមាណ១២នាក់នៅ​ក្នុង​ក្រុង​កំណើត​របស់​លោក។​ បន្ទាប់​មក​ លោក​បាន​គ្រោង​ធ្វើ​ការ​ប្រជុំ​គ្នា​តាម​វីដេអូជា​មួយ​ពួក​អភិបាល​ក្រុង​ Los Angeles, Atlanta, Chicago និង​ក្រុង St. Paul រដ្ឋ Minnesota។​

ដោយ​និយាយ​អំពី​ទំនាក់​ទំនង​ខាង​ពូជសាសន៍​នៅ​ក្នុង​សហរដ្ឋអាមេរិក លោក Biden បានមានប្រសាសន៍​ថា៖ « ​ការ​ស្អប់​គ្រាន់​តែ​លាក់​ខ្លួន​ប៉ុណ្ណោះ តែ​វាមិន​ទៅ​ណា​ទេ។​នៅ​ពេល​ណា​លោកអ្នក​មាននរណា​ម្នាក់​កាន់​អំណាច​ដែល​បញ្ចូល​អុកស៊ីសែន​ទៅ​ក្នុងសម្អប់​នៅ​ក្រោម​ផ្ទាំង​ថ្ម សម្អប់​ចេញ​ពីក្រោមផ្ទាំង​ថ្ម​ទាំង​នេះ។»

ពួក​ជំនួយការ​លោក​ Biden បាន​កត់​សម្កាល់​ថា​ ទោះ​ជាលោក​មិន​បាន​ចេញ​បង្ហាញ​មុខ​តាម​ទូរទស្សន៍​កាល​ពី​ដំណាច់​សប្តាហ៍​ក៏​ដោយ​ ក៏​លោក​បានមានប្រសាសន៍ អំពីការ​ស្លាប់​របស់​លោក Floyd មុន​លោក​ Trump ហើយ​បានសម្តែងចិត្ត​អាណិត​អាសូរដល់​ក្រុម​បាតុករ​ថែម​ទៀត​ផង។

លោក Trump បានភ្ជាប់លោក​ Biden ដែល​បានបម្រើ​ការ​៨​ឆ្នាំ​ជា​អនុ​ប្រធានាធិបតីរបស់​លោក​អតីត​ប្រធានាធិបតី Barack Obama ទៅ​នឹង​ពួក​ជនជ្រុល​និយម​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាពប៉ូលិស​កាល​ពី​មួយ​សប្តាហ៍​មុន​នេះ​ដែល​បាន​បណ្តាល​ឱ្យ​លោក Floyd បាត់បង់​ជីវិត។​

លោក Floyd បាន​ត្រូវ​ដាក់​ឱ្យ​ដេក​ផ្កាប់មុខ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង Minneapolis ដោយ​ប៉ូលិស​ឈ្មោះ Derek Chauvin ដែល​បាន​ដាក់​ជង្គង់​សង្កត់ក​លោក​ជាង​ ៨ ​នាទី ទោះ​ណា​ជា​លោកបាន​និយាយ​ប្រាប់​ច្រើន​ដង​ថា​លោក​មិន​អាច​ដក​ដង្ហើម​បាន​ក៏​ដោយ។​ Chauvin បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្មកម្រិត​ទី​បី​និង​ការ​សម្លាប់​មនុស្ស​កម្រិត​ទីពីរ​នៅ​ក្នុង​ករណី​នេះ។

លោក Trump ​បាន​ tweet អំពី​ក្រុម​បាតុករ​ថា៖ « ពួកអភិបាលក្រុង​និង​ពួក​អភិបាល​រដ្ឋ​ខាង​គណបក្ស​ប្រជាធិបតេយ្យត្រូវ​តែ​តឹង​រ៉ឹង​ឡើង។​ពួក​មនុស្ស​ទាំង​នេះ​ជា​ពួក​អនាធិបតេយ្យ​និយម។​កោះ​ហៅ​ពួក​ឆ្មាំ​ជាតិ​របស់​យើង​នៅ​ពេល​ឥឡូវ​នេះ​ទៅ។​ពិភពលោកកំពុង​ក្រឡេក​មើល​និង​សើច​ចំអកឱ្យ​លោក​អ្នក​និង​ Joe ដែល​ងងុយ​ដេក។​តើនេះ​ជា​អ្វី​ដែល​ប្រទេស​អាមេរិក​ចង់​បាន​ឬទេ? ទេ!»

នៅ​ក្នុង tweet មួយ​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យទី៣១​ឧសភា​ លោក​ Trump បាន​និយាយថា « ត្រូវ​ធ្វើ​ឱ្យ​មានច្បាប់​និង​របៀប​រៀបរយ​នៅ​ក្នុង​ក្រុង Philadelphia នៅ​ពេលនេះ! ពួក​បាតុករ​កំពុងលួច​ទំនិញ​ក្នុង​ហាង​លក់​ឥវ៉ាន់​។​ត្រូវ​តែ​កោះហៅកង​ឆ្មាំ​ជាតិដ៏​អស្ចារ្យរបស់​យើង​ដូចដែល​ពួក​គេ​បាន​ធ្វើ​កាលពីយប់មិញ​នៅ​ក្នុង​ក្រុង Minneapolis។​ តើ​នេះ​ជាអ្វី​ដែល​ពួក​អ្នក​បោះឆ្នោត​ចង់​ឱ្យ​មាន​ជា​មួយ Joe ដែល​ងុយ​ដេក​ឬទេ? ពួក​ប្រជាធិបតេយ្យ​ទាំង​នេះ!»

លោក​ Trump ក៏​បានបន្ទោសទីដៅ​នៃ​ការ​វាយប្រហារ​មួយ​ទៀត​របស់​លោកគឺ​បណ្តាញ​ព័ត៌មាន​ជាតិថា​បាន​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ឱ្យ​មាន​ចលាចល​ស៊ីវិល​នៅ​ក្នុងស.រ.អ.។​

លោក​បាន​និយាយ​ថា៖ «​ បណ្តាញព័ត៌មាន​និយាយ​មិន​ពិត​កំពុង​ធ្វើអ្វីៗ​ទាំង​អស់​ដើម្បីបញ្ឆេះ​សម្អប់​និង​អនាធិបតេយ្យ។​ ដរាប​ណា​មនុស្ស​គ្រប់គ្នាយល់​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​គឺ​ថា​ជា​ព័ត៌មានក្លែង​ក្លាយ​ ហើយ​ពួក​គេ​ជា​ពួក​មនុស្ស​អាក្រក់មាន​របៀប​វារៈ​មិន​ត្រឹម​ត្រូវ​ ហើយ​យើង​អាច​ធ្វើការ​បាន​ដោយ​ងាយ​តាមរយៈ​ពួក​គេ​ទៅ​កាន់​ភាព​អស្ចារ្យ!»

លោក Trump បាន​ចោទ​ប្រកាន់​ថាមាន៖ «ការ​ផ្សាយ​ព័ត៌មាន​មិនពិត​‍»ច្រើន​ថែម​ទៀតពី​បណ្ដាញ​ព័ត៌មាន CNN បណ្ដាញ​ព័ត៌មាន MSDNC កាសែត New York Times និង​សារព័ត៌មាន Washington Post គឺ​ច្រើន​ជាង​មកពី​ប្រទេស​ក្រៅ រួម​បញ្ចូល​គ្នា​ទៅ​ទៀត។ ព័ត៌មាន​ក្លែង​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ!»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG